តើ​អ្នកបើកបរ​យានយន្ត ត្រូវយក​ឯកសារ​អ្វីខ្លះ តាម​ខ្លួន ចាប់ពី​ថ្ងៃទី​១​មករា​តទៅ​?

ភ្នំពេញ: ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ប៉ូលិស​បាន​តម្រូវ​ឲ្យ​អ្នកបើកបរ​យានយន្ត ត្រូវយក​ភ្ជាប់​តាម​ខ្លួន​នូវ​ឯកសារ​ដើម រួមមាន​៖ ប័ណ្ណបើកបរ​យានយន្ត ( ពាក់​មី ) ប័ណ្ណ​សម្គាល់​យានយន្ត ( កាត​គ្រី ) វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ( ឈៀក ) ឬ​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​ចំពោះ​រថយន្ត ដែល​ប្រកប​អាជីវកម្ម​ដឹកជញ្ជូន​។​

​បើសិនជា​អ្នកបើកបរ​យានយន្ត ដែល​មិនបាន​ភ្ជាប់​តាម​ខ្លួ​នូវ​ឯកសារ​ដើម​ខាងលើនេះ​ទេ នឹង​ចាត់​ចូល​ប្រភេទ​អំពើ​ល្មើស ដែល​មានចែង​ក្នុង​មាត្រា ៦​។ មាត្រា ៦ ក្នុង​ប្រកាស​អន្តរក្រសួង ស្តីពី ការគ្រប់គ្រង​ប្រាក់ចំណូល ដែល​បាន​ពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក បានកំណត់​ពី​ចំនួន​ទឹកប្រាក់​ពិន័យ ចំនួន ១៥០០០ រៀល សម្រាប់​ម៉ូតូ រឺ​ម៉ក​ម៉ូតូ ឬ​ម៉ូតូ​កង់​បី​។ ចំនួន ២៥០០០ រៀល សម្រាប់​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ធុន​ធ្ងន់ ចំនួន ៥​ម៉ឺន​រៀល​។​

​សូមបញ្ជាក់ថា ប្រកាស​អន្តរក្រសួង ដែក​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បានកំណត់​ពី​ចំនួន​ទឹកប្រាក់​ពិន័យ​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​កំណត់ ក្នុង​មាត្រា ៦ មាត្រា​៧ មាត្រា​៨ និង​មាត្រា​៩ ចន្លោះ​ទឹកប្រាក់​ពី ១៥០០០ រៀល រហូតដល់ ១២៥០០០ រៀល​។​

​ក្នុង​ប្រកាស​អន្តរក្រសួង​ដដែល បាន​កំណត់ថា អ្នកបើកបរ​យានយន្ត ដែល​បើកបរ​ដោយ​ពុំមាន​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ប្រើ​វិញ្ញាបនបត្រ​ត្រួតពិនិត្យ​លក្ខណៈ​ប​ច្ច​កេ​ទេស ( ឈៀក ) ហួស​សុពលភាព ត្រូវ​ពិន័យ ចំនួន ៦​ម៉ឺន​រៀល សម្រាប់​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ធុន​ធ្ងន់ ចំនួន ១២៥០០០ រៀល​។​

​ប្រកាស​អន្តរក្រសួង ក៏បាន​កំណត់ថា "​ក្នុងករណី​ដែល​អ្នកប្រព្រឹត្ត​លើ្ម​ស​មិនបាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ឬ​មិនបាន​ដាក់ពាក្យ​ប្តឹងតវ៉ា ក្នុង​រយៈពេល ៣០ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ដែល​បានទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍ នោះ​ចំនួន​ទឹកប្រាក់​ពិន័យ​នឹងត្រូវ​ឡើងជា​ពីរដង បើ​លើសពី ៦០ ថ្ងៃ នឹងត្រូវ​ដំឡើង​ជា​បី​ដង​។ ករណី​ផុត​រយៈពេល ៩០ ថ្ងៃ មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រៀបចំ​សំណុំ​ឯកសារ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​"៕​