ការផាកពិន័យ​អ្នក ​គ្មាន​ប័ណ្ណបើកបរ​ត្រូវបានលើក​ពេល

ស្រប​ពេលដែល​មជ្ឈដ្ឋាន​មហាជន​ កំពុងតែ​ខ្វាយខ្វល់​ពី​រឿង​ធ្វើ ​ប័ណ្ណបើកបរ​មិនទាន់​ពេលវេលា​ តែ​ត្រូវ​ដល់​ពេល ដែល​ប៉ូលីស​ចាប់ផ្តើម​អនុវត្តន៍ ​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ចាប់ពី​ដើមឆ្នាំ​ ២០១៦​ តទៅ ដែល​គេ​បារម្ភ​ភ័យខ្លាច​ប៉ូលីស ​ផាក​ដោយ​គេច​មិន​ផុត​នោះ​ ពេលនេះ​បាន​ប្តូរ​មក​មាន​ សភាព​ធូរស្រាល បន្តិច​វិញ​ហើយ​ដោយសារតែ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​បានប្រកាស​ពន្យារពេលរ​ង់​ចាំ​ ការកំណត់​តម្លៃ នៃ​ការធ្វើ ​ប័ណ្ណបើកបរ​ជាថ្មី​បាន​រួចរាល់​សិន​។​ ​ ​ ​ ​ ​ ​ ​

ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ និង​ ការត្រៀម​លក្ខណៈ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ នា​ឆ្នាំ​២០១៦ ដែល​ធ្វើឡើង​នៅ​ទីស្តីការ ក្រសួងមហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៣១​ ធ្នូ​២០១៥ ​នេះ​សម្តេច​ក្រឡាហោម ស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា​ថ្មីៗ​នេះ​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​បញ្ជា​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ប័ណ្ណបើកបរ​ឡាន​ម៉ូតូ ដោយសារ​មូលហេតុ​នេះ ការអនុវត្ត​ផាកពិន័យ​អ្នក​គ្មាន​ប័ណ្ណ បើកបរ​ម៉ូតូ​នឹងមិន​ត្រូវអនុវត្ត​ ចាប់ពី​ថ្ងៃ​សុក្រ​ស្អែក​នេះ​ទេ​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ថ្លែងថា​ការផាកពិន័យ​អ្នកជិះ​ម៉ូតូ​គ្មាន​ប័ណ្ណបើកបរ នឹង​មិនទាន់​ត្រូវបាន​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៦​នោះទេ ដោយសារ​រដ្ឋាភិបាល​បានប្រកាស​ផ្អាក​ការធ្វើ​ប័ណ្ណបើកបរ​។​

សម្តេច​ក្រឡាហោម​សខេង​ និង​ ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ជំរុញ​ ឲ្យ​ក្រសួង​សាធារណការ​និង​ក្រសួង សេដ្ឋកិច្ច​ព​ន្លឿ​ន​ការកំណត់​តម្លៃ​ឲ្យ​បាន​ឆាប់​។ លោក​បញ្ជាក់ថា​បន្ទាប់ពី​ការកំណត់​តម្លៃ រដ្ឋាភិបាល​ នឹង​ទុក​រយៈពេល​យ៉ាងតិច ​៣​ខែ​សម្រាប់​ប្រជាពលរដ្ឋ​ទៅ ធ្វើ​ប័ណ្ណបើកបរ​មុន នឹង ​មានការ​អនុវត្តច្បាប់​។​ នៅ​រាជធានី​ភ្នំពេញ ម៉ូតូ​មាន​ប្រមាណ​ ១,២ ​លាន​គ្រឿង ហើយ​ក្នុងនោះ​អ្នកបើកបរ​ប្រមាណ ​៧​ម៉ឺន​នាក់​ប៉ុណ្ណោះ​ ដែលមាន​ប័ណ្ណបើកបរ​៕ ដេវីត​

ការផាកពិន័យ​អ្នក ​គ្មាន​ប័ណ្ណបើកបរ​ត្រូវបានលើក​ពេល