ប្រទេស​អ៊ីរ៉ង់​ព្រមាន​ប្រឆាំង​នឹង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក

ប្រទេស​អ៊ីរ៉ង់​ព្រមាន​ប្រឆាំង​នឹង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក

Jaber Ansari Hossein

ប្រទេស​អ៊ីរ៉ង់​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ខ្លួន​នឹង​ឆ្លើយ​តប​ទៅ​នឹង​វិធានការ «អន្តរាគមន៍​និយម» ណា​មួយ​របស់​អាមេរិក ក្រោយ​ពី​មន្ត្រី​អាមេរិក​និយាយ​ថា ក្រសួង​រតនាគារ​របស់​ខ្លួន​កំពុង​ត្រៀម​ដាក់​ទណ្ឌកម្ម​ថ្មីៗ​ទៀត ទាក់ទង​នឹង​កម្មវិធី​មីស៊ីល​ផ្លោង​របស់​អ៊ីរ៉ង់។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ លោក Hossein Jaber Ansari បាន​ហៅ​ផែនការ​ដាក់​ទណ្ឌកម្ម​ថ្មី​នេះ​ថា ធ្វើ​ឡើង​ដោយ «អត្តនោម័ត តាម​ទំនើង​ចិត្ត​ និង​ខុស​ច្បាប់»។

កាសែត The Wall Street Journal ដែល​បាន​រាយការណ៍​អំពី​ផែនការ​ថ្មី​នេះ មុន​គេ បាន​ឲ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌកម្ម​ថ្មីៗ​នេះ​ទំនង​ជា​ត្រូវ​គេ​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ក្នុង​សប្តាហ៍​នេះ ហើយ​នឹង​រួម​បញ្ចូល​បុគ្គល​ និង​ក្រុមហ៊ុន​ចំនួន​១២​នៅក្នុង​ប្រទេស​អ៊ីរ៉ង់ ទីក្រុង​ហុងកុង និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

ទណ្ឌកម្ម​ថ្មី​នេះ​នឹង​អំពាវនាវ​ឲ្យ​ធនាគារ​អាមេរិក​ទាំង​អស់ បង្កក​ទ្រព្យ​សម្បត្តិ​បុគ្គល​ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ថ្មី​នោះ ហើយ​បាន​ហាម​ឃាត់​បុគ្គល​ និង​ក្រុម​ហ៊ុន​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​មិន​ឲ្យ​រកស៊ី​ជាមួយ បុគ្គល​ និង​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​នោះ​ឡើយ។

ប្រទេស​អ៊ីរ៉ង់ បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ជាច្រើន​នៅក្នុង​ខែ​តុលា​ និង​វិច្ឆិកា។ សហរដ្ឋ​អាមេរិក​ និង​ប្រទេស​បារាំង​ និយាយ​ថា ​ការ​បាញ់​មីស៊ីល​ កាល​ពី​ខែ​តុលា បាន​រំលោភ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ​មួយ ដែល​បាន​ហាម​ប្រទេស​អ៊ីរ៉ង់​មិន​ឲ្យ​អភិវឌ្ឍ​មីស៊ីល​ផ្លោង។

ប្រទេស​អ៊ីរ៉ង់ បាន​ជំទាស់​ទៅ​នឹង​ការ​ចោទ​នោះ ដោយ​និយាយ​ថា ទណ្ឌ​កម្ម​ទាំង​នោះ​គឺ​អនុវត្ត​ចំពោះ​តែ​មីស៊ីល ​ដែល​អាច​បំពាក់​ក្បាល​គ្រាប់​បរមាណូ​ប៉ុណ្ណោះ។ ប្រទេស​អ៊ីរ៉ង់ និយាយ​ថា មីស៊ីល​របស់​ខ្លួន មិន​មាន​សមត្ថភាព​ដល់​ធ្លាក់​នោះ​ទេ។

ប៉ុន្តែ អ្នក​ជំនាញ​ការ​អាមេរិក​ និយាយ​ថា គោល​បំណង​នៃ​ការ​អភិវឌ្ឍ​មីស៊ីល​របស់​អ៊ីរ៉ង់​នោះ គឺ​មាន​តែ​មួយ​គត់។ នោះ​គឺ​បំពាក់​ក្បាល​គ្រាប់​បរមាណូ៕