ឡាវ​ក្លាយជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​2016

ការ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន AEC នា​ថ្ងៃ​ទី​៣១ ធ្នូ នឹង​ផ្តល់​កាលា​អនុវត្ត​ភាព​មួយ​ចំនួន ក៏​ប៉ុន្តែ​ក៏​មានការ​ប្រឈម​មិន​តិច​ដែរ ចំពោះ​សេដ្ឋកិច្ច​តំបន់ ក្នុង​នោះ​មាន​ឡាវ ដែល​ជា​ប្រទេស​ឡើង​ធ្វើ​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០១៦​ដែរ ។

ទោះបីជា​ប្រទេស​មាន​សេដ្ឋកិច្ច​តូច តែឡាវ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នៃ​តំបន់ ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដោយ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​កំណើនសេដ្ឋកិច្ច​ឡាវ​មាន​ជា​មធ្យម​៨% ។

យោង​តាម​នាយក​រដ្ឋមន្ត្រី​ឡាវ លោក​ថុ​ង ស៊ិ​ញ ថា​ម៉ា​វង្ស ថា AEC តំណាង​ឱ្យ​ផលប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​នេះ​ដោយសារ​បណ្តា​ទីផ្សារ​នឹង​កាន់តែ​បើកចំហ ព្រមទាំង​ទាក់ទាញ ។ ការ​លុប​ចោល​ពន្ធគយ​ដោយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​នឹង​បង្កើន​ការ​នាំ​ចេញ​របស់​ឡាវ ហើយនឹង​កាត់​បន្ថយ​ការ​ចំណាយ​នៃ​ការ​នាំ​ចូល​មក​ពី​អាស៊ាន ។

យោង​តាម​យោបល់​របស់​ពួក​អ្នក​ជំនាញការ​ឡាវ​នឹង​អាច​ពង្រីក​ការ​យល់​ដឹង​របស់​ខ្លួន​ខាង​ការ​គ្រប់គ្រង និង​បទ​ពិសោធន៍​ក្នុង​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ។ បទ​ពិសោធន៍​ទាំងនេះ​នឹង​មាន​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍន៍​ជាតិ ហើយ​តស៊ូ​ប្រឆាំង​ភាព​ក្រីក្រ ដើម្បី​រត់​ឱ្យទាន់​កម្រិត​នៃ​ការ​អភិវឌ្ឍន៍​របស់​សមាជិក​អាស៊ាន​ឯទៀត​ៗ ។

ម្យ៉ាងវិញទៀត ធនធានធម្មជាតិ​ដ៏​សម្បូរ​នឹង​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ឡាវ ដែល​នឹង​អាច​បង្កើន​ការ​នាំ​ចេញ​អគ្គិសនី ។ ប្រទេស​នេះ​ក៏៏​នឹង​អាច​ទាក់ទាញ​ថែម​ទៀត​នូវ​វិនិយោគ​បរទេស ដោយសារ​តំបន់​ធំ​ទូលាយ​មិន​ទាន់​ធ្វើ​អាជីវកម្ម ។ មួយវិញទៀត ជាមួយ​សក្តានុពល​ទេសចរណ៍ ឡាវ​នឹង​អាច​ទាក់ទាញ​ថែម​ទៀត​នូវ​អ្នកទេសចរ​បរទេស។

ទោះបី​យ៉ាងណា ឡាវ​ក៏​នឹង​ត្រូវ​ប្រឈម​មុខ​ដែរ ចំពោះ​ការ​លំបាក​នានា ។ សេដ្ឋកិច្ច​ឡាវ​នៅ​ពុំ​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ ដើម្បី​ប្រជែង​ជាមួយ​សមាជិក​អាស៊ាន​ដទៃ​ៗ​ទៀត ហើយ​អាច​ជួប​ការ​បង្កើន​ការ​នាំ​ចូល​របស់​អាស៊ាន​ទៀត​ផង ។ បណ្តា​សហគ្រាស​ក្នុងស្រុក​នឹង​ត្រូវ​ប្រឈម​មុខជា​មួយ​ការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ខណៈ​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​នឹង​ជួប​ការ​ប្រឈម​ប្រហាក់ប្រហែល​គ្នា ។ ម្យ៉ាងវិញទៀត ការ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាកម្ម ព្រមទាំង​ការ​ខ្វះ​បណ្តាញ​ធនាគារ​នឹង​ជា​បញ្ហា​ចោទ​មួយទៀត​នា​សម័យកាល​សមាហរណកម្ម​តំបន់ ។

ដើម្បី​បំពេញ​ការ​ខ្វះខាត ហើយ​ធ្វើ​សមាហរណកម្ម​ពេញលេញ​ក្នុង AEC ឡាវ​ត្រូវ​ធ្វើការ​ខិតខំ​ប្រឹងប្រែង​លើ​គ្រប់​វិស័យ ។ ដើម្បី​លុប​ចោល​ជា​បន្តបន្ទាប់​នូវ​ឧបសគ្គ​ទាំង​ឡាយ​ខាង​ពាណិជ្ជកម្ម រដ្ឋាភិបាល​ឡាវ​នឹង​លុប​ចោល​នា​ថ្ងៃ​ទី​១ មក​រា នូវ​ពន្ធ​នាំ​ចូល​រថយន្ត ។ នា​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​ឡាវ​ក៏​សម្រេច​ផង​ដែរ អនុវត្ត​គម្រោង​ទំនើប​កម្ម​មួយ ហើយ​ពង្រីក​ព្រ​លាន​យន្តហោះ​អន្តរជាតិ WATTAY ក្រុង​វៀង​ច័ន្ទ ចាប់ពី​ដើមឆ្នាំ​២០១៦​ទៅ ដើម្បី​អាច​មាន​សមត្ថភាព​ទទួល​អ្នកដំណើរ​រវាង​ពី​២​ទៅ​៣​លាន​នាក់ ក្នុង​មួយ​ឆ្នាំ ។ ឡាវ​ក៏​គ្រោង​ផង​ដែរ​កសាង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នៅ​ចម្ងាយ​៣៥​គីឡូម៉ែត្រ ខាងត្បូង​ក្រុង​វៀង​ច័ន្ទ ៕