លោក យឹម វណ្ណៈ មេ​គយ​ច្រក​ដូង​៧​ដើម ប្រើ​ជំនាញ​រាប់​ក្បាល​ឡាន​ដឹកឈើ​-​កសិផល​-​ជួយ​សម្រួល​ទំនិញគេចពន្ធ​កើប​លុយ​ស្រង់ដើម និង​រៀបចំ​ឆ្នាំងបាយ​ជូន​ថ្នាក់លើ​

​ខេត្ត​ត្បូងឃ្មុំ ៖ ចាប់តាំងពី​ពេលដែល លោក យឹម វណ្ណៈ ប្រធានស្តីទី ការិយាល័យ​គយ និង​រដ្ឋាករ ច្រក​ដូង ៧​ដើម នៅ​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​រង​ការចោទប្រកាន់ថា​កំពុង​លួច​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ភារកិច្ច​ប្រមូល​ពន្ធ​នា​បច្ចុប្បន្ននេះ​។ ដោយសារតែ​ប្រមូល​ពន្ធ​មិន​ប្រក្រតី គេ​សង្កេតឃើញ​ឈ្មួញ​រកស៊ី តូចតាច រអ៊ូរទាំ​យ៉ាងខ្លាំង ពី​ការ​កោសរូស បង្ខំ​ឲ្យ​បង់លុយ ដោយ​គ្មាន​ការយោគយល់ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញគេចពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​៧​ដើម ទទួលបាន​ការយោគយល់​ពី​លោក យឹម វណ្ណៈ ព្រោះ​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​ធ្វើ​ឲ្យ​លោក យឹម វណ្ណៈ សប្បាយ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​។​

​ក្រុម​អ្នករកស៊ី​ដឹកទំនិញ​តូចតាច​បាន​រាយការណ៍​ថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត ពូក​រលួយ​គ្មាន​ការកែទម្រង់ ព្រោះ​មាន​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់ គឺ​ជំនាញ​គយ របស់ លោក យឹម វណ្ណៈ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ទំនិញ​ក្លែងភេទ និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។ ពេលខ្លះ​ឈ្មួញ ដឹក​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿងសំណង់ និង​ទំនិញ​មានតម្លៃ តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់ហួយ​ទៅវិញ​។ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះដែរ យ៉ាងច្រើន​គេ​បង់ ត្រឹមតែ ៤០​ទៅ​៥០ ភាគរយ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សម្បើម ក្នុង​មួយខែៗ ប៉ុន្តែ​ថវិកា​នោះបាន​ធ្លាក់​ចូលទៅ​ហោប៉ៅ​លោក យឹម វណ្ណៈ យ៉ាង​ត្រជាក់ចិត្ត រហូតដល់ លោក​យឹម វណ្ណៈ រៀបចំ​កញ្ចប់​ខែ​ជូន​ថ្នាក់លើ​ឆ្វេង​ស្តាំ​ទប់នឹង​ការ​រឹតបន្តឹង និង​ចាប់កំហុស​ពីថ្នាក់លើបាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។​

​ដោយឡែក​ប្រជាពលរដ្ឋ​ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​ឲ្យ​ដឹងថា ពួកគាត់​ដឹក​ដំឡូង​មី ពោត សណ្តែក គ្រាប់ស្វាយចន្ទី បាន​ប្រាក់ចំណេញ​តិចតួច​ប៉ុណ្ណោះ ត្រូវ​កូនចៅ​របស់លោក យឹម វណ្ណៈ គាប​យកលុយ​តាម​អំពើ​ចិត្ត ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​កសិផល​របស់​កសិករ​ចេះតែ​ធ្លាក់​តម្លៃ​ដោយសារ​ឈ្មួញ​ត្រូវ​ចំណាយ​បង់​សោហ៊ុយ​តាមផ្លូវ​រហូតមកដល់​ក្រុម​គយ​លោក យឹម វណ្ណៈ​។ បច្ចុប្បន្ន​លោក យឹម វណ្ណៈ កំពុងតែ​សើម​មាត់​សើ​មក ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់​ដឹកទំនិញ និង​ដឹកឈើ​ឆ្លងដែន​ទៅ​វៀតណាម​របស់​ឧកញ៉ា​គ្រាក់ៗ ដើម្បី​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ដោយ​មិន​ខ្វល់​ពីការកែទម្រង់ ឬ​ការណែនាំ​របស់លោក គុណ ញឹម មេ​គយ​នោះទេ​៕ ​

KA-31-12-2015-20 KA-31-12-2015-21 KA-31-12-2015-23 KA-31-12-2015-22