កម្ពុជា​រំពឹង​នាំ​ចេញ​អង្ករ​ទៅ​បរទេស​ក្នុង​បរិមាណ​50​ម៉ឺន​តោន​នៅ​ដំណាច់ឆ្នាំ​2015

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​កើន​ឡើងជា​បន្តបន្ទាប់ ទោះបីជា​ការ​នាំ​ចេញ​នៅ​ឆ្នាំ​២០១៥ មិន​អាច​ឆ្លើយ​តប​តាម​អ្វី​ដែល​រាជរដ្ឋាភិបាល​ចង់បាន​ចំនួន​១​លាន​តោន​ក៏​ពិតមែន តែ​កម្ពុជា ក៏​ដូច​ជា​អ្នក​នាំ​ចេញ​អង្ករ​នៅ​ក្នុង​វិស័យ​ឯកជន​រំពឹង​ថា នៅ​ដំណាច់ឆ្នាំ​២០១៥​នេះ នឹង​អាច​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​បាន​ប្រមាណ​កន្លះ​លាន​តោន ។

បើ​គិត​ត្រឹម​១១​ខែ ក្នុង​ឆ្នាំ​២០១៥ កម្ពុជា​អាច​សម្រេចការ​នាំ​ចេញ​អង្ករ​បាន​ប្រមាណ​៤៥៦.៩១៧​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៤ មាន​ចំនួន​តែ​៣៣៥.៩២៥​តោន ពោល​គឺ​កើន​ឡើង​៣៦% ។ ដោយឡែក កាលពី​ឆ្នាំ​២០១៤ កម្ពុជា​នាំ​ចេញ​អង្ករ​សរុប​បាន​ចំនួន​៣៨៧.០៦១​តោន កើនឡើង​ជាង​២% បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ។ នេះ​បើ​យោង​តាម​របាយការណ៍​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « តាម​ការ​យល់​ឃើញ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​នា​បំណាច់​ឆ្នាំ​២០១៥​នេះ កម្ពុជា​អាច​នាំ​ចេញ​អង្ករ​ទៅ​ក្រៅប្រទេស​សរុប​ក្នុង​រង្វង់​៥០​ម៉ឺន​តោន (​កន្លះ​លាន​តោន​) ហើយ​បើ​ប្រៀបធៀប​នឹង​ការ​នាំ​ចេញ​កាលពី​ឆ្នាំ​២០១៤​កន្លង​មក គឺ​កើនឡើង​ប្រមាណ​៣៨% ទៅ​៤០% ។ ការ​នាំ​ចេញ​អង្ករ​ក្នុង​ឆ្នាំ​២០១៥​របស់​កម្ពុជា ទទួល​បាន​កំណើន​ពី​ទីផ្សារ​នៅ​អាស៊ី ជា​ពិសេស ប្រទេស​ចិន និង​ម៉ា​ឡេ​ស៊ី ។ ការ​នាំ​ចេញ​កើនឡើង តែ​ចំពោះ​ប្រាក់​ចំណេញ​យើង​ទទួល​បាន​មាន​តិចតួច ដោយសារ​ការ​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ជិតខាង​មាន​បញ្ហា​លំបាក​បន្តិច » ។

លោក​ឧកញ៉ា​មាន​ប្រសាសន៍​បន្ត​ថា ៖ « តាម​ការ​ព្យាករ ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​ក្រៅប្រទេស​នៅ​ក្នុង​ខែធ្នូ​នេះ កម្ពុជា​អាច​នឹង​ចេញ​បាន​ចន្លោះ​ពី​៤៥.០០០​តោន ដល់​៥០.០០០​តោន ។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៦ ការ​នាំ​ចេញ​នឹង​មាន​សន្ទុះ​កើនឡើង​បន្ថែម​ទៀត ផ្អែក​ទៅ​លើ​ទីផ្សារ​ថ្មី​នៅ​អាស៊ី និង​ការ​ដឹក​ជញ្ជូន​មាន​ភាព​ងាយស្រួល​។ នៅ​ឆ្នាំ​បន្ទាប់ ការ​ចំណាយ​ក្នុង​ការ​ផលិត​ក៏​នឹង​ធ្លាក់​មក​ទាប ដែល​ធ្វើ​ឲ្យ​កំណើន​នៃ​ការ​នាំ​ចេញ​នឹង​បន្ត​កើនឡើង » ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ៖ « បើ​យើង​មើល​ក្នុង​រយៈពេល​៤​ទៅ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​កម្ពុជា​នាំ​ចេញ​អង្ករ​បាន​កន្លះ​លាន​តោន បង្ហាញ​ថា​មានការ​ចំណាប់អារម្មណ៍​ច្រើន ព្រោះ​កន្លង​មក យើង​មិន​ធ្លាប់​បាន​នាំ​ចេញ​បាន​ច្រើន​ដូចនេះ​ទេ ហើយ​ប្រទេស​ដទៃ​ទៀត​ដែល​ទិញ​អង្ករ​ពី​កម្ពុជា ក៏​ពុំ​បានដឹង​ថា កម្ពុជា​មាន​អង្ករ​ប្រណីត​ៗ​ដែរ តែ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អង្ករ​កម្ពុជា​មាន​គេ​ដឹង​ច្រើន ។ នៅ​ថ្ងៃ​ខាង​មុខ យើង​ត្រូវ​ប្រឹង​ផលិត​ឲ្យ​បាន​គុណភាព​ខ្ពស់​ដើម្បី​ប្រកួតប្រជែង​ខាង​គុណភាព​ជាមួយ​ប្រទេស​ដែល​ផលិត​ស្រូវ​អង្ករ​ដូច​កម្ពុជា និង​រក​មធ្យោបាយ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃដើម​ឲ្យ​ធ្លាក់​មក​ទាប ដើម្បី​ចូលរួម​ប្រកួតប្រជែង​បរិមាណ​នាំ​ចេញ​បាន​ច្រើន​ទៅ​តាម​អ្វី​ដែល​រាជរដ្ឋាភិបាល​ព្យាករណ៍​ទុក » ។

ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ទៅ​បរទេស​នៅ​បំណាច់​ឆ្នាំ​២០១៥​នេះ បើ​តាម​ទស្សនៈ​អគ្គ​នាយ​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ ដែល​ជា​អ្នក​នាំ​ចេញ​អង្ករ​ឈានមុខ​មួយ​នៅ​កម្ពុជា លោក សុង សា​រ៉​ន មាន​ប្រសាសន៍​ថា ៖ « អ្វី​ដែល​យើង​មើលឃើញ គឺ​កម្ពុជា​អាច​នាំ​ចេញ​អង្ករ​សរុប​បាន​ប្រហែល​៥០​ម៉ឺន​តោន ឬ​លើស​បន្តិចបន្តួច​នៅ​បំណាច់​ឆ្នាំ​២០១៥ តែ​អ្វី​ដែល​យើង​ចាប់អារម្មណ៍​នោះ គឺ​ប្រភេទ​អង្ករ​ក្រអូប​មានការ​កើនឡើង​តាម​រយៈ​ការ​នាំ​ចូល​ទីផ្សារ​ប្រទេស​ចិន តែ​ទៅ​សហគមន៍​អឺរ៉ុប​ចំនួន​តិច តែ​អង្ករ​ចំហុយ​មាន​ចំនួន​ច្រើន នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន » ។

លោក សុង សា​រ៉​ន បន្ត​ថា ៖ « សព្វ​ថ្ងៃនេះ កម្ពុជា​មាន​ចំនួន​ម៉ាស៊ីន​ផលិត​ច្រើន តែបើ​និយាយ​ពី​រចនាសម្ព័ន្ធ​វិញ ដូច​ជា ផែ និង​ការ​ដឹក​ជញ្ជូន​នៅ​មាន​កម្រិត ។ យើង​មិន​ទាន់​មាន​លទ្ធភាព​ដោះស្រាយ​បាន​ទាន់​ពេលវេលា​លើ​ការ​ដឹក​ជញ្ជូន​ទេ ។ ឧទាហរណ៍ បើ​យើង​មាន​តែ​ផ្លូវគោក​មួយ​នោះ ការ​ដឹក​ជញ្ជូន​តាម​កុងតឺន័រ គឺ​មានការ​លំបាក​ក្នុង​ការ​រៀបចំ ជា​ទូទៅ យើង​ចង់​ឲ្យ​មានការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក និង​រថភ្លើង ដើម្បី​ជួយ​ជំរុញ​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​លើស​ពី​១​លាន​តោន ស្រប​ពេល​រោង​ម៉ាស៊ីន​មាន​សមត្ថភាព​កិនស្រូវ​បាន​ច្រើន តែ​ឃ្លាំង​ស្តុក​អង្ករ និង​ម៉ាស៊ីន​ស​ម្ងួ​តរបស់​យើង​នៅ​មាន​កម្រិត » ។

ដោយឡែក បញ្ហា​ដែល​អេ​ម​រុ រាយ​ស៍បាន​ជួប​ប្រទះ​ក្នុង​ឆ្នាំ​២០១៥​នេះ បើ​តាម​លោក​អគ្គនាយក​មាន​ប្រសាសន៍​ថា ៖ « ១-​បញ្ហា​ខាងក្រៅ គឺ​តម្លៃ​ស្រូវ​អង្ករ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​ពី​បណ្តា​ប្រទេស​នាំ​ចេញ​ជិតខាង និង​តម្លៃ​ទំនិញប្រើប្រាស់​នៅ​លើ​ពិភពលោក​ធ្លាក់​ចុះ ។ ២-​បញ្ហា​ខាងក្នុង​សម្រាប់​ក្រុមហ៊ុន​យើង​ពុំ​មាន​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ស្រូវ​ទុក ។ យើង​អត់​មាន​លទ្ធភាព​ទាញ​យក​ថវិកា​ពី​ធនាគារ​ធំ​ៗ​ណា​បាន​អាច​ឲ្យ​យើង​ទិញ​ស្រូវ​ទុក​បាន​២​ឬ​៣​ម៉ឺន​តោន និង​សមត្ថភាព​ឡ​ស​ម្ងួ​តរបស់​យើង​នៅ​មាន​កម្រិត​នៅឡើយ » ។

លោក​បញ្ជាក់​ថា ៖ « ទោះបី​នៅ​ឆ្នាំ​២០១៥ ក្រុមហ៊ុន​បាន​ជួបនឹង​បញ្ហា​ផ្សេង​ៗ​ក៏​ដោយ តែ​យើង​បាន​ប្រឹងប្រែង​ខ្លាំង និង​ធ្វើ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​ដែរ គឺ​អាច​ឆ្លើយ​តប​នឹង​គោលដៅ​កំណត់​ថា នៅ​បំណាច់​ឆ្នាំ​២០១៥​នេះ នឹង​អាច​សម្រេចការ​នាំ​ចេញ​ប្រហែល​៦​ម៉ឺន​តោន ហើយ​នៅ​ឆ្នាំ​បន្ទាប់​យើង​នឹង​ជំរុញ​ការ​នាំ​ចេញ​របស់​ខ្លួន​ឲ្យ​បាន​២០%​ទៀត តាម​រយៈ​ការ​រក្សា​ទីផ្សារ​ចាស់ និង​ពង្រីក​ទីផ្សារ​ថ្មី​បន្ថែម » ៕