ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល

ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ៗ នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លងឆ្នាំ​សកល ដូច​បណ្តា​ប្រជាជន​នានា​ ទៅ​ទូទាំង​ពិភព​លោក​ដែរ។ នៅ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០១៥ ចូល​២០១៦​នេះ ប្រជាជន​កម្ពុជា​ជា​ច្រើន​បាន​នាំ​គ្នា​ឈប់​សំរាក​ការងារ ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់​ៗ​ដូចជា​តំបន់​ប្រាសាទ​អង្គវត្ត មាត់​សមុទ្រ​ និង​តំបន់​ប៉ែក​ឦសាន​ជា​ដើម។ ដោយ​ឡែក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញ ក៏​នឹង​មាន​ប្រជាជន​ច្រើន​ចូលរួម​ឆ្លងឆ្នាំ​ផង​ដែរ​ ដោយសារ​តែ​ភោនីយដ្ឋាន​នៅ​តាម​បណ្តោយ​ដង​ទន្លេ​នានា​សុទ្ធ​តែ​ទទួល​ការ​កក់​ទុក​ជា​មុន ពេញ​ៗ​អស់​តែ​ម្តង។