កម្មករ​៥​នាក់​បាន​រង​របួសធ្ងន់​ដោយសារ​ដាក់​រំសេវ​បំផ្ទុះ​ភ្នំ​ច្រ​លួ​ញ

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​មាន​កម្មករ​៥​នាក់​បាន​រង​របួសធ្ងន់​កាលពី​ពេល​ថ្មី​ៗកន្លង​ទៅ​​នេះ​នៅ​ពេល​កម្មករ​ទាំងនោះ​បាន​ស៊ី​ឈ្នូ​ល​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ខួង​ថ្ម​ដាក់​រំសេវ​បំផ្ទុះ​បំបែក​ភ្នំ​ច្រ​លួ​ញ ដែល​ស្ថិត​ក្នុងភូមិ​ច្រក​ឃ្លៃ ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ខណៈ​ពេល​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​នោះ​អះអាង​ថា មានច្បាប់​ត្រឹមត្រូវ​ក្នុង​ការ​បំផ្ទុះ​ភ្នំ​នោះ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​៥​គ្រួសារ​ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ​ភ្នំ​ច្រ​លួ​ញ​បាន​ចេញ​មុខ​ជំទាស់​ចំពោះ​ការ​ដាក់​រំសេវ​បំផ្ទុះ​ភ្នំ​នេះ ដោយ​សារ​ការ​ដាក់​រំសេវ​បំផ្ទុះ​ភ្នំ​នេះ​បាន​ផ្ទុះ​កក្រើក​ទឹក កក្រើក​ដី កក្រើក​ភ្នំ ហើយ​មាន​ហើរ​បំណែក​ថ្ម​ធ្លាក់​លើដំបូល​ផ្ទះ​គាត់​ឡើង​ធ្លុះ​ធ្លាយ​អស់ និង​ហុយផ្សែង​ដូច​កន្ទក់​ចូល​ក្នុងផ្ទះ​សម្បែង​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​រកតែ​កន្លែង​ហូប​បាយ​មិន​បាន​ផង ។

ប្រជាពលរដ្ឋ​ទាំង​៥​គ្រួ​សារបាន​សំណូមពរ​អាជ្ញាធរ​ស្រុក​-​ខេត្ត​ចុះ​ពិនិត្យ​ជាក់ស្តែង​ផង​ថា​តើ​រឿង​ដែល​កើតឡើង​មាន​ពិត ឬ​យ៉ាងណា កុំ​ចេះ​​តែ​ជឿតាម​គេ​និយាយ​អី ។

លោក លី គឹ​ម​វុន ហៅ អុល តំណាង​ក្រុមហ៊ុន​ឯកជន​មួយ​​ដែល​បាន​បណ្ដាក់​ទុនបំផ្ទុះ​ថ្ម​ភ្នំ​នេះ​បាន​ឲ្យ​ដឹង​ថា លោក​កំពុង​រៀបចំ​ដាក់​សញ្ញា​គ្រោះថ្នាក់​នៅ​ជុំវិញ​ភ្នំ​នេះ ហើយ​ពេល​បំផ្ទុះ​​នឹង​មាន​សំឡេង​ស៊ី​រ៉ែ​ន​ស្រែក​ប្រាប់​ជា​សញ្ញាទៀតផង ។

កម្មករ​ម្នាក់​ឈ្មោះ សាយ ណា​ក់ អាយុ​៣០​ឆ្នាំ បាន​និយាយ​ថា ខ្លួន​បាន​រង​របួស​បាក់​ភ្លៅ​ឆ្វេង ហើយ​ក្រុមហ៊ុន​គេ​ជួយ​ចេញ​លុយ​ព្យាបាល​តែ​៤០​ម៉ឺន​រៀល​ប៉ុណ្ណោះ មិន​អាច​បង់ថ្លៃ​ព្យាបាល​គ្រប់គ្រាន់​ទេ ។ កម្មករ​រូប​នេះ​និយាយ​ទៀត​ថា កម្មករ​ផ្សេង​ទៀត​ក៏​បាន​រង​របួស​ដូច​ខ្ញុំ​ដែរ តែ​មិន​ធ្ងន់ធ្ងរ​ពេក​ទេ ។

លោក សុខ មាស នាយ​នគរបាល​ប៉ុស្តិ៍​ទូក​មាស​ខាងលិច បាន​ប្រាប់​ឲ្យ​ដឹង​ថា ពលរដ្ឋ​នៅ​ភូមិ​ច្រក​ឃ្លៃ មិន​ទាន់​បាន​ដាក់​ពាក្យបណ្ដឹង​ចូល​មក​ប៉ុស្តិ៍​នគរ​បាល​នៅឡើយ​ទេ គ្រាន់តែ​ទូរស័ព្ទ​ប្រាប់​នគរបាល​ថា មាន​ក្រុមហ៊ុន​មក​បំផ្ទុះ​ថ្ម​ប៉ះពាល់​ដល់​សុខភាព​ និង​ការ​រស់​នៅ​របស់​អ្នក​ភូមិ​ច្រក​ឃ្លៃ ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន​ឯកជន​មួយ​នេះ​នៅ​មិន​ទាន់​លើ​ស្លាក​ប៉ាណូ​បង្ហាញ​ឈ្មោះ​នៅឡើយ​ទេ តែ​​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រាប់​ថា ម្ចាស់​ក្រុមហ៊ុន​នេះ​ជា​ម្ចាស់​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​ភ្នំ​មាស​នៅ​ស្រុក​កំពង់ត្រាច អាច​សង់​រោងចក្រ​ខ្នាត​មធ្យម​មួយ​កិន​ថ្ម​ធ្វើ​ម្ស៉ៅ​បៀក និង​ចំណី​សត្វ ៕