ក្រុម​ញៀនថ្នាំ​បានធ្វើ​សកម្មភាព​គាស់​ហាង​គុយទាវ-កាហ្វេ​

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ បាន​ចូល​គាស់​ផ្ទះ​លក់​គុយទាវ និង​កាហ្វេ​មួយ​កន្លែង លួច​លុយ​អស់​ចំនួន​៦​លាន​៥​សែន​រៀល លុះ​ម្ចាស់​ភ្ញាក់​ដឹងខ្លួន​ទាន់ ក៏​ចាប់​ប្រ​បួ​ច​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​អធិការ​ស្រុក​សាលា​ក្រៅ ។

ប៉ុន្តែ​ខណៈ​អ្នក​សារព័ត៌មាន​ជា​ច្រើន​ស្ថាប័ន​ចុះ​ទៅ​សួរនាំ​មិន​ព្រម​ប្រាប់​នោះ​ទេ ដោយ​មានការ​លាក់លៀម សង្ស័យ​ចង់​សម្រួល​ដោះ​លែង ទំនង​សម្រួល​ទៅ​មិន​រួច ក៏​បញ្ជូន​បន្ត​ទៅ​ស្នងការ​នគរបាល​ខេត្ត  ។  ចំណែក​ផ្ទះ​មួយ​កន្លែង​ទៀត ក៏​ត្រូវ​ក្រុម​ចោរ​ចូល​ក្នុងផ្ទះ​លួច​លុយ​អស់​ចំនួន​៣០​ម៉ឺន​រៀល និង​យក​ទូរស័ព្ទ​ដៃ​អស់​ចំនួន​៣​គ្រឿងក្នុង​យប់​តែ​មួយ​ដែរ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ ស្ថិត​នៅ​ក្នុងផ្ទះ​លក់​គុយទាវ និង​កាហ្វេ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ។ រីឯ​ផ្ទះ​មួយ​កន្លែង​ទៀត​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ក្នុងភូមិ​ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះ​ទី​១-​ដែល​ត្រូវ​ជនសង្ស័យ​ចូល​គាស់ ផ្ទះ​លួច​លុយ​អស់​ជា​ច្រើន មានឈ្មោះ​ទេស
ឡុ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ហួត ហួង អាយុ​២៨​ឆ្នាំ ដោយ​បាត់​អស់ប្រាក់​ចំនួន​៦​លាន ៥​សែន​រៀល ។ ចំណែក​ជនសង្ស័យ​ដែល​ម្ចាស់ផ្ទះ​ចាប់​បាន​មានឈ្មោះ​យួន ធី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រក​ឃើញ​វត្ថុ​តាង​កាំបិត​ខ្វែវ​១​ដើម ជា​ជន​សេព​គ្រឿងញៀន ។ ក្រោយ​ពី​សួរនាំ​រួច​ឈាន​ដល់​ចាប់​បាន​បក្សពួក​ចំនួន​២​នាក់​ទៀត ១-​ឈ្មោះ​បង់ សា​រ័​ត្ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ  រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ និង​២-​ឈ្មោះ​រឿ​ប អិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ទាំងអស់​គ្នា​ជា​ជន​ប្រើប្រាស់​គ្រឿងញៀន ។

បើ​តាម​សម្តី​បុរស​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ​ទេស ឡុ​ង ជា​អ្នក​លក់ដូរ​គុយទាវ និង​កាហ្វេ មាន​ស្លាក​យីហោ​តាឡុ​ង​បានឱ្យ​ដឹង​ថា នៅ​យប់​រំលង​អធ្រាត្រ​ថ្ងៃ​កើតហេតុ ខណៈ​រូប​គាត់​និង​ក្រុម​គ្រួសា​កំពុង​ដេក​លង់លក់ ស្រាប់តែ​មាន​ចោរ​ម្នាក់​បាន​យក​កាំបិត​ខ្វែវ​១​ដើម ចូល​ទៅ​គាស់​ទ្វារផ្ទះ​ផ្នែក​ខាងក្រោយ រួច​ឡើង​ចូល​ទៅ​លួច​លុយ​ក្នុង ទូ​អស់ ខណៈ​កំពុង​តែ​រុក​រាវរក​ទូរស័ព្ទ​ដៃ ដែល​ទុក​នៅ​ក្នុងផ្ទះ​នោះ​ដែរ ស្រាប់​គាត់​ភ្ញាក់​ដឹងខ្លួន​ទាន់ ពេល​ក៏​ចាប់​ក្របួច​ប្រគល់​ឱ្យ​សមត្ថកិច្ច​អធិការ​ស្រុក​សាលា​ក្រៅ​តែ​ម្តង ។

លុះ​ព្រឹក​ឡើង ខណៈ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​សួរនាំ ខាង​សមត្ថកិច្ច​ហាក់ដូចជា​មានការ​លាក់លៀម​មិន​ប្រាប់​ឈ្មោះ​ចោរ​ចិត្ត​ក្លាហាន​នោះ​ឡើយ តែ​ដោយសារ​មាន​អ្នក​សារព័ត៌មាន​ពពាក់ពពូន​ឈរ​ចាំ​យក​ព័ត៌មាន ទើប​នៅ​ល្ងាច​ថ្ងៃ​ដដែល​គេ​បញ្ជូន​ទៅ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​ញ៉ឹ​ក ថុ​ល អធិការ​ស្រុក​សាលា​ក្រៅ​មិន​បាន​រៀបរាប​រាប់​អ្វី​ច្រើន​ដល់​អ្នក​សារព័ត៌មាន​ទេ គ្រាន់តែ​ប្រាប់​ថា សូម​ទៅ​យក​ព័ត៌មាន​នៅ​ស្នងការ​នគរបាល​ខេត្ត ព្រោះ​ខាង​លោក​បញ្ជូន​ទៅ​ទីនោះ​ហើយ ។ ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ​ជួន ចាន់​ធី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ត្រូវ​ក្រុម​ចោរ​ចូល​លួច​លុយ​ក្នុងផ្ទះ​អស់​៣០​ម៉ឺន​រៀល ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​ចំនួន​២​គ្រឿង និង​ណូ​គៀ​១​គ្រឿង រួច​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព ខណៈ​នាង​ដេក​លង់លក់​នៅ​ក្នុងផ្ទះ ។