បញ្ហា​អ្វីខ្លះ​លោក អូ​បា​ម៉ា​ប្រឹងប្រែង​ដោះស្រាយ​២០១៥ ?

​នៅសល់​ប៉ុន្មាន​ម៉ោង​ទៀត​ឆ្នាំ ២០១៥ ជិត​ផុត​ទៅហើយ​ដែរ ប៉ុន្តែ​បញ្ហា​សន្តិសុខ​អន្តរជាតិ​ច្រើនណាស់​ដែល សហរដ្ឋអាមេរិក​ក្រោម​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រឹងប្រែង​ដោះស្រាយ​តែ​មិនទាន់​អាច​ដោះស្រាយ​ចេញ​។ បញ្ហា​ផុសផុល​ពី​អាស៊ី ទៅ​អាហ្វ្រិក និង​បន្ត​ទៅដល់​អឺរ៉ុប​ថែមទៀត​។​ហើយ​បញ្ហា​សន្តិសុខ​មួយចំនួន​កាន់តែ​ធ្ងន់ធ្ងរ ជាពិសេស​បញ្ហា​ភេរវកម្ម​និង​ចលនា​ហិង្សា​ជ្រុលនិយម​។ នៅសល់​ប្រហែល​មួយឆ្នាំ​ប៉ុណ្ណោះ​សម្រាប់​លោក អូ​បា​ម៉ា ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងអស់ បើសិន​លោក​អាច​សម្រេច​ជោគជ័យ​បាន​ច្រើន អនាគត​ប្រធានាធិបតី​អាមេរិក​ប្រហែលជា​នឹង​អាចមកពី​បក្ស​ប្រជាធិបតេយ្យ​ទៀត​។ 

​ឆ្នាំ​២០១៥ ក្លាយជា​ឆ្នាំ​ដែល​បញ្ហា​សន្តិសុខ​កើតឡើង​ធ្ងន់ធ្ងរ​ខ្លាំង​ពី​ទ្វីបអាស៊ី ទៅ​អឺរ៉ុប បន្ត​ឆ្លង​ទៅដល់​អាហ្វ្រិក​ទៀត​។ ក្នុងចំណោម​បញ្ហា​ទាំងអស់នោះ ក្រៅពី​សង្គ្រាមស៊ីវិល ចលនា​ក្រុម​ភេរវជន​កើនឡើង​រហ័ស និង​គំរាមកំហែង​សន្តិសុខ​និង​សន្តិភាព​អន្តរជាតិ​កាន់​ខ្លាំង​។ សហគមន៍​អន្តរជាតិ​ហាក់ដូចជា​មិន​ស្រុះស្រួល​គ្នា​សោះ​ក្នុងការ​ដោះស្រាយ​បញ្ហា​អន្តរជាតិ ហើយ​បាន​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​រក​ផ្លូវ​ចប់​មិនឃើញ​។​

​សហរដ្ឋអាមេរិក​ដែល​តាំងពី​ចប់​សង្គ្រាមត្រជាក់ តាំងខ្លួន​ជា​អ្នករក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​អន្តរជាតិ​នោះ ក៏​កំពុង​ប្រឈម​បញ្ហាលំបាក​ខ្លាំង​ដែរ​ក្នុង​ឆ្នាំ ២០១៥ នេះ​។ បញ្ហា​ដ៏​ច្រើន​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អាប់មុខ មាត់​រដ្ឋបាល​អាមេរិក​ព្រោះ​នយោបាយ​ការបរទេស​គ្មាន​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ វា​ក៏​ក្លាយ​ការគំរាមកំហែង​សន្តិសុខ​ជាតិ​អាមេរិក​ថែមទៀត​។​

១.​បញ្ហា​មជ្ឈិមបូព៌ា​
​បញ្ហា​មជ្ឈិមបូព៌ា​នៅតែ​ជា​រឿង​ក្តៅ និង ពិបាក​ដោះស្រាយ​បំផុត​ដែរ​។ ការដោះស្រាយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​នៅតែ​ជា​រឿង​អាទិភាព​បំផុត​មួយ​សម្រាប់​រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន ទោះបីជា​អាមេរិក​ត្រូវ​ងាក​មក​អឺរ៉ុប និង​ត្រលប់មក​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ី​វិញ​ដើម្បី​ទប់ទល់​មហា​យក្ស​ចិន​។ ក្នុងចំណោម​បញ្ហា​ស្មុគស្មាញ​ទាំងនោះ​មាន​ជម្លោះ​នៅ​លី​ប៊ី  សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី និង ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន ជាដើម​។ បើ​និយាយ​ដល់​បញ្ហា លី​ប៊ី ថ្វីបើ​បដិវត្តន៍​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ ហ្កា​ដា​ហ្វី ពី​តំណែង​ក៏ដោយ ប្រជាជន​លី​ប៊ី​ដែល​ជឿ​ស្លុង​លើ​លោកខាងលិច​ចង់​ស្គាល់​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក​នោះ​ក៏​មិនទាន់​ស្គាល់​សន្តិភាព​និង​ការរីកចម្រើន ព្រោះ​ភាគី​នយោបាយ​បាន​បន្ត​ហែកហួរ​គ្នាដ​ណើ្ត​ម​អំណាច​។ តែ​កាលពី​សប្តាហ៍​មុន ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្រោម​ជ្រោមជ្រែង​របស់​ក្រុង​វ៉ាស៊ីនតោន បានសម្រេច​គាំ ស្រាយ​នយោបាយ​មួយ​ដែល​ជួយ​គូស​ផែន​សន្តិភាព​សម្រាប់​លី​ប៊ី​ដោយ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ​។ តែ​ផ្លូវ​ដើរ​នៅ​វែងឆ្ងាយ​ណាស់ ហើយ​សន្តិភាព​ដែលមាន​ដោយ​ការព្រមព្រៀង​គ្នា​រវាង​ភាគី​នយោបាយ​នៅតែ​ផុយស្រួយ​និង​មិន​ស្ថិត​ស្ថិរ​។

​ចំណែក​បញ្ហា​មួយ​ផ្សេងទៀត​គឺ សង្គ្រាម​រាំ​រ៉ៃ​ស៊ី​រី​។ មនុស្ស​រាប់ម៉ឺន​នាក់​បាន​ស្លាប់ ស្របពេល​ដែល​ជន​ស៊ីវិល​រាប់លាន​នាក់​ទៀត​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​សម្បែង​ដោយ​ភៀសខ្លួន​ទៅរក​កន្លែង​សុវត្ថិភាព​។ ទោះ​សង្គ្រាម​អូសបន្លាយ​ទៅ​អស់​ជាង​៤​ឆ្នាំ​ក៏ពិតមែន គេ​មិនទាន់​ឃើញ​សញ្ញា​វិជ្ជមាន​អ្វី​សោះ ជុំវិញ​ការនាំ​ភាគី​ជម្លោះ​ឲ្យ​មកកាន់​តុ​ចរចា​។ ស៊ី​រី​មិន​ត្រឹមតែ​ក្លាយជា​ទីលានប្រយុទ្ធ​គ្នា​រវាង​ប្រជាជន​ស៊ី​រី​ទេ តែ​វា​ក៏​ក្លាយជា​ជម្រក​ដ៏​សុខសាន្ត​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​ថែមទៀត​។ ហើយ​មហាអំណាច​ធំ​ដែល​គាំទ្រ​ភាគី​ជម្លោះ​រៀងខ្លួនៗ​ក៏​កំពុង​លូកដៃ​កាន់តែ​ជ្រៅ​ថែមទៀត​។ ដូច​ឃើញស្រាប់​រុស្ស៊ី​បាន​ហក់​ចូលប្រឡូក​ក្នុង​ជម្លោះ​ក្រោមលេស​កម្ចាត់​ក្រុម​ភេរវជន ដើម្បី​ការពារ​របប​ដឹកនាំ​លោក អាសាដ​។ រហូតដល់​សប្តាហ៍​មុន ក្រោម​គំនិត​ផ្តួចផ្តើម​និង​ការគាំទ្ររ​របស់​រុស្ស៊ី និង​អាមេរិក ក្រុមប្រឹក្សាសន្តិសុខ​បានអនុម័ត​ដំណោះស្រាយ​គាំទ្រ​ការនាំ​ភាគី​មក​ចរចា​គ្នា​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល ប៉ុន្តែ​ដំណោះស្រាយ​គ្មាន​និយាយ​វាសនា​លោក​អាសាដ ទេ​។ កាលណា​បើ​គ្មាន​កំណត់​តួនាទី​អាសាដ អាច​និយាយ​យ៉ាងខ្លី​ថា ដំណោះស្រាយ​នេះ​ពិបាក​នឹង​ជួយ​បញ្ចប់​រងើកភ្លើង​សង្គ្រាម​នេះ​ណាស់​។​

​សូម​និយាយ​បន្តិច​ដែរ​ពី​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។ បើ​ទោះ​វា​ជា​រឿង​ចាស់​ក្តី មិនទាន់មាន​អ្នកណា​មួយ​សូម្បីតែ​អាមេរិក​អាច​បញ្ចប់​ជម្លោះ​បានឡើយ​។ ទោះ​មាន​ការចរចា​គ្នា​អស់​រាប់​ឆ្នាំ​មក​ទៅហើយ​ក៏ដោយ អ៊ីស្រាអែល​មិន​ចង់​បញ្ចប់​អាណានិគម​របស់ខ្លួន​នៅលើ​ដី​ប៉ា​ឡេ​ស្ទី​ន​ឡើយ​។ សហគមន៍​អន្តរជាតិ​រួមទាំង​រដ្ឋបាល​លោក អូ​បា​ម៉ា​ផង​ចង់​ឲ្យ​ដំណោះស្រាយ​រដ្ឋ​ពីរ ដែល​មានន័យថា មាន​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន និង​រដ្ឋ​អ៊ីស្រាអែល​។ ប៉ុន្តែ​មកដល់​ឆ្នាំនេះ ការចរចា​សន្តិ​ភាពជា​ប់​គាំង ហើយ​អ៊ីស្រាអែល​ខ្នើសចិត្ត​ខ្លាំង​នឹង​រដ្ឋបាល​លោក អូ​បា​ម៉ា ផងដែរ​ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចេញ​រូបរាង​ជា​ផ្លូវការ​។

​ចុងក្រោយ​បញ្ហា​ក្រុម​ដែ​ស្ហ (Daesh) ។ ក្នុង​ឆ្នាំ ២០១៥ ក្រុម​ភេរវជន​ចាប់ផ្តើម​រាតត្បាត​ខ្លាំង​នៅលើ​ទី្វ​ប​បី​អាស៊ី អាមេរិក និង​អឺរ៉ុប ទោះបីជា​អាមេរិក​និង​សម្ព័ន្ធមិត្ត​បង្កើន​ការវាយប្រហារ​តាមផ្លូវ​អាកាស​ក៏ដោយ​។ យើង​ឃើញស្រាប់​ហើយ គ្រាន់តែ​ដើមឆ្នាំ ២០១៥ ក្រុម​ភេរវជន​ដែ​ស្ហ ចាប់ផ្តើម​វាយប្រហារ​នៅ​ទស្សនា​វ​ដ្តី Charlie Hebdo នៅ​បារាំង​។ បន្ត​មកដល់​ការ​វាយ​យ​ប្រហារ​របស់​ក្រុម​នេះ​នៅ​កណ្តាល​ក្រុងប៉ារីស​សម្លាប់​មនុស្ស​ជាង​១០០​នាក់ និង​បន្ត​វាយប្រហារ​ដល់​ទឹកដី​អាមេរិក​ទីក្រុង San Bernardino  ថែមទៀត​។ ការវាយប្រហារ​នៅ​អឺរ៉ុប និង​នៅ​អាមេរិក​ក្លាយជា​កង្វល់​ដ៏​ធំ​របស់​ប្រជាជន​អាមេរិក ព្រោះ​វា​ផ្ទុយ​ពីអ្វី​ដែល​លោក អូ​បា​ម៉ា ប្រាប់​ទៅកាន់​ប្រជាជន​ខ្លួន​ថា​អាមេរិក​អាច​រារាំង​និង​ឈានទៅ​កម្ទេច​ក្រុម​ដែ​ស្ហបាន​នៅពេល​ខាងមុខ​។​

២.​ជម្លោះ​អ៊ុយ​ក្រែ​ន​
 បញ្ហា​ធ្ងន់ធ្ងរ​មួយទៀត​គឺ​នៅ​ជម្លោះ​នៅ​រដ្ឋ​អឺរ៉ុប​ខាងកើត អ៊ុយ​ក្រែ​ន​។ ថ្វីបើ​ឆ្នាំ ២០១៥ សង្គ្រាមស៊ីវិល​នៅ​អ៊ុយ​ក្រែ​ន​ស្ងៀមស្ងាត់​និង​មិនសូវ​ក្តៅ​ខ្លាំង​ដូច​ឆ្នាំ​២០១៤​ក៏ពិតមែន តែ​ជម្លោះ​នេះ​នៅតែ​រក​ផ្លូវ​ចប់​មិនឃើញ​។ ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ចាប់ផ្តើម​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៥ ប៉ុន្តែ​អ្វីដែល​គេ​មើលឃើញ​គឺ​ការបន្ត​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត និង​ទាហាន​រដ្ឋាភិបាល​ក្រុង​គៀវ​។ លោកខាងលិច​មិនទាន់​អាចមាន​លទ្ធភាព​ជួយ​បញ្ចប់​ជម្លោះ​នេះ​ទេ ហើយ​ជន​ស៊ីវិល​ស្លាប់​ដោយសារ​ហិង្សា​បង្ហូរឈាម​គ្នា​នេះ​កើត​ដល់​ជាង​១​ម៉ឺន​នាក់​ឯណោះ​។ យុទ្ធសាស្ត្រ​សំខាន់ គឺ​ការកសាង​កម្លាំងយោធារ​បស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ និង​ក្រុង​វ៉ាស៊ីនតោន​នៅតាម​បណ្តា​រដ្ឋ​អឺរ៉ុប​ខាងកើត​ដើម្បី​ដាក់​គំរាម​រុស្ស៊ី​។ ក្រៅពីនេះ​លោកខាងលិច​បន្ត​ប្រើប្រាស់​ទណ្ឌកម្ម​និង​ការហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ដើម្បី​ប្រឆាំង​រុស្ស៊ី​ឲ្យ​បន្ទន់​ជំហរ​ផង​។   តែ​រុស្ស៊ី​បច្ចុប្បន្នកំពុង​ងាក​មក​មជ្ឈិមបូព៌ា​ដើម្បី​ការពារ​របប​អាសាដ​ផង​និង​កម្ចាត់​ក្រុម​ភេរវជន​ផង ទើប​បញ្ហា​នេះ​មិនសូវមាន​គេ​ចាប់អារម្មណ៍​។

៣.​បញ្ហា​អាហ្វ្រិក​
​តាំងពី​យូរយារ​មកហើយ ចំនួន​ជម្លោះ​ប្រដាប់អាវុធ ហិង្សា​ជ្រុលនិយម និង​បញ្ហា​អស្ថិរភាព​នយោបាយ មិនមាន​ថមថយ​នៅក្នុង​ទ្វីបអាហ្វ្រិក​។ ទោះបី​របប​ដឹកនាំ​វ៉ាស៊ីនតោន​ហាក់បីដូចជា​មិនសូវ​យកចិត្តទុកដាក់​ខ្លាំង​នៅ​បញ្ហា​អាហ្វ្រិក​ក៏ដោយ នយោបាយ​ការបរទេស​អាមេរិក​នៅ​ផ្តោតលើ​ការលើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅលើ​ទឹកដី​ក្រីក្រ​នេះ​ដដែល​។​

 បញ្ហា​ជាច្រើន​ទាំងនោះ​មានដូចជា សង្គ្រាមស៊ីវិល​ស៊ូដង់​ខាងត្បូង អា​ហ្វ្រិ​កណ្តាល សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កូ  ចលនា​ក្រុម​ភេរវជន​បូ​កូ​ហា​រ៉ា​ម​នៅ​នី​ហ្សេ​រី​យ៉ា ចលនា​ភេរវជន អាល់​ហ្សា​បាប នៅ​សូ​ម៉ាលី  អស្ថិរភាព​នយោបាយ​នៅ​ប៊ូ​រ៉ុ​ន​ឌី និង​ប៊ួ​គី​ណា​ហ្វា​សូ​ជាដើម​។ នេះ​មិន​រាប់ទាំង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការរំលោភ​អំណាច​របស់​មេដឹកនាំ​ផ្តាច់ការ​មួយចំនួន​នៅ​អាហ្វ្រិក​ផង​។ សហរដ្ឋអាមេរិក​ឥឡូវនេះ​ហាក់បីដូចជា​ចាញ់​ប្រៀប​ចិន​ផងដែរ​បើ​និយាយ​ដល់​បញ្ហា​អាហ្វ្រិក ព្រោះ ចិន​ទទួលជោគជ័យ​ក្នុងការ​ពង្រឹង​អំណាច​និង​ឥទ្ធិពល​របស់ខ្លួន​នៅ​អាហ្វ្រិក​រួចទៅហើយ​។​

 ៤.​សង្គ្រាម​អា​ហ្វ​ហ្កា​នី​ស្ថាន​
​កាលបរិច្ឆេទ​ការដក​កងទ័ព​អាមេរិក​ឲ្យ​អស់​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​ត្រូវបាន​រដ្ឋបាល​លោក អូ​បា​ម៉ា​ផ្លាស់ប្តូរ​ជាច្រើនលើក​ច្រើនសារ​។ ក្នុង​ឆ្នាំ ២០១៥ លោក អូ​បា​ម៉ា ស្រាប់តែ​ចេញមុខ​ប្រកាស​ផ្លាស់ប្តូរ​គម្រោង​ដោយ​សម្រេច​ដក​កងទ័ព​បន្តិច​ម្តង និង​រក្សា​ទ័ព​ជិត ១​ម៉ឺន​នាក់​ដើម្បី​ជួយ​បង្វឹក​កងទ័ព​ដែល​ច្បាំង​ការពារ​សន្តិសុខ​និង​ជន​ស៊ីវិល​ប្រឆាំង​ក្រុម​ភេរវជន​រហូតដល់​ដើមឆ្នាំ ២០១៧​។

​តាមពិតទៅ ការដក​កងទ័ព​នេះ​មិន​មានន័យថា អា​ហ្វ​ហ្កា​នី​ស្ថាន​បានបញ្ចប់​សង្គ្រាម​និង​ស្គាល់​សន្តិភាព​ទេ​។ ស្រប​ពេលដែល​អាមេរិក​និង​ណា​តូ​បន្ត​ដកទ័ព ក្រុម​តា​លី​បង់​បន្ត​បង្កើន​ការវាយប្រហារ ហើយ​បញ្ហា​ធំ​មួយទៀត​គឺ​វត្តមាន​ក្រុម​ដែ​ស្ហ​នៅលើ​ទឹកដី​អា​ហ្វ​ហា្ក​នី​ស្ថាន​តែម្តង​។ ប៉ុន្តែ​ខណៈ​អាមេរិក​បោះដៃ​ចោល ចិន ឥណ្ឌា និង​រុស្ស៊ី​ឯណោះ កំពុង​ប្រជែង​ចូល​ជួយ​អា​ហ្វ​ហ្កា​នី​ស្ថាន​ដើម្បី​ជំនួស​តំណែង​អាមេរិក​ថែមទៀត​នាពេល​បច្ចុប្បន្ន​។

​ទោះជា​យ៉ាងណាក៏ដោយ អាណត្តិ​ចុងក្រោយ​នៃ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា   សហរដ្ឋអាមេរិក​បាន​រួមចំណែក​ដោះស្រាយ​បញ្ហា​ពិភពលោក​សំខាន់ៗ​ច្រើន​ដែរ ប៉ុន្តែ​បញ្ហា​ច្រើន​ទៀត​ដែល​រដ្ឋបាល​នេះ​មិនមាន​លទ្ធភាព​ដោះស្រាយ​ចប់​។ នៅសល់​ប្រហែល​មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​ដែល​លោក អូ​បា​ម៉ា បេក្ខជន​ដូចជា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក៏​ប្រហែលជា​ពឹងផ្អែក​ខ្លាំង​លើ​សមិទ្ធផល​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក្នុង​ឆ្នាំ​ចុងក្រោយ​ឆ្នាំ ២០១៦​នេះដែរ ដើម្បី​ឈានឆ្ពោះ​ទៅគ្រប់​គ្រង​តំណែង​ប្រធានាធិបតី​៕