ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ដំបូង ប៉ូលិស​ចរាចរណ៍​ក្រុង​បាត់ដំបង​រឹត​បន្តឹង​៤​គោលដៅ

ខេត្តបាត់ដំបង ៖ បើ​តាម​លោក​សាត គឹ​ម​សាន ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បានឱ្យ​កោះសន្តិភាព​ដឹង​ថា នៅ​ថ្ងៃ​ទី​០១ មក​រា ២០១៦ ស្អែក​នេះ កម្លាំង​របស់​លោក​នឹង​ត្រូវ​បែងចែក​ជា​៤​ក្រុម ដើម្បី​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ខណៈ​ច្បាប់​ថ្មី​នេះ​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ដំណាលគ្នា​គ្រប់​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​ឱ្យ​ដឹង​ទៀត​ថា គោលដៅ​ចំនួន​៤​ដែល​កម្លាំង​របស់​លោក​ត្រៀម​បើក​ប្រតិបត្តិការ​នេះ គឺ​ធ្វើ​ឡើង​នៅ​តាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​បាត់ដំបង​តែ​ប៉ុណ្ណោះ ។ រីឯ​នៅ​តាម​បណ្ដា​ស្រុក​នានា​នឹង​អនុវត្ត​នៅ​ពេល​ក្រោយ ។ ការ​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ថ្មី​នេះ ត្រូវធ្វើ​ឡើង​​​​យ៉ាង​តឹង​រឹង​បំផុត ចំពោះ​យានយន្ត​គ្រប់​ប្រភេទ ដែល​គ្មាន​ឯកសារ​គ្រប់គ្រាន់ និង​ទៅ​លើ​អ្នកបើកបរ​យានយន្ត​ទាំងឡាយ​ណា​ដែល​មិន​គោរព​ច្បាប់​ចរាច​ណ៍ ។ គ្មាន​ការ​លើក​លេង​ទេ​ចំពោះ​ច្បាប់​ចរាច​ណ៍​ថ្មី​នេះ ដូច្នេះ​ពលរដ្ឋ​គ្រប់​រូប ត្រូវ​តែ​ចូលរួម​អនុវត្តន៍​ច្បាប់​ចរាច​ណ៍​ទាំងអស់​គ្នា ។