រឿង សារ័ត្ន Yort Sing ប្រជែងរក ៣ពិន្ទុដូចគ្នា អធិរាជស៊ីម៉ងត៍ អូដ្ឋវគ្គ២លើសង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរ៍

ភ្នំពេញ៖ វគ្គជម្រុះដណ្ដើមពានរង្វាន់ ជើងឯកអធិរាជស៊ីម៉ងត៍ អូដ្ឋវគ្គ២ ទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនTIFFY ARENA នៅល្ងាចថ្ងៃសៅរ៍ ទី២ ខែមករា ២០១៦នេះ មានអ្នកប្រដាល់៤រូប នៅក្នុងពូល B ក្នុងនោះអ្នកប្រដាល់ កម្ពុជា៣រូប និងអ្នកប្រដាល់ជនជាតិថៃ ១រូប។ អ្នកប្រដាល់ រឿង សារ័ត្ន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប្រកួត អ្នកប្រដាល់ថៃ Yort Sing ចំណែក អ្នកប្រដាល់សុខ សុវណ្ណ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ និងម៉ន ចាន់ដារ៉ា អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក។

រឿង សារ័ត្ន បានចាញ់១ប្រកួតក្រោមថ្វីដៃអ្នកប្រដាល់ ម៉ន ចាន់ដារ៉ា ក្លិបការិយាល័យទី៥ កងទ័ពជើងគោកដោយ ពិន្ទុ រីឯអ្នកប្រដាល់ Yort Sing វាយចាញ់អ្នកប្រដាល់ សុខ សុវណ្ណ សមាគមកីឡាក្រសួងការពារជាតិដោយពិន្ទុដែរ ដូច្នេះ រឿង សារ័ត្ន និង Yort Sing ទើបតែបាន១ពិន្ទុម្នាក់ប៉ុណ្ណោះ ។ រឿង សារ័ត្ន និង Yort Sing នេះ មិនដែល ប៉ះគ្នាទេកន្លងមក ដោយសារ សារ័ត្ន ជាអ្នកប្រដាល់ស្រករក្រោយ មិនដែលប៉ះជាមួយថៃទេកន្លងមក ដូច្នេះការ ជួបប្រកួតជាមួយ Yort Sing ក្នុងជម្រុះជើងឯកស៊ីម៉ងត៍អូដ្ឋនេះ ជាលើកទី១ សម្រាប់ រឿង សារ័ត្ន ហើយដែលប្រកួត ជាមួយបរទេសនោះ។

ចំណែក អ្នកប្រដាល់សុខ សុវណ្ណ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ និងម៉ន ចាន់ដារ៉ា អ្នកប្រដាល់ក្លិប ការិយាល័យទី៥ កងទ័ពជើងគោក ។អ្នកប្រដាល់អ្នកទាំង២នាក់ សុទ្ធតែរកបាន៣ពិន្ទុម្នាក់រួចហើយ។ សុវណ្ណ កាល ពីប្រកួតជម្រុះលើកទី១កន្លងមកនេះ គេបានយកឈ្នះ Yort Sing ដោយពិន្ទុ ឯម៉ន ចាន់ដារ៉ា គេវាយឈ្នះ រឿង សារ័ត្ន ដោយពិន្ទុ។ សុខ សុវណ្ណ ដែលអាចវាយឈ្នះអ្នកប្រដាល់ថៃហើយនោះ ប្រហែលជាមិនពិបាកនឹងយកឈ្នះ ម៉ន ចាន់ដារ៉ា នោះទេ។

ទោះជាយ៉ាងណា សុខ សុវណ្ណ ក៏មិនអាចមើលស្រាល ម៉ន ចាន់ដារ៉ា បានដែរ ព្រោះថា ដារ៉ាគេក៏មានផ្លែល្អដែរ ហើយណាមួយគេខ្ពស់ជាងថែមទៀត ជាពិសេសនោះ ដារ៉ា មានកណ្ដាប់ដៃខ្លាំងនិងស្នៀត ទាត់ល្អមិនចាញ់ សុវណ្ណនោះឡើយ។

គួរបញ្ជាក់ថា ការប្រកួតដណ្តើមពានរង្វាន់ជើងឯក «អធិរាជស៊ីម៉ងត៍អូដ្ឋ» វគ្គ២ ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ ចំនួន៨រូបចូលរួមប្រកួត ក្នុងនោះអ្នកប្រដាល់កម្ពុជាមាន៦រូប និងអ្នកប្រដាល់ជនជាតិថៃ២រូប៕

រឿង សារ័ត្ន  Yort Sing ប្រជែងរក ៣ពិន្ទុដូចគ្នា អធិរាជស៊ីម៉ងត៍ អូដ្ឋវគ្គ២លើសង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរ៍

រឿង សារ័ត្ន  Yort Sing ប្រជែងរក ៣ពិន្ទុដូចគ្នា អធិរាជស៊ីម៉ងត៍ អូដ្ឋវគ្គ២លើសង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរ៍