វិធានការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក​ជនជាតិ​វៀតណាម​នៅ​ឆ្នាំ​២០១៦

អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ប្ដេជ្ញា​ថា​នឹង​ប្រើ​រយៈពេល ៥​ឆ្នាំ ដើម្បី​អភិវឌ្ឍ​សួនច្បារ និង​ច្រាំង​ទន្លេ​នៅ​ក្រុង​កំពង់ឆ្នាំង ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​មាន​សណ្ដាប់ធ្នាប់ និង​សោភណភាព​ល្អ។ គម្រោង​អភិវឌ្ឍន៍​នេះ បាន​ប៉ះពាល់​ដល់​តូប​លក់​ដូរ ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​ខ្មែរ ព្រម​ទាំង​ផ្ទះ​បណ្ដែត​ទឹក​របស់​ជនជាតិ​វៀតណាម ជាច្រើន​ខ្នង​ផង​ដែរ នៅ​ពេល​អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នក​ភូមិ​បណ្ដែត​ទឹក ឡើង​រស់នៅ​លើ​គោក។

តើ​អ្នក​ភូមិ​បណ្ដែត​ទឹក​ទាំង​នោះ បាន​ត្រៀម​លក្ខណៈ​យ៉ាង​ណា​ហើយ​ដើម្បី​សម្រប​ទៅ​តាម​ការ​អភិវឌ្ឍ​នេះ?

ផ្ទះ​អ្នក​ភូមិ​បណ្ដែត​ទឹក​ជិត ១.៥០០​ខ្នង បាន​ផ្លាស់​ទី​ចេញ​ពី​តំបន់​អភិវឌ្ឍន៍ និង​ផ្ទះ​ជាង ៤០០​ខ្នង​ទៀត នឹង​ត្រូវ​រុះរើ​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​នៅ​ក្នុង​ឆ្នាំ​២០១៦ ឬ​ដើម​ឆ្នាំ​២០១៧ ខាង​មុខ ដើម្បី​ទៅ​រស់នៅ​ទីតាំង​ថ្មី​តាម​វិធានការ​រៀបចំ​របស់​អាជ្ញាធរ។ ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​នេះ ជនជាតិ​វៀតណាម និង​ចាម ភាគ​ច្រើន​ភ័យ​ខ្លាច​ត្រៀម​លក្ខណៈ​មិន​ទាន់​តាម​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ ដោយសារ​បញ្ហា​ជីវភាព និង​គ្មាន​មុខ​របរ។

ស្ត្រី​មេម៉ាយ​ជនជាតិ​វៀតណាម គឺ​លោកស្រី ឡេធី ឌិន មាន​ប្រសាសន៍​ថា គ្រួសារ​គាត់​មិន​ទាន់​ត្រៀម​លក្ខណៈ​ឡើង​រស់នៅ​លើ​គោក​នៅ​ឡើយ ព្រោះ​មុខ​របរ​ទិញ​ត្រី​ធ្វើ​ម្ហូប​ឲ្យ​ក្មេង​រៀន​ក្នុង​មួយ​ថ្ងៃ ១​ម៉ឺន​រៀល មិន​អាច​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ផង។ តើ​គាត់​មាន​លទ្ធភាព​អ្វី​ទៅ​សន្សំ​លុយ ឬ​រក​ទិញ​ដី​រស់នៅ​លើ​គោក​បាន​នោះ? លោកស្រី​ចង់​ឃើញ​វិធានការ​ចុង​ក្រោយ​របស់​អាជ្ញាធរ ក្នុង​ការ​នាំ​យក​ពលរដ្ឋ​ក្រីក្រ​ឡើង​រស់នៅ​លើ​គោក​ដោយ​មិន​ប្រកាន់​ពូជ​សាសន៍៖ «បើ​គេ​ឲ្យ​ឡើង​រស់នៅ​លើ​គោក ខ្ញុំ​នឹង​ឡើង​ដែរ ប៉ុន្តែ​ថា​អត់​មាន​លុយ​ទិញ​ដី​ទិញ​អី​នៅ​ផង មិន​ដឹង​ថា​រក​ស៊ី​ស្អី​ផង! ខ្ញុំ​នៅ​លើ​ទឹក​ហ្នឹង​យូរ​ហើយ។ ខ្ញុំ​ធ្វើ​ការ​ជាមួយ​គេ បើ​ថា​ទៅ​នៅ​លើ​គោក​មិន​ដឹង​រក​ស៊ី​ស្អី​ផង។ បើ​មាន​អ្នក​ជួយ​ដើម​រក​ស៊ី​ទៅ​គ្រាន់ ខ្ញុំ​មាន​ដើម​ណា​រក​ស៊ី​ពូ!»

លោកស្រី ឡេធី ឌិន គឺ​ជា​មេ​គ្រួសារ​មួយ​ក្នុង​ចំណោម​អ្នក​ភូមិ​បណ្ដែត​ទឹក​នៅ​ភូមិ​ចុងកោះ និង​ភូមិ​កណ្ដាល នៃ​សង្កាត់​ផ្សារឆ្នាំង ចំនួន ៩៩៦​គ្រួសារ ដែល​ត្រូវ​បាន​អាជ្ញាធរ​ផ្លាស់​ទី​ឲ្យ​ទៅ​រស់នៅ​លើ​ទឹក​ដដែល​នៅ​ចំណុច​ពាមញ នៃ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៥ ប៉ុន្តែ​គ្រួសារ​ទាំង​នេះ គេ​តម្រូវ​ឲ្យ​ឡើង​គោក​មួយ​ដំណាក់​កាល​ទៀត ហើយ​ត្រូវ​រក​ទិញ​ដី​សង់​ផ្ទះ​រស់នៅ​ដោយ​ខ្លួន​ឯង។

ផែនការ​របស់​អាជ្ញាធរ​នេះ ទំនង​ជា​ចង់​គេច​ពី​មតិ​រិះគន់​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​គណបក្ស​ប្រឆាំង​លើ​បញ្ហា​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា និង​ដើម្បី​បញ្ចៀស​បញ្ហា​បំពុល​ទឹក​បឹង​ទន្លេសាប​ផង។ អាជ្ញាធរ​បាន​ចលនា​ឲ្យ​អ្នក​ភូមិ​បណ្ដែត​ទឹក ឡើង​តាំង​ទីលំនៅ​លើ​គោក​ដោយ​ស្ម័គ្រ​ចិត្ត និង​ម្ចាស់ការ​លើ​ខ្លួន​ឯង តាម​រយៈ​ការ​បង្កើត​ឲ្យ​មាន​ទីផ្សារ សាលា​រៀន និង​ទូរគមនាគមន៍​នៅ​លើ​គោក​ក្បែរ​ទន្លេ។

វៀតណាម​រស់នៅ​លើ​ទឹក ឡេធី ឌិន ៦២០
ជនជាតិ​វៀតណាម លោកស្រី ឡេធី ឌិន រស់នៅ​ភូមិ​បណ្ដែត​ទឹក​ភូមិ​ចុងកោះ សង្កាត់​ផ្សារឆ្នាំង ខេត្ត​កំពង់ឆ្នាំង ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Chin Chetha

ចំណែក​បុរស​ជនជាតិ​ចាម វ័យ​ប្រមាណ ៥០​ឆ្នាំ កំពុង​អង្គុយ​លើ​អង្រឹង​ក្រោម​ផ្ទះ​ប្រក់​ស័ង្កសី បាំង​ជញ្ជាំង​ក្ដារ​ដែល​ទើប​អូស​ឡើង​រស់នៅ​លើ​គោក​បាន​ជាង ២​ខែ គឺ​លោក ឡឹប លី ឲ្យ​ដឹង​ថា ភាព​ងាយ​ស្រួល​រវាង​ការ​រស់នៅ​លើ​គោក និង​លើ​ទឹក មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​នៅ​លើ​ទឹក​ត្រូវ​ចំណាយ​លុយ​ច្រើន​លើ​ថ្លៃ​ទិញ​សម្ភារៈ​ផ្លាស់ប្ដូរ​ផ្ទះ​ដែល​ពុក​ផុយ ដូចជា ឫស្សី ឬ​ធុង​សាំង​បណ្ដែត​ផ្ទះ​រៀង​រាល់​ឆ្នាំ ឬ​ពីរ​ឆ្នាំ​ម្ដង។ លោក​ថា នៅ​លើ​គោក​ចំណាយ​លុយ​ច្រើន​តែ​ម្ដង គឺ​សម្រាប់​ទិញ​ដី និង​ថ្លៃ​អូស​ផ្ទះ​ឡើង​គោក ប៉ុន្តែ​ភ្លាមៗ​ក្រោយ​ផ្លាស់​ទី ប្រជាពលរដ្ឋ​មាន​ការ​លំបាក​មួយ​ចំនួន​ដែរ៖ «អូ! ខ្ញុំ​នៅ​លើ​ទឹក​យូរ​ឆ្នាំ​ណាស់​ទៅ​ហើយ គឺ​ជាង ៣០​ឆ្នាំ​ហើយ។ រស់នៅ​មិន​ខុស​ត្រូវ​គ្នា​ប៉ុន្មាន​ទេ។ ឥឡូវ​គេ​ឲ្យ​អណ្ដូង​មក​បី​បាន​ធ្វើ​រួច​ហើយ តែ​នៅ​បង្គន់​អត់​មាន​បង្គន់​លំបាក​បត់​ជើង។ នៅ​លើ​គោក​ក្រៅ​ពី​នេសាទ មាន​តែ​ចិញ្ចឹម​មាន់ ឬ​ចិញ្ចឹម​ទា​តិចតួច​ហ្នឹង​ហើយ»

លោក ឡឹប លី បញ្ជាក់​ថា ពលរដ្ឋ​ដែល​រស់នៅ​លើ​គោក និង​អ្នក​កំពុង​រស់នៅ​លើ​ទឹក មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​បឹង​ទន្លេសាប​បាន​ទេ ព្រោះ​ពួក​គាត់​ភាគ​ច្រើន ពឹង​ផ្អែក​លើ​មុខ​របរ​ចិញ្ចឹម​ត្រី ឬ​នេសាទ​ត្រី។

ទាក់ទង​បញ្ហា​នេះ អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​ក្រុម​ការងារ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក លោក ស៊ុន សុវណ្ណារិទ្ធិ ថ្លែង​ថា អាជ្ញាធរ​កំពុង​កៀរគរ​រក​ប្រភព​វិនិយោគ និង​ជ្រើស​រើស​ទីតាំង​អភិវឌ្ឍ​មួយ​ឋិត​នៅ​ចម្ងាយ​មិន​លើស ១​គីឡូម៉ែត្រ​ពី​បឹង​ទន្លេសាប ដើម្បី​ឲ្យ​អ្នក​រង​ផល​ប៉ះពាល់​នៅ​លើ​គោក អាច​រស់នៅ​ទីនោះ​បាន។ ចំពោះ​អ្នក​ភូមិ​បណ្ដែត​ទឹក​វិញ លោក​ថា​ពុំ​មាន​គោល​នយោបាយ​ដោះ​ដូរ ឬ​ផ្ដល់​សំណង​ផល​ប៉ះពាល់​នោះ​ទេ ប៉ុន្តែ​នឹង​ត្រូវ​រៀបចំ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ​នា​ថ្ងៃ​អនាគត៖ «ក្រុម​បាន​ខិតខំ​សម្រប​សម្រួល​ជាមួយ​ប្រជាពលរដ្ឋ ធ្វើ​ម៉េច​ធ្វើ​ឲ្យ​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ទទួល​យក​បាន​ទាំង​សង​ខាង។ ម្យ៉ាង​ទៀត ក្រុម​ការងារ​នឹង​ត្រៀម​កម្លាំង​គ្រប់​ប្រភេទ និង​មធ្យោបាយ​ដើម្បី​ចូលរួម​សហការ​ជាមួយ​ប្រជាពលរដ្ឋ​ទៅ​ទីតាំង​ថ្មី។ អ៊ីចឹង​អា​នោះ (អ្នក​ភូមិ​បណ្ដែត​ទឹក) ក៏​ធ្វើ​ទន្ទឹម​គ្នា​ដែរ ប៉ុន្តែ​អាច​ពាក់​កណ្ដាល​ឆ្នាំ ឬ​ចុង​ឆ្នាំ​២០១៦ យើង​នឹង​មាន​ផែនការ​ថ្មី​បន្ត​ទៀត ដើម្បី​គិត​ពី​ប្រជាពលរដ្ឋ​ដែល​ផ្លាស់​ទី​ផ្ទះ​ទឹក»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច ឬ​ហៅ​កាត់​ថា មីរ៉ូ (MIRO) លោក ទត គឹមស្រូយ ថ្លែង​គាំទ្រ​លើ​ការ​កំណត់​ឲ្យ​ឡើង​រស់នៅ​លើ​គោក ដើម្បី​បញ្ចៀស​ការ​បំពុល​ទឹក និង​ការ​តាំង​ទីលំនៅ​មិន​រៀបរយ។ លោក​មិន​ជឿ​ថា អ្នក​ភូមិ​បណ្ដែត​ទឹក​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម មាន​លទ្ធភាព ឬ​ស្ម័គ្រ​ចិត្ត​ឡើង​រស់នៅ​លើ​គោក​ក្នុង​ឆ្នាំ​២០១៦ ឬ​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​ទេ បើ​ពុំ​មាន​ការ​ជួយ​ពី​អាជ្ញាធរ៖ «ពួក​គាត់​បាន​ថ្ងូរ បាន​សុំ​យោបល់ និង​ពួក​គាត់​បាន​ផ្ដល់​ព័ត៌មាន​មក​យើង​ហើយ​ថា ពួក​គាត់​គ្មាន​លុយ​កាក់​សម្រាប់​ទិញ​ដីធ្លី​ឡើង​រស់នៅ​លើ​គោក​នោះ​ទេ។ បើ​តាម​ខ្ញុំ​យល់ បើ​សិន​ណា​ធ្វើ​ទៅ​តាម​សំណូមពរ​របស់​គាត់​បាន​នោះ ប្រហែល​ពួក​គាត់​អាច​ឡើង​រស់នៅ​លើ​គោក​បាន​ស្ទើរ​ទាំងអស់»

ចាប់​តាំង​ពី​ពេល​ដែល​អាជ្ញាធរ​ផ្លាស់​ទី​អ្នក​ភូមិ​បណ្ដែត​ទឹក និង​បំផុស​ឲ្យ​អ្នក​ភូមិ​ឡើង​គោក​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១៥ មក គឺ​មាន​តែ​ជនជាតិ​ចាម ប្រមាណ ១០​គ្រួសារ​ប៉ុណ្ណោះ​ដែល​ស្ម័គ្រ​ចិត្ត​អូស​ផ្ទះ​ឡើង​រស់នៅ​លើ​គោក ក្នុង​ចំណោម​ជនជាតិ​ចាម នៅ​ភូមិ​កណ្ដាល និង​ភូមិ​ចុងកោះ នៃ​សង្កាត់​ផ្សារឆ្នាំង ចំនួន ១៧២​គ្រួសារ។ ដោយឡែក​ជនជាតិ​វៀតណាម មិន​ទាន់​ត្រៀម​លក្ខណៈ​ឡើង​គោក​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។