អីុ​រ៉ា​ក់​ទាមទារ​ឱ្យ​តួ​ក​គី​ដកទ័ព ហើយ​គំរាម​ធ្វើ​សកម្មភាព​យោធា

រដ្ឋមន្ត្រី​ការ​បរទេស​អីុរ៉ា​ក់​លោក IBRAHIM AL JAAFARI លើក​ឡើងជា​ថ្មី​កាលពី​ថ្ងៃ​ទី​៣០ ធ្នូ នូវ​សំណើ​ឱ្យ​ដក​កងទ័ព​តួ​ក​គី​ទាំងអស់​ចេញពី​ដែនដី​អីុ​រ៉ា​ក់ ដោយ​អះអាង​ថា តួ​ក​គី​ត្រូវ​គោរព​អធិបតេយ្យភាព​អីុ​រ៉ា​ក់ បើ​ពុំ​ដូច្នោះ​ទេ​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​សកម្មភាព​យោធា​មួយ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ក្រុង​បា​ដា​ដ លោក JAAFARI ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ថា អីុ​រ៉ា​ក់​នឹង​បន្ត​រាល់​ការ​ចរចា​ដោយ​សន្តិវិធី​ដើម្បី​ចៀសវាង​វិបត្តិ​មួយ ក៏​ប៉ុន្តែ​ប្រសិនបើ​ការ​ប្រយុទ្ធ​មួយ​ជាមួយ​តួ​ក​គី​តម្រូវ នោះ យើង​ត្រូវធ្វើ​ដើម្បី​ការពារ​អធិបតេយ្យភាព និង​ធនធាន​របស់​យើង ។

វិបត្តិ​រវាង​ប្រទេស​ទាំង​២​កើត​មាន​ពី​ដើមខែ​ធ្នូ​មក ពេល​តួ​ក​គី​ដាក់​ពង្រាយ​កងកម្លាំង​បន្ថែម​ប្រដាប់​ដោយ​រថក្រោះ និង​រថពាសដែក ក្នុង​ជំរំ​មួយ​ស្ថិត​ក្នុង​តំបន់ BASHIQA ជិត​ក្រុង​ម៉ូ​ស​ស៊ុ​ល ភាគ​ខាងជើង​អីុ​រ៉ា​ក់ ក្នុង​គោលបំណង​ជួយ​បណ្តុះបណ្តាល​យុទ្ធ​ជន​ស៊ុន​នី​ត និង​ឃើ​ត ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្រុម​ម៉ូ​ស​ស៊ុ​ល​ជាទី​ក្រុង​ធំ​ទី​២​របស់​អីុ​រ៉ា​ក់ ទីប្រជុំជន​ខេត្ត​នី​នី​វ ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៤ មក ។

ក្រុង​បា​ដា​ដ​អះអាង​ថា កងទ័ព​តួ​ក​គី​ពុំ​មានការ​អនុញ្ញាត​របស់​រដ្ឋាភិបាល​អីុ​រ៉ា​ក់ ហើយ​ទាមទារ​ឱ្យ​ដក​កងទ័ព​នោះ​ចេញ ចំណែក​ក្រុង​អង់កា​រ៉ា​បាន​ហៅ​កងកម្លាំង​នោះ​ថា ជា​កងកម្លាំង​ប្តូរ​វេន​គ្នា​ប៉ុណ្ណោះ ។

នាយក​រដ្ឋមន្ត្រី​អីុរ៉ា​ក់​លោក​ហៃ​អីុឌ័​រ អាល់​អា​បា​នី ស្ថិត​ក្រោម​ការ​គាបសង្កត់​របស់​ពួក​ជីវពល​ស៊ី​អីុត ដែល​មាន​កំហឹង​មក​ពី​វត្តមាន​កង​ទាហាន​បរទេស​ក្នុង​ប្រទេស​ខ្លួន ព្រោះ​ពួក​ស៊ី​អីុ​ត​ជា​សមាសភាព​សំខាន់​ក្នុង​យុទ្ធនាការ​អីុ​រ៉ា​ក់​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕