ភ្ញៀវ​ទេសចរ​ស្នើ​លោក ហ៊ុន សែន ជួយ​ដក​ហូត​ឆ្នេរ​សមុទ្រ​ពី​ក្រុមហ៊ុន​ឲ្យ​ពលរដ្ឋ​ដើរ​ឆ្លង​កាត់

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សំណូមពរ​ឲ្យ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ដែល​ឈ្មួញ និង​ក្រុមហ៊ុន​ធ្វើ​របង​បិទ​កន្លង​មក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់ និង​មាន​ទីធ្លា​លំហែ​កាយ​ទូលំទូលាយ។ សារ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ប្រមុខ​ដឹក​នាំ បាន​នាំ​ក្រុម​គ្រួសារ​មក​លំហែ​កាយ និង​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​ឆ្នេរ​អូរឈើទាល​នា​ខេត្ត​ព្រះសីហនុ ក្នុង​ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦។

ពិធី​ឆ្លង​ឆ្នាំ​សកល ២០១៥-២០១៦ ឆ្នាំ​នេះ គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​បង្ហាញ​វត្តមាន​ច្រើន​កុះករ​នៅ​តាម​ឆ្នេរ​សមុទ្រ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ។ ជាង​នេះ​ទៀត ក៏​មាន​វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ក៏​បាន​នាំ​កូន​ចៅ​មក​លំហែ​កាយ​នៅ​តាម​ឆ្នេរ​សមុទ្រ​ដែរ។

ស្រប​ពេលនេះ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក៏​បាន​សំណូមពរ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​ស្នាក់នៅ​ផ្ទះ​លំហែ​កាយ​របស់​លោក​នៅ​ឆ្នេរ​អូរឈើទាល ជួយ​អន្តរាគមន៍​បើក​របង​ហ៊ុមព័ទ្ធ​ឆ្នេរ​សមុទ្រ ផ្ដើម​ដោយ​មន្ត្រី​មាន​អំណាច ឬ​ក្រុមហ៊ុន​ជាដើម ឲ្យ​បាន​ទូលំទូលាយ​ផ្ដល់​ជូន​ពលរដ្ឋ​ចូល​កម្សាន្ត​ឡើង​វិញ។

ភ្ញៀវ​ទេសចរ​ជាតិ​ដែល​បាន​ទៅ​ជួល​កន្លែង​អង្គុយ​លំហែ​កាយ​នា​ឆ្នេរ​អូរឈើទាល បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ដែល​មាន​សន្តិសុខ មាន​ភ្លើង​បំភ្លឺ និង​មាន​អនាម័យ គឺ​មាន​តែ​ឆ្នេរ​អូរឈើទាល មាន​ទីតាំង​នៅ​ទល់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី​នេះ​ទេ ប៉ុន្តែ​ឆ្នេរ​ក្រៅ​ពី​នេះ មិន​សូវ​មាន​ភ្ញៀវ​ទៅ​កម្សាន្ត​ឡើយ ព្រោះ​គ្មាន​ភ្លើង​បំភ្លឺ ឆ្នេរ​គ្មាន​អនាម័យ ពិសេស​ឆ្នេរ​ភាគ​ច្រើន​ត្រូវ​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ មិន​ឲ្យ​មនុស្ស​ដើរ​ឆ្លង​កាត់​បាន​ទេ។ ពួក​គេ​បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បើក​ឆ្នេរ​សមុទ្រ​ដែល​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល ឬ​ធ្វើ​អាជីវកម្ម ដាក់​ជូន​ប្រជាពលរដ្ឋ​បាន​ដើរ​ឆ្លង​កាត់ ឬ​ចូល​ទៅ​កម្សាន្ត​ឲ្យ​បាន​ទូលំទូលាយ ជាពិសេស​ត្រូវ​អភិវឌ្ឍ​ឆ្នេរ​ទាំង​នោះ​ឲ្យ​មាន​អនាម័យ មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​មាន​សុវត្ថិភាព​ល្អ។ បន្ថែម​លើ​នេះ ភ្ញៀវ​ទេសចរ និង​មន្ត្រី​សង្គម​ស៊ីវិល ក៏​បាន​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ចុះ​ពិនិត្យ ឬ​ធ្វើ​ដំណើរ​តាម​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ នឹង​ឃើញ​ឆ្នេរ​ភាគ​ច្រើន​ត្រូវ​ឈ្មួញ ឬ​ក្រុមហ៊ុន​បិទ​របង​ថ្ម​មិន​ឲ្យ​ភ្ញៀវ​ទេសចរ​ដើរ​ឆ្លង​កាត់ ឬ​ចូល​ទៅ​កម្សាន្ត​ទេ។ ឆ្នេរ​ទាំង​នោះ​មាន​ដូចជា ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា ឆ្នេរ​លំហែ​កាយ ឆ្នេរ​ហាវ៉ៃ ឆ្នេរ​ជ័យជម្នះ ឆ្នេរ​ម្លប់​ជ្រៃ និង​ឆ្នេរ​អតីត​ក្រុមហ៊ុន​អារីស្តុន មាន​ទីតាំង​នៅ​ជិត​ផ្ទះ​លំហែ​កាយ​ប្រមុខ​ដឹក​នាំ ជាដើម។

ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​ចង់​ឃើញ​រដ្ឋាភិបាល​លូក​ដៃ​ក្នុង​រឿង​នេះ​ដែរ។

ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ៦២០
មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) លោក ប៊ួន ណារិទ្ធិ ចង្អុល​បង្ហាញ​ឆ្នេរ​សមុទ្រ​ដែល​ត្រូវ​បាន​ហ៊ុមព័ទ្ធ​របង នា​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​អង្គារ ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Den Ayuthyea

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ បាន​ទទួល​ស្គាល់​ថា ឆ្នេរ​សមុទ្រ​ដែល​មាន​សន្តិសុខ មាន​ភ្លើង​បំភ្លឺ និង​មាន​សោភណភាព គឺ​មាន​តែ​នៅ​ឆ្នេរ​អូរឈើទាល​ទល់​មុខ​ផ្ទះ​លំហែ​កាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​មួយ​ទេ ប៉ុន្តែ​ឆ្នេរ​ក្រៅ​ពី​នេះ ត្រូវ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន ឬ​ឈ្មួញ បាន​ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ​ដី​ចំណី​ឆ្នេរ ធ្វើ​កម្មសិទ្ធិ​ស្ទើរ​ទាំង​ស្រុង​អស់​ទៅ​ហើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ ពិចារណា​បើក​ឆ្នេរ ឬ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទូលំទូលាយ​ស្រប​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល កាល​ពី​ពេល​ថ្មីៗ​នេះ ព្រោះ​ថា កន្លង​មក​នេះ ឆ្នេរ​ភាគ​ច្រើន​ត្រូវ​បាន​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​ធន ព័ទ្ធ​របង​ថ្ម​ធ្វើ​កម្មសិទ្ធិ​ស្ទើរ​ទាំង​ស្រុង។

ទោះ​យ៉ាង​ណា លោក ប៊ួន ណារិទ្ធិ ទទួល​ស្គាល់​ថា ចាប់​តាំង​ពី​អភិបាល​ខេត្ត លោក យន្ត មីន បាន​មក​ដឹក​នាំ​ខេត្ត​នេះ ឃើញ​មាន​ការ​បើក​របង​ដែក​ហ៊ុមព័ទ្ធ​ឆ្នេរ​បាន​មួយ​ចំនួន មាន​ដូចជា ឆ្នេរ​ជ័យជម្នះ ជាដើម។ លោក​គាំទ្រ​សកម្មភាព​របស់​អភិបាល​ខេត្ត​រូប​នេះ ឲ្យ​បន្ត​អនុវត្ត​សកម្មភាព​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ថែម​ទៀត៖ «យើង​ខ្ញុំ​ជា​សង្គម​ស៊ីវិល​នៅ​ទីនេះ មាន​ការ​រីក​រាយ​ចំពោះ​វត្តមាន​របស់​សម្ដេច ហ៊ុន សែន ដែល​បាន​អញ្ជើញ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ទន្ទឹម​គ្នា​នេះ យើង​ក៏​បាន​ឃើញ​ម្ចាស់​ខុនដូ (CONDO) ឬ​សំណង់​អគារ​ច្រើន​ជាន់​ដែល​កំពុង​សាងសង់​នៅ​លើ​ឆ្នេរ​ឯករាជ្យ គឺ​លោក​បាន​ចាប់​ផ្ដើម​បើក​របង​ឲ្យ​មាន​ផ្លូវ​ដើរ​ចំនួន ៦​ម៉ែត្រ និង​ថយ​ពី​ឆ្នេរ​សមុទ្រ​បាន​ចំនួន ២៥​ម៉ែត្រ​រួច​ហើយ»

ខេត្ត​ព្រះសីហនុ ជា​ខេត្ត​ជាប់​សមុទ្រ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ និង​មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត ហើយ​ត្រូវ​រាជ​រដ្ឋាភិបាល​ប្រសិទ្ធិនាម​ថា ជា​តារា​រះ​នា​ទិស​និរតី នៃ​ប្រទេស​កម្ពុជា ប៉ុន្តែ​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ពេល​បច្ចុប្បន្ន ហាក់​មិន​ស៊ី​គ្នា​នឹង​ប្រសិទ្ធិនាម​នេះ​ទេ ព្រោះ​ឆ្នេរ​ភាគ​ច្រើន​ត្រូវ​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល គ្មាន​ភ្លើង​បំភ្លឺ និង​គ្មាន​អនាម័យ ជាដើម។

មន្ត្រី​អង្គការ​លីកាដូ លោក ប៊ួន ណារិទ្ធិ បាន​រិះគន់​ថា រាល់​ថ្ងៃ​នេះ ខេត្ត​ជាប់​មាត់​សមុទ្រ​ដែល​ជាប់​ជា​ឆ្នេរ​ស្រស់​ស្អាត​បំផុត​នៅ​លើ​សកលលោក ប៉ុន្តែ​មិន​គួរ​គ្មាន​ឆ្នេរ​ទូលំទូលាយ​សម្រាប់​ផ្តល់​ជូន​ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ ចូល​កម្សាន្ត ឬ​ឆ្នេរ​គ្មាន​អនាម័យ​ដូច​នេះ​ទេ៖ «តាម​យើង​ឮ​គោលការណ៍​ដែល​រាជ​រដ្ឋាភិបាល​បាន​ប្រកាស លោក​ថា​នឹង​ដក​ហូត​ដល់ ឬ​ឲ្យ​ថយ​ពី​ឆ្នេរ​សមុទ្រ​ចំនួន ៥០​ម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ»

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​ថ្លែង​រិះគន់​សកម្មភាព​ហ៊ុមព័ទ្ធ​របង​ថ្ម​រំលោភ​យក​ដី​ចំណី​ឆ្នេរ​សមុទ្រ និង​គ្មាន​ការ​អភិវឌ្ឍ ប៉ុន្តែ​បែរ​ជា​រដ្ឋាភិបាល​គ្មាន​វិធានការ​ទៅ​វិញ។ លោក សុខ សុខុម បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​សេចក្តី​សម្រេច​ដក​ហូត​យក​ឆ្នេរ​សមុទ្រ​ចំនួន​យ៉ាង​តិច ៥០​ម៉ែត្រ​ពី​ឈ្មួញ និង​ឯកជន ដែល​គ្មាន​ការ​អភិវឌ្ឍ​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង និង​អភិវឌ្ឍ​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ឆាប់៖ «បាត់បង់​អស់​ហើយ​ឆ្នេរ​នៅ​តាម​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ឆ្នេរ​នៅ​ខេត្ត​ផ្សេងៗ​ដែរ។ ក្នុង​នាម​សង្គម​ស៊ីវិល សូម​ជំរុញ​ឲ្យ​រដ្ឋាភិបាល ត្រូវ​អនុវត្ត​ដក​ហូត​ឆ្នេរ​ពី​ឯកជន និង​ក្រុមហ៊ុន​មក​គ្រប់គ្រង​វិញ​ឲ្យ​បាន​ឆាប់»

យន្ត មីន ៦២០
អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Den Ayuthyea

ទោះ​យ៉ាង​ណា មិន​ទាន់​មាន​អត្ថាធិប្បាយ​ភ្លាមៗ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​លើ​សំណូមពរ​របស់​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ ស្នើ​បើក​របង​ថ្ម​ហ៊ុមព័ទ្ធ​រំលោភ​យក​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ ពី​សំណាក់​ក្រុមហ៊ុន និង​បុគ្គល​មាន​អំណាច​មួយ​ចំនួន​ទេ នៅ​ថ្ងៃ​ពុធ ទី​៣០ ខែ​ធ្នូ។

យ៉ាង​នេះ​ក្តី នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​ធ្នូ លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា បញ្ហា​គ្រប់គ្រង​ឆ្នេរ​នឹង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ខែ​មករា ឆ្នាំ​២០១៦ ត​ទៅ។ លោក​បន្ត​ថា នឹង​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​ឲ្យ​មាន​សោភណភាព និង​មាន​ភ្លើង​បំភ្លឺ ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ ឬ​ប្រជាពលរដ្ឋ​ចូល​មក​កម្សាន្ត​មូលដ្ឋាន​ជាប់​សមុទ្រ​មួយ​នេះ ឲ្យ​បាន​កាន់​តែ​ច្រើន​នា​ពេល​ខាង​មុខ៖ «តាម​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល គឺ​ដី​ចំណី​ឆ្នេរ​ត្រូវ​តែ​គ្រប់គ្រង និង​ថែទាំ​ឲ្យ​បាន ដើម្បី​រក្សា​ឲ្យ​មាន​សោភណភាព​ជា​ឆ្នេរ​ដែល​ជាប់​ចំណាត់​ថ្នាក់​ស្រស់​ស្អាត​នៅ​លើ​សកលលោក។ កន្លង​មក​នេះ យើង​មាន​ការ​ខ្វះខាត​ខ្លះ ដោយសារ​តែ​មាន​បង​ប្អូន​មួយ​ចំនួន បាន​យក​ឆ្នេរ​ទៅ​សង់​ដំបូល​រស់នៅ ឬ​លក់​ដូរ​អនាធិបតេយ្យ និង​សង់​គ្មាន​ក្បួន​ខ្នាត​តាម​ការ​ឃុបឃិត មិន​បាន​គិត​ពី​បរិស្ថាន និង​អនាម័យ​ជាដើម ប៉ុន្តែ​ពេល​នេះ យើង​ត្រូវ​តែ​កែលំអ​ត្រឡប់​មក​វិញ។ អ្វី​ដែល​ខូចខាត ខំ​កែ​ឲ្យ​ល្អ ប៉ុន្តែ​អ្វី​ដែល​នៅ​ល្អ យើង​ត្រូវ​ខំ​ការពារ​រក្សា​ឲ្យ​បាន​គង់វង្ស»

ឆ្នេរ​សមុទ្រ​ប្រទេស​កម្ពុជា មាន​ប្រវែង​សរុប ៤៤០​គីឡូម៉ែត្រ។ ខេត្ត​មាន​មូលដ្ឋាន​ជាប់​ឆ្នេរ​សមុទ្រ​រួម​មាន ខេត្ត​កោះកុង ខេត្ត​ព្រះសីហនុ ខេត្ត​កំពត និង​ខេត្ត​កែប។ ខេត្ត​ទាំង​៤ នេះ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​ក្លឹប​ឆ្នេរ​សមុទ្រ​ដែល​ស្អាត​បំផុត​លើ​សកលលោក កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​ប្រទេស​សេណេហ្គាល់ (Senegal)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។