ប៉ូលិស ទទួលបាន ៧០% ពី​ប្រាក់​ពិន័យ​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក

ភ្នំពេញ: ប្រកាស​អន្តរក្រសួង ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ បានកំណត់​បែង​ចែង​ប្រាក់​ពិន័យ ៧០% ដល់​ប៉ូលិស ដែល​បំពេញភារកិច្ច​នៅនឹងកន្លែង​។ ក្រៅពីនោះ បែងចែក​ទៅកាន់​ផ្នែក​ផ្សេងៗ​ទៀត​របស់​ក្រសួងមហាផ្ទៃ ហើយ​ចូលក្នុង​ថវិកាជាតិ ចំនួន ៤% និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន ១% នៃ​ប្រាក់​ពិន័យ ដែល​ប្រមូលបាន​។​

​ប្រកាស​អន្តរក្រសួង​នោះ បានកំណត់​ពី​ចំនួន​ទឹកប្រាក់​ពិន័យ​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវបាន​កំណត់ ក្នុង​មាត្រា ៦ មាត្រា​៧ មាត្រា​៨ និង​មាត្រា​៩ ចន្លោះ​ទឹកប្រាក់​ពី ១៥០០០ រៀល រហូតដល់ ១២៥០០០ រៀល​។​

​ក្នុង​ប្រការ​៨ ចែងថា ប្រាក់ចំណូល​ដែល​ប្រមូលបាន​ពី​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក ត្រូវបាន​បែងចែក​ជា​ចំណែក សម្រាប់​បង់​ចូល​ថវិកាជាតិ ចំណែក​ប្រាក់រង្វាន់​ផ្តល់ជូន​ក្រសួងមហាផ្ទៃ និង​ចំណែក​ប្រាក់រង្វាន់​ផ្តល់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ផ្អែក​តាម​សមាមាត្រ​ភាគរយ​ធៀង​ទៅនឹង​ប្រាក់​ពិន័យ ដែល​ប្រមូលបាន ដែល​កំណត់ ដូចខាងក្រោម​៖
-​បង់​ចូល​ថវិកាជាតិ ចំនួន ៤% ( បួន​ភាគរយ ) នៃ​ប្រាក់​ពិន័យ ដែល​ប្រមូលបាន​
-​ផ្តល់ជូន​ក្រសួងមហាផ្ទៃ ចំនួន ៩៥% ( កៅសិប​ប្រាំ​ភាគរយ ) នៃ​ប្រាក់​ពិន័យ ដែល​ប្រមូលបាន សម្រាប់​ចំណាយ​ឧបត្ថម្ភ​ជូន​មន្ត្រី និង​ពង្រឹង​យន្តការ​ប្រមូល​ចំណូល និង​បែង​ចែកជូន​ដល់​អង្គភាព​គោលដៅ ដូចខាងក្រោម​៖
+​នគរបាល​ចរាចរណ៍​ផ្លូវគោក ដែល​បំពេញភារកិច្ច​នៅនឹងកន្លែង ចំនួន ៧០% ( ចិតសិប​ភាគរយ )
+​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចំនួន ១០% ( ដប់​ភាគរយ )
+​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ចំនួន ៩% ( ប្រាំបួន​ភាគរយ )
+​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្រុក​ខណ្ឌ ចំនួន ៥% ( ប្រាំ​ភាគរយ )
+​ផ្តល់ជូន​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួងមហាផ្ទៃ ចំនួន ១% ( មួយ​ភាគរយ )
-​ផ្តល់ជូន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចំនួន ១% ( មួយ​ភាគរយ ) នៃ​ប្រាក់​ពិន័យ​ដែល​ប្រមូលបាន​។​

​ក្នុង​ប្រកាស​អន្តរក្រសួង​ដដែល បាន​កំណត់ថា ក្នុងករណី​ដែល​អ្នកប្រព្រឹត្ត​លើ្ម​ស​មិនបាន​បង់ប្រាក់​ពិន័យ​អន្តរការណ៍ ឬ​មិនបាន​ដាក់ពាក្យ​ប្តឹងតវ៉ា ក្នុង​រយៈពេល ៣០ ថ្ងៃ គិត​ចាប់​ពីថ្ងៃ​ដែល​បានទទួល​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍ នោះ​ចំនួន​ទឹកប្រាក់​ពិន័យ​នឹងត្រូវ​ឡើងជា​ពីរដង បើ​លើសពី ៦០ ថ្ងៃ នឹងត្រូវ​ដំឡើង​ជា​បី​ដង​។ ករណី​ផុត​រយៈពេល ៩០ ថ្ងៃ មន្ត្រី​មាន​សមត្ថកិច្ច ត្រូវ​រៀបចំ​សំណុំ​ឯកសារ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​៕​