ឡាវ​បិទ​ច្រក​ទន្លេ​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​បន្ត​ទៀត

ច្រក​ទន្លេ​នៃ​កោះ​សាហុង ដែល​ជា​ផ្នែក​មួយ​នៃ​ទីតាំង​សាងសង់​ទំនប់​វារីអគ្គិសនី​ដងសាហុង (Don Sahong) នៃ​ប្រទេស​ឡាវ ត្រូវ​បាន​ក្រុមហ៊ុន​សាងសង់​ទំនប់​ឈូស​ឆាយ​ដី​បិទ​ច្រក​ទន្លេ​នេះ​រួចរាល់។ការ​បិទ​ច្រក​ទន្លេ​នេះ គឺ​ផែនការ​សម្រេច​បាន​ប្រមាណ ៣០​ភាគរយ​នៃ​ការ​សាងសង់​ទំនប់​នេះ។

​មន្ត្រី​ឃ្លាំមើល​បរិស្ថាន​អង្គការ​ទន្លេ​បី អះអាង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ថា ការ​បិទ​ច្រក​កោះ​សាហុង របស់​ក្រុមហ៊ុន​សាងសង់​ទំនប់​គឺ​ជា​ការ​ចាប់​ផ្ដើម​ទ្រង់ទ្រាយ​ធំ​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង របស់​ភាគី​ឡាវ។

​អតីត​មន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន កត់សំគាល់​ថា  ច្រក​កោះ​សាហុង គឺ​ជា​ច្រក​ទន្លេ​សំខាន់​ជាង​គេ​នៃ​ច្រក​ទន្លេ​ជា​ច្រើន​នៅ​ប្រទេស​ឡាវ ដែល​មាន​​ប្រភព​ទឹក​ពី​ទន្លេ​មេគង្គ។ ច្រក​ហ៊ូសាហុង (Hu Sahong) គឺ​ជា​ច្រក​ទន្លេ​តែ​មួយ​គត់​ដែល​មច្ឆជាតិ​ធ្វើ​បន្លាស់​ទី​​ពី​ខ្សែ​ទឹក​ខាង​ក្រោម​ទៅ​ពង​កូន​នៅ​តំបន់​ខ្សែ​ទឹក​ខាង​លើ ហេតុ​នេះ​ការ​បិទ​ច្រក​ទន្លេ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​ចរាចរ​មច្ឆជាតិ និង​ការ​ពង​កូន​របស់​វា៖ «ហ៊ូសាហុង ត្រូវ​បាន​បិទ ហើយ​ត្រី​មិន​អាច​ចរាចរ​ឡើង​ទៅ​លើ​បាន​ទេ។ គម្រោង​សាងសង់​ហ្នឹង​មិន​ទាន់​បើក​ច្រក​របៀង​ឲ្យ​ត្រី​ឡើង​ចុះ​ទៅ​មេគង្គ​លើ​បាន»

ប្រទេស​ឡាវ បាន​ចាប់​ផ្ដើម​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង ចាប់​ពី​ខែ​តុលា ឆ្នាំ​២០១៥ ខណៈ​ដែល​ប្រទេស​ជា​សមាជិក​ទាំង​បួន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ មាន​កម្ពុជា ថៃ ឡាវ និង​វៀតណាម បាន​ឯកភាព​គ្នា​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ថា​នឹង​ពិគ្រោះ​យោបល់​គ្នា​មុន​នឹង​ធ្វើ​ការ​សាងសង់​ទំនប់។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​តំបន់​ដនសាហុង កាល​ពី​សប្ដាហ៍​មុន​នេះ អតីត​មន្ត្រី​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី គឺ​លោក មៀច មាន សង្កេត​ឃើញ​រថយន្ត​បាន​បើក​ឆ្លង​កាត់​កោះ​សាហុង បន្ទាប់​ពី​គ្រឿង​ចក្រ​បាន​ឈូស​ឆាយ​បិទ​ច្រក​ទន្លេ​នេះ។ លោក​ថា កា​បិទ​ច្រក​កោះ​សាហុង បង្ហាញ​ថា ផែនការ​សាងសង់​ទំនប់​សម្រេច​បាន​ប្រមាណ ៣០​ភាគរយ។ ករណី​នេះ​គឺ​ជា​ហានិភ័យ​ចំពោះ​អនាគត​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា ដែល​ជា​បេះដូង​នៃ​ប្រព័ន្ធ​ជីវចម្រុះ​ឆ្លង​ដែន និង​ជា​អាយុជីវិត​នៃ​សត្វ​កម្រ​មួយ​ចំនួន ហើយ​ក៏​ជា​ប្រភព​ចំណូល​ពលរដ្ឋ​រាប់​រយ​លាន​នាក់​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ ប៉ែក​ខាង​ក្រោម។

​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង មាន​កម្ពស់​ពី ៣០​ម៉ែត្រ ទៅ ៣២​ម៉ែត្រ និង​មាន​ប្រវែង​ប្រហែល ៧​គីឡូម៉ែត្រ។ ទំនប់​នេះ​មាន​ចម្ងាយ​ប្រមាណ ១.៥០០​ម៉ែត្រ​ពី​ព្រំដែន​ប្រទេស​កម្ពុជា ក្នុង​ខេត្ត​ស្ទឹងត្រែង។ ទំនប់​វារីអគ្គិសនី​នេះ​ផលិត​ថាមពល​អគ្គិសនី​ចាប់​ពី ២៤០​មេហ្គាវ៉ាត់ ទៅ ៣៦០​មេហ្គាវ៉ាត់។ ក្រុមហ៊ុន​មេហ្គា ហ្វើស (Mega First Corporation Berhad) ដែល​ជា​អ្នក​សាងសង់​ទំនប់​នេះ ធ្លាប់​ប្រកាស​ថា ខ្លួន​បាន​សិក្សា និង​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន ឬ​ហៅ​កាត់​ថា EIA (Environmental Impact Assessment) រួច​ហើយ​មិន​មាន​ផល​ប៉ះពាល់​អ្វី​នោះ​ទេ។

ទាក់ទិន​ការ​បិទ​ច្រក​ទន្លេ​ហ៊ូសាហុង​នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​យន្តការ​ណា​អាច​បញ្ឈប់​ការ​សាងសង់​ទំនប់​របស់​​ភាគី​ឡាវ បាន​ឡើយ ពីព្រោះ​ទំនប់​ដនសាហុង សាងសង់​ក្នុង​ទឹកដី​ឡាវ។ លោក​បន្ត​ថា រាជរដ្ឋាភិបាល​ធ្លាប់​បាន​ផ្ញើ​កំណត់​ទូត​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​ផល​ប៉ះពាល់​ជូន​ប្រទេស​ឡាវ រួច​ហើយ៖ «ពីព្រោះ​អា​ហ្នឹង​ក្នុង​ដែន​អធិបតេយ្យភាព​គេ យើង​មិន​ដឹង​ធ្វើ​ម៉េច​ដែរ ប៉ុន្តែ​កំណត់​ការទូត​យើង​បាន​ធ្វើ​រួច​ហើយ»

ស្រដៀង​គ្នា​នេះ​ដែរ អគ្គលេខាធិការ​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា លោក តែ ណាវុធ អះអាង​ដែរ​ថា ជា​ការ​លំបាក​ក្នុង​ការ​ទប់ស្កាត់​ការ​សាងសង់​ទំនប់​ដនសាហុង​នេះ ពីព្រោះ​ការ​សាងសង់​ទំនប់​ដនសាហុង ឋិត​ក្នុង​អធិបតេយ្យភាព​ទឹក​ដី​នៃ​ប្រទេស​ឡាវ។ ចំណែក​ភាគី​ឡាវ អះអាង​ថា មិន​មាន​ផល​ប៉ះពាល់​អ្វី​ស្ដីពី​ការ​សាងសង់​ទំនប់​នោះ​ទេ។ លោក​ថា កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៥ កំណត់​ឲ្យ​បញ្ឈប់ និង​សង​សំណង​ប្រសិន​រក​ឃើញ​មាន​ផល​ប៉ះពាល់​ឆ្លង​ដែន​ជាក់លាក់៖ «មាត្រា​ទី​៧ ចែង​ថា បើ​យើង​ឃើញ​មាន​ផល​ប៉ះពាល់​ជាក់ស្ដែង យើង​អាច​សុំ​ឲ្យ​បញ្ឈប់។ មាត្រា​ទី​៨ ​ចែង​ថា ការ​ទទួល​ខុស​ត្រូវ​សំណង​ដោយ​រដ្ឋ​ជា​ភាគី អា​ហ្នឹង​បើ​និយាយ​ពី​ច្បាប់​កិច្ច​ព្រមព្រៀង»

​ទោះជា​យ៉ាង​ណា​ក៏ដោយ មន្ត្រី​អភិរក្ស​បរិស្ថាន លោក មៀច មាន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​ផល​ប៉ះពាល់​ជាក់លាក់​ស្ដីពី​ការ​សាងសង់​ទំនប់​ដនសាហុង ដើម្បី​ធ្វើ​ជា​សំអាង​ស្នើ​ឲ្យ​ភាគី​ឡាវ បញ្ឈប់ ឬ​សង​សំណង​ផល​ប៉ះពាល់​តាម​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។