មន្ត្រី​សហព័ន្ធ​ប្រដាល់​ព្រួយបារម្ភ​ស្ថានីយទូរទស្សន៍​កាត់​បន្ថយ​កម្មវិធី​ប្រកួត

រាជធានី​ភ្នំពេញ ៖ គ្រាន់តែ​ឈាន​ចូល​មក​ដល់​ឆ្នាំ​២០១៦​នេះ​ភ្លាម ស្ថានភាព​កីឡាប្រដាល់​នៅ​តាម​ប៉ុស្តិ៍​ទូរទស្សន៍​នានា​គឺ​មានការ​ប្រែប្រួល​ខុស​ពី​ធម្មតា​ពោល​គឺ​មានការ​កាត់​បន្ថយ​កម្មវិធី​ប្រកួត​ស្ទើរ​គ្រប់​សង្វៀន​មិនដឹង​ថា​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ទេ ។ ការ​បិទ​កម្មវិធី​ប្រដាល់​ច្រើន​បែប​នេះ​បាន​ធ្វើ​ឱ្យ​ចៅក្រម អាជ្ញាកណ្ដាល និង​កីឡាករ​ជា​ច្រើន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ដោយសារ​តែ​ពួក​គេ​បាត់បង់​ប្រាក់​ចំណូល​ជាង​ពាក់កណ្ដាល​ដែល​បាន​ពី​កម្មវិធី​ប្រកួត​នោះ ។

ជាក់ស្ដែង​សង្វៀន​ស៊ី​ធី​អិន​ដែល​ធ្លាប់​បង្កើត​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ក្នុង​មួ​យស​ប្ដា​ហ៍​ចំនួន​៥​ពេល​នោះ​ឥឡូវនេះ​នៅ​សល់​តែ​២​ពេល​ប៉ុណ្ណោះ ។ កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៥ ស្ថានីយទូរទស្សន៍​មួយ​នេះ​បាន​បិទ​កម្មវិធី​ប្រកួត​ថ្ងៃ​សុក្រ លុះ​ឈាន​ចូល​មក​ដល់​ដើមឆ្នាំ​២០១៦​ស្រាប់តែ​បិទ​២​កម្មវិធី​ទៀត គឺ​កម្មវិធី​ប្រកួត​ថ្ងៃអាទិត្យ និង​កម្មវិធី​ប្រកួត​ថ្ងៃ​ពុធ​នៅ​ខេត្តសៀមរាប ។ សម្រាប់​កម្មវិធី​ប្រកួត​រៀងរាល់ថ្ងៃ​សៅរ៍​នៅ​ប៉ុស្តិ៍​ស៊ី​ធី​អិន និង​ប៉ុស្តិ៍​ស៊ី​អិន​ស៊ីពេល​យប់​នោះ មិន​ទាន់​ដឹង​ថា​រស់​ដល់​ពេល​ណា​ទេ ។

មិន​ថា​តែ​សង្វៀន​ស៊ី​ធី​អិន​ទេ​ដែល​កាត់​បន្ថយ​កម្មវិធី​ប្រកួត សូ​ម្បី​តែ​សង្វៀន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ដែល​បើក​កម្មវិធី​ប្រដាល់​មុនគេ​នោះ​ក៏​ឃើញ​បើក​-​បិទ​ៗ​ដូច​អំពិលអំពែក​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ​បាន​បិទ​ស្ងាត់ឈឹង​តែ​ម្ដង ។ ចំណែក​សង្វៀន​ទូរទស្សន៍​PNN​ដែល​ទើប​ដំណើរការ​ក្រោយ​គេ​យ៉ាង​គគ្រឹកគគ្រេង​ប្រហែលជា​ប៉ុន្មាន​ខែ​មុន​នេះ ឥឡូវ​បាន​បិទ​កម្មវិធី​ប្រកួត​ថ្ងៃ​សៅរ៍ ខណៈ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បិទ​អស់​១​កម្មវិធី​ដែរ​ក្នុង​ចំណោម​៥​កម្មវិធី​ប្រកួត ។

ជុំវិញ​ការ​កាត់​បន្ថយ​កម្មវិធី​ប្រកួត​ប្រដាល់របស់​ស្ថានីយទូរទស្សន៍​នេះ​អត់​មាន​អ្នក​ណា​ដឹង​ច្បាស់​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ឡើយ គ្រាន់តែ​មាន​អ្នក​បង្ហើប​ថា ប្រហែលជា​ផុត​កុងត្រា​ក្រុមហ៊ុន​ឧបត្ថម្ភ​កម្មវិធី​ប្រកួត​ហើយ​មើលទៅ ។

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​សហព័ន្ធ​កីឡាប្រដាល់​កម្ពុ​ជាមួយ​ចំនួន​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​បាន​សម្ដែង​ការ​អាណិតអាសូរ​ដល់​ក្លិប​ទើបនឹង​បើក​ថ្មី​ដែល​ត្រូវ​ប្រឈម​ការ​រំសាយ​កីឡាករ​ទៅ​វិញ ។ ការ​បង្កើត​ក្លិប​កីឡាប្រដាល់​នេះ​ឡើង​ដោយសារ​តែ​គេ​ឃើញ​ស្ថានីយទូរទស្សន៍​ជា​ច្រើន​បាន​ប្រជែង​គ្នា​បង្កើត​កម្មវិធី​ប្រដាល់​យ៉ាង​ព្រោងព្រាត រហូត​ទាក់ទាញ​កីឡាករ​ប្រដាល់​ជើង​ចាស់​មួយ​ចំនួន​ដែល​បាន​លាឈប់​ពី​អាជីព​មួយ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ហក់​ចូល​សង្វៀន​ប្រដាល់​វិញ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​បាន​ត្រឹមតែ​ខកចិត្ត​ប៉ុណ្ណោះ ។

លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ក៏​បាន​សម្ដែង​ការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ដែរ​ពាក់ព័ន្ធ​នឹង​ការកាត់​បន្ថយ​កម្មវិធី​ប្រដាល់​តាម​ប៉ុស្តិ៍​ទូរ
ទស្សន៍​នេះ​។ លោក​និង​មន្ត្រី​សហព័ន្ធ​ត្រូវ​គេមើលឃើញ​ថា ពិតជា​ខិតខំ​បំផុស​វិស័យ​កីឡាប្រដាល់​នេះ​ឱ្យ​មានការ​រីក​ចម្រើន​មែនហើយរហូត​ផ្សព្វផ្សាយ​ទៅ​ក្រៅប្រទេស​ធ្វើ​ឱ្យ​កីឡាករ​មាន​ទឹកចិត្ត​ហ្វឹកហាត់​ប្រដាល់​រហូត​អ្នកខ្លះ​ក្លាយជា​កីឡាករ​អាជីព​ទៀត​ផង ។ សម្រាប់​ថ្ងៃ​ខាង​មុខ​មិនដឹង​ថា មាន​សង្វៀន​ប៉ុន្មាន​ទៀត​នោះ​ទេ​ដែល​ត្រូវ​បិទ​ជា​បន្តបន្ទាប់​ទៀត​នោះ ៕