ពលរដ្ឋ​ជាង​១០០​នាក់​តវ៉ា​មុខ​តុលាការ​ខេត្តសៀមរាប​សុំ​ដោះ​លែង​ចៅសង្កាត់​អំពិល

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋ និង​ក្រុម​ក្រុម​គ្រួសារ​ប្រមាណ​ជាង​១០០​នាក់​បាន​នាំ​គ្នា​អង្គុយ​យំ​មុខ​តុលាការ ដើម្បី​ធ្វើការ​តវ៉ា​សុំ​ឲ្យ​តុលាការ​ដោះ​លែង​លោក​ចៅសង្កាត់​អំពិល ដែល​ត្រូវ​បាន​តុលាការ​ឃុំខ្លួន​ពី​បទ​ស៊ី​ញ៉េ​ទិញ លក់ ដី​ឲ្យ​ប្រជាពលរដ្ឋ​នៅ​លើ​តំបន់​ដី​បុរី​សណ្ឋាគារ និង​ក្នុង​តំបន់​ស៊ូ​ន របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​៣១ ធ្នូ ២០១៥ នៅ​មុខ​តុលាការ​ខេត្តសៀមរាប ។

សូម​បញ្ជាក់​ថា តុលាការ​បាន​ឃុំខ្លួន​លោក​ចៅសង្កាត់​អំពិល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​៣០ ធ្នូ ២០១៥ ម្សិលមិញ ។

ជុំវិញ​ករណី​ខាងលើ​នេះ «​កោះសន្តិភាព​» បាន​ទាក់ទង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​រសៀល​ថ្ងៃ​ទី​៣១ ធ្នូ​នេះ​ដើម្បី​សុំ​បំភ្លឺ​ដែរ ប៉ុន្តែ​ខាង​មន្ត្រី​អាជ្ញាធរ​អប្សរា ប្រាប់​ថា ខាង​លោក​កំពុង​ជាប់រវល់ ចាំ​រួច​ការងារ​សិន ចាំ​លោក​ប្រាប់​វិញ ៕