នគរ​បាល​ស្រុក​ចិត្រ​បុរី​ចុះ​ល្បាត​ឃាត់ខ្លួន​ចោរលួច​ក្របី​បានពីរ​នាក់​

ខេត្តក្រចេះ​ ៖ សត្វ​ក្របី​ញី​ឈ្មោល​តូច​ធំ​ចំន​នួន​៧​ក្បាល ដែល​ត្រូវ​ក្រុម​ចោរលួច​ជាលក្ខ​ណៈ​ទ្រង់ទ្រាយ​ធំ ហើយ​ដឹក​ជញ្ជូន​ជម្លៀស​តាម​រថយន្ត​លើ​ផ្លូវជាតិ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ចុះ​ល្បាត​ និង​ស្ទាក់​ចាប់​ឃាត់​កាល​ពី​យប់​ថ្ងៃ​ទី​៣០ ​ធ្នូ​។

នគរបាល​ស្រុក​ច​ត្រ​បុរី​បាន​ឲ្យ​ដឹង​ថា សត្វ​ក្របី​ទាំងនេះ គឺ​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាពលួច​ដឹក​ចេញពី​ស្រុក​សំបូរ និង​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​កូរ៉េ​ធុនធំ​ដើម្បី​ជម្លៀស​ចេញ​។

កន្លង​មក​សត្វ​គោ ក្របី ដែល​ជា​កម្លាំង​អូស​ទាញ​ដ៏សំខាន់​របស់​ពលរដ្ឋ​សម្រាប់​បង្កបង្កើន​ផល​កសិកម្ម​បាន​រង​នូវ​ការ​បាត់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ពួក​គាត់​សម្តែង​ក្តី​បារម្ភ​​ ខ​ណៈដែល​សត្វ​ទាំងនេះត្រូវ​ពួក​គាត់​ចិញ្ចឹម​លែង​ចោល​ជាយ​ថា​ផល មិន​មានការ​ថែរក្សា​ត្រឹមត្រូវ ជា​ឱកាស​សម្រាប់​ក្រុម​ចោរ​ងាយ​ធ្វើ​សកម្មភាព​លួច​ដឹក​ជញ្ជូន​ឡើង​រថយន្ត​។

ក្នុង​សកម្មភាព​ការ​ចាប់​បង្ក្រាប​ក្រុម​ចោរលួច​ក្របី នគរបាល​ស្រុក​ចិត្រ​បុរី បាន​ចាប់ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​២​នាក់ រួម​ទាំង​រថយន្ត​សម្រាប់​ដឹក​មួយ​គ្រឿង តែ​អ្នកបើកបររថយន្ត​បាន​គេចខ្លួន ព្រមទាំង​សត្វ​ក្របី​ញី ឈ្មោល តូច​ធំ មាន​ចំនួន​៧​ក្បាល​។

ជនសង្ស័យ​ដៃដល់​ក្នុង​អំពើលួច​ទាំង​ពីរ​នាក់ ដែល​នគរបាល​កំណត់​ថា ​ជា​មុខសញ្ញា លួច​សត្វ​គោ ក្របី ក្នុង​សកម្មភាព​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​សកម្ម​នេះ​មានឈ្មោះ ណេ​ង ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ យី​ន ស៊ី​ណា អាយុ​២៤​ឆ្នាំ ជន​ទាំង​ពីរ​នាក់ មានមុខ​របរ​មិន​ពិតប្រាក​ដ រស់នៅ​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី​៕