សមត្ថកិច្ច​កំពុង​ស្វែងរក​អ្នក​កែ​រូប​ថត​ជើង​ភរិយា​របស់​នាយករដ្ឋមន្ត្រី

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច​ជំនាញ កំពុង​ស្រាវជ្រាវ ករណី​អ្នក​ប្រើ​ហ្វេសប៊ុក (Fecebook) កែ​រូប​ភរិយា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទាញ​ជើង​ដែល​មើល​ទៅ​មាន​លក្ខណ:​មិន​សមរម្យ។

ចំណាត់​ការ​របស់​សមត្ថកិច្ច នៅ​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន ប្រតិកម្ម ទៅ​អ្នក​ដែល​កាត់​ត​រូប និង​ព្រមាន​ឲ្យ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹង​ថា សមត្ថកិច្ច​នឹង​រក​ជន​ដែល​កែ​រូបភាព អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ឃើញ។ លោក​បន្ត​ថា ករណី​នេះ​ប៉ះពាល់​ខ្លាំង​ដល់​វប្បធម៌ អរិយធម៌​ខ្មែរ ដូច្នេះ សមត្ថកិច្ច​ត្រូវ​តែ​ចាត់​វិធានការ។

បន្ទាប់​ពី​លោក ហ៊ុន សែន បង្ហោះ​រូប​លំហែ​កម្សាន្ត​ជុំ​គ្រួសារ​នៅ​លើ​ឆ្នេរ​ខ្សាច់​មាត់​សមុទ្រ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣០ ធ្នូ ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន កែ​រូប​លោក​ទៅ​ជា​ពិការ​ដៃ​ស្ដាំ និង​កែ​រូប​ភរិយា​របស់​លោក ពី​រូប​ឈរ​ធម្មតា ទៅ​ជា​ឈរ​មិន​សមរម្យ។

លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា អ្នក​ដែល​កែ​រូប​ភរិយា​របស់​លោក ទៅ​ជា​លក្ខណៈ​មិន​សមរម្យ គឺ ជា​មនុស្ស​មក​ពី​គណបក្ស​ប្រឆាំង​ជ្រុល​និយម​មួយ​ចំនួន និង​សកម្មជន​បក្ស​ប្រឆាំង។ លោក​ហៅថា ទង្វើ​នេះ ជា​ការ​បំផ្លាញ​កិត្តិយស និង​ក្រុម​គ្រួសារ​របស់​លោក។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។