ឆ្នាំ​២០១៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួ​ល​បាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ ជាង ២ ម៉ឺន​

ភ្នំពេញ: ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៥​នេះ អង្គភាព​ប្រឆាំង​អំពើ​ពូក​រលួយ បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ ជាង ២​ម៉ឺន ហើយ​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ពី​អ្នក​ដែល​ទើបតែ​តែងតាំង​ថ្មី មាន ២៨៥ រូប​។ អ្នក​ដែល​បាន​ចប់​អាណត្តិ អ្នក​ដែល​បាន​លាឈប់ អ្នក​ដែល​បាន​ចូលនិវត្តន៍ មាន​ចំនួន ២០០ រូប​។​

​ការ​ថ្លែង​បញ្ជាក់​របស់​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ យ៉ាង​ដូច្នេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។​

លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​បញ្ជាក់ថា ចំពោះ​ពាក្យ​ប្តឹង ដែល​បាន​ប្តឹង​ចូលមក​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅក្នុង​ឆ្នាំ​២០១៥ បាន​ចំនួន ៧៧២ ពាក្យបណ្តឹង ក្នុងនោះ បណ្តឹង​អនាមិក មាន​ចំនួន ៣៦០ មានន័យថា ចំនួន​លិខិត ដែល​ប្តឹង​មិន​ចេញមុខ​មានតែ ៤៦% តែ​ចំនួន​នេះ កាន់តែ​ចុះ​ច្រើនជាង​មុន​។

​ករណីនេះ លោក ឱម យ៉ិនទៀង លើកឡើងថា ក៏មាន​ន័យ​អ្នក​ថា អ្នក​ដែល​ប្តឹង​ចេញមុខ​កាន់តែ​មាន​ច្រើនជាង​មិន​ដែរ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បើកប្រជុំ​ស្តាប់​ចម្លើយ ១៧៥​លើក និង​បាន​ចូលរួម​សវនាការ​តុលាការ ៣២​លើក លើ​២២​ករណី​។ ក្នុងនោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ស្រាវជ្រាវ​លំអិត​បាន​ជាង ១០០ ក្រុមហ៊ុន ដែល​ទទួល បាន​ដី​សម្បទាន​សេដ្ឋកិច្ច នៅ ១៥ ខេត្ត​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ចូល​សង្កេតការណ៍ ការដេញថ្លៃ ចំនួន ៤៨៥ លើក​៕​

ឆ្នាំ​២០១៥ អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួ​ល​បាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ ជាង ២ ម៉ឺន​