ជប៉ុន៖ ត្រូវដក រូបចម្លាក់ក្មេងស្រី ចេញពីទីក្រុង សេអ៊ូលសិន ទើបយើងអាច ផ្តល់សំណងជំងឺចិត្ត

តូក្យូ៖ មូលនិធិជប៉ុន ដែលគ្រោងផ្តល់ដល់ស្ត្រីរងគ្រោះ របស់កូរ៉េខាងត្បូង កាលពីសម័យសង្គ្រាមនោះ នឹងធ្វើឡើងតាមកិច្ចព្រមព្រៀង ប៉ុន្តែជប៉ុនស្នើឲ្យកូរ៉េខាងត្បូង ដកចេញនូវ រូបចម្លាក់ ក្មេងស្រី នៅកណ្តាលទីក្រុងសេអ៊ូល ដែលដាក់ប្រឆាំងនឹងជប៉ុន នោះជាមុនសិន។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ។

លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលើកនូវលក្ខខណ្ឌនេះឡើង ក៏ព្រោះតែ បន្ទាប់ពីកិច្ច ព្រមព្រៀងរវាងជប៉ុន និង កូរ៉េខាងត្បូង ធ្វើឡើង ប្រជាជនជប៉ុនមួយចំនួន បានសម្តែងក្តី មិន ពេញចិត្ត ចំពោះរដ្ឋាភិបាល ដែលបានយកថវិកាជាតិខ្លួនឯង ទៅចំណាយ។ ដូច្នេះ ដើម្បីជា ការបំបាត់កំហឹងពីសាធារណជននោះ ទើបរដ្ឋាភិបាលជប៉ុន សម្រេចដាក់ការទាមទារ ទៅកាន់ កូរ៉េខាងត្បូងវិញ ឲ្យមានការដករូបចម្លាក់ តំណាងស្ត្រីរងគ្រោះ នៅទីក្រុងសេអ៊ូល ចេញ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងផ្តល់សំណងដល់ជនរងគ្រោះ ជាស្ត្រីកូរ៉េ ដែលធ្លាប់បម្រើផ្លូវភេទ ឲ្យទាហានជប៉ុន នៅសម័យសង្គ្រាមលោក លើកទីពីរ ចំនួន ១ពាន់លានយ៉េន ស្មើនឹងជាង ៨ លានដុល្លារអាមេរិក បានសម្រេចនៅកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្នុងកិច្ចប្រជុំរវាងលោក រដ្ឋមន្ត្រីការបរទេសជប៉ុន និង កូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល។ នៅក្នុងនោះដែរ ជប៉ុនបាន ប្រាប់កូរ៉េខាងត្បូង មិនឲ្យប្រើប្រាស់ពាក្យថា “ស្ត្រីបម្រើផ្លូវភេទ” ទាហានជប៉ុនទៀតឡើយ៕

ជប៉ុន៖ ត្រូវដក រូបចម្លាក់ក្មេងស្រី ចេញពីទីក្រុង សេអ៊ូលសិន ទើបយើងអាច ផ្តល់សំណងជំងឺចិត្ត