គំរាមកំហែង​ភេរវកម្ម​លើ​បុណ្យចូលឆ្នាំ​ថ្មី អឺរ៉ុប​ស្ថិត​ក្រោម​ការ​ប្រកាស​អាសន្ន

ការ​គំរាមកំហែង​ភេរវកម្ម​កើត​មាន​លើ​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំ​សាកល ញ៉ាំង​ឱ្យ​កងកម្លាំង​សន្តិសុខ​ស្ថិត​ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន​ពេញបន្ទុក​ក្នុង​ប្រទេស​ជា​ច្រើន ពិសេស​នៅ​តួ​ក​គី ដែល​នៅទីនោះ​គម្រោង​វាយប្រហារ​ភេរវកម្ម​អត្តឃាតមួយ​ត្រូវ​កម្ទេច​ទាន់​ពេល​នៅ​ក្រុង​អង់កា​រ៉ា ចំណែក​ក្រុង​ព្រុ​ច​សែ​ល​សម្រេច​លុប​ចោល​ពិធី​នានា ដូច​ជា​ហាម​មិន​ឱ្យ​បាញ់​កាំជ្រួច​ភ្លើង​ជាដើម ។

វិធានការ​សន្តិសុខ​ក៏​ត្រូវ​បាន​ពង្រឹង​ដែរ ក្នុង​ប្រទេស​ឯទៀត​ៗ ដូច​ជា​នៅ​អូ​ទ្រី​ស និង​រុ​ស្ស៊ី ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ថ្ងៃ​ទី​១៣ វិច្ឆិកា ។ ក្រុងប៉ារីស​ស្ថិត​ក្រោម​កិច្ច​ការពារ​របស់​កងកម្លាំង​ប៉ូលិស​នា​យប់​ថ្ងៃ​ទី​៣១ ធ្នូ ។

កាលពី​ថ្ងៃ​ទី​៣០ ធ្នូ ប៉ូលិស​តួ​ក​គី​ចាប់ខ្លួន​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​២​នាក់ សង្ស័យ​រៀបចំ​ការ​វាយប្រហារ​អត្តឃាត​២​នៅ​ក្រុង​អង់កា​រ៉ា ក្នុង​ពេល​បុណ្យ​ដំណាច់ឆ្នាំ ។ សាលាក្រុង​អង់កា​រ៉ា ក្នុង​សេចក្តី​ប្រកាស​មួយគូ​សបញ្ជាក់​ថា ខ្សែក្រវាត់​មាន​ភ្ជាប់​គ្រឿងផ្ទុះ​ត្រៀម​ប្រើប្រាស់ និង​ថង់​ស្ពាយ​មួយ​មាន​គ្រឿងផ្ទុះ​ពេញ​ញាត់​គ្រាប់​កូន​ឃ្លី និង​ដែក​កាត់កង់​ៗ​ត្រូវ​បាន​ប៉ូលិស​រឹបអូស ។ ជនសង្ស័យ​ទាំង​២​នាក់​ត្រៀម​ធ្វើការ​វាយប្រហារ​អត្តឃាត​នា​យប់​ថ្ងៃ​ទី​៣១ ធ្នូ នៅ​កន្លែង​២ គឺ​នៅ​មុខ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ និង​នៅ​តាម​វិ​ថី​កាត់​ទីលាន​កណ្តាល KIZILAY កន្លែង​ជា​ប្រពៃណី​នៃ​ការ​ប្រមូលផ្តុំ​មនុស្ស​ពេល​បុណ្យចូលឆ្នាំ​ថ្មី ។

ចំណែក​អភិបាលក្រុង​ព្រុ​ច​សែ​ល លោក YVAN MAYEUR ប្រកាស​នា​ថ្ងៃ​ទី​៣០ ធ្នូ លុប​ចោល​ពិធី​នានា​នៃ​បុណ្យចូលឆ្នាំ​ថ្មី ព្រមទាំង​ការ​បាញ់​កាំជ្រួច​គ្រោង​ធ្វើ​កណ្តាល​ក្រុង ។ មុន​នេះ​កងកម្លាំង​ប៉ូលិស​បែ​ល​ហ្ស៊ិ​ក​ចាប់ខ្លួន​មនុស្ស​២​នាក់​សង្ស័យ​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម​នានា​នៅ​ក្រុង​ព្រុ​ច​សែ​ល​ពេល​បុណ្យ​ដាច់​ឆ្នាំ ។

នៅ​ក្រុងប៉ារីស​ក៏​ពុំ​ឱ្យ​បាញ់​កាំជ្រួច​ដែរ ។ ប៉ូលិស​ទាហាន និង​អ្នក​ពន្លត់ភ្លើង​ប្រមាណ​ជា​១១.០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ក្នុង​រដ្ឋធានី​បារាំង ។

ដោយឡែក​នៅ​ក្រុង​ញូ​វ​យ៉​ក​ដូច​ជា​មិន​ខ្លាច​ភេរវកម្ម តែ​មានការ​ពង្រឹង​វិធានការ​សន្តិសុខ សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី ពិសេស​មានការ​ប្រមូលផ្តុំ​មនុស្ស​យ៉ាងច្រើន​នៅ​ទីលាន TIMES-SQUARE ៕