ក្រុមការងារ​គណបក្ស​ទាំងពីរ នឹង​ជួបគ្នា​នៅ​ថ្ងៃ​ចន្ទ ទី​៤​មករា និយាយ​ពី​សេចក្តីព្រាងច្បាប់​សហជីព​

ភ្នំពេញ: ក្រុមការងារ​ចំពោះ​កិច្ច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា និង​លោក សុន ឆ័យ ក្នុងនាម​គណៈកម្មការ​ចម្រុះ​ចំពោះ​កិច្ច គ្រោង​នឹង​ជួបគ្នា នៅ​ថ្ងៃ​ចន្ទ ទី​៤ ខែមករា ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ សហជីព​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​រដ្ឋ​សភា នា​រសៀល​ថ្ងៃទី​៣១ ខែធ្នូ​។​

​ការកំណត់​ពេល​ជួបគ្នា​រវាង​គណបក្ស​ទាំងពីរ​នេះ គឺ​បន្ទាប់ពី​គណៈកម្មការ​ជំនាញ​រដ្ឋ​សភា ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ជាមួយ​មេដឹកនាំ​សហជីព​កម្មករ នៅ​រដ្ឋសភា កាលពី​រសៀល​ថ្ងៃទី​២៩​ធ្នូ ដើម្បី​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់ សហជីព​។​

​មេដឹកនាំ​សហជីព​កម្មករ​ធំៗ​នៅ​កម្ពុជា បានលើកឡើង​ពី​ក្តីកង្វល់​លើ​សេចក្តីព្រាងច្បាប់​សហជីព និង​ស្នើ​ឲ្យ​រដ្ឋសភា កែសម្រួល​មាត្រា​មួយចំនួន ព្រោះតែ​មេដឹកនាំ​សហជីព​កម្មករ ចាត់ទុកថា នាំឱ្យ​ប៉ះពាល់​ដល់​សេរីភាព​សហជីព ហើយ​ផ្ទុ​ញ​នឹង​រដ្ឋ​ធម្ម​នុ​ញ្ញា និង​អនុសញ្ញា​របស់​អង្គការ​ពលកម្ម​អន្តរជាតិ ILO​។​

​សេចក្តីព្រាងច្បាប់​សហជីព មាន ១៧ ជំពូក និង ១០០ មាត្រា ត្រូវបាន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តាក់តែងឡើង​ក្នុង​គោលបំណង បម្រើ​ផលប្រយោជន៍ ទាំង​កម្មករនិយោជិត និង​ទាំង​ភាគី​ថៅកែ​និយោជក តាម​បណ្តា​រោងចក្រ​សហគ្រាស​នៅ​កម្ពុជា​៕​

ក្រុមការងារ​គណបក្ស​ទាំងពីរ នឹង​ជួបគ្នា​នៅ​ថ្ងៃ​ចន្ទ ទី​៤​មករា និយាយ​ពី​សេចក្តីព្រាងច្បាប់​សហជីព​