ក្រសួងមហាផ្ទៃ​នឹង​ចាត់វិធានការ​លើ​មន្ត្រី​ដែល​ជួយ​សម្រួល​ដល់​ការនាំ​ទំនិញ​ក្លែងក្លាយ​

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​ព្រមាន​ចាត់វិធានការ ចំពោះ​មន្ត្រី​រូប​ណា​ដែល​ហ៊ាន​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ណាមួយ​ដើម្បី​អាច​ឲ្យ​ជនល្មើស​នាំ​ទំនិញ​ក្លែងក្លាយ ឫ​អស់​គុណភាព​ចូលក្នុង​ទីផ្សារ​កម្ពុជា​។ លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​លើកឡើងថា ការផលិត​និង​ការ​ចរាចរ​ទំនិញ​ក្លែងក្លាយ​នៅ​កម្ពុជា​និង ពិភពលោក​កំពុង​វិវឌ្ឍន៍​ផ្លាស់ប្តូរ​ក្នុងស្ថានភាព​គ្រោះថ្នាក់​បំផុត ដែល​ទាមទារ​ឲ្យ បង្កើន​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឆ្លងដែន​មួយ​នេះ​។ នេះ​បើ​យោងតាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​តាម​ប្រសាសន៍​របស់ លោក ឯម សំអាន ក្នុង​ពិធី​ប្រកាស​សមាសភាព​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ នាទី​ស្តី​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា  មន្ត្រី​ជំនាញ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងឡាយ ត្រូវ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​វិន័យ សីលធម៌ និង​ការទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​របស់ខ្លួន​។ លោក​បន្តថា មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​ជៀសវាង​ឲ្យ​បាន​នូវ​ការសម្របសម្រួល​ណាមួយ ដែល​ធ្វើ​ឲ្យ​ជនល្មើស​រួចផុត​ពី​សំណាញ់​ច្បាប់ ការចូលរួម​សមគំនិត និង​ការបំបាត់​ភស្តុតាង បើ​មិន​ដូច្នោះ​ទេ នឹងត្រូវ​ទទួល​ការផាកពិន័យ ឫ​ការដាក់ទោស​តាមផ្លូវ​ច្បាប់​។​

​មន្ត្រី​រូបនេះ​ដដែល បញ្ជាក់ទៀតថា ការផលិត​និង​ការ​ចរាចរ​ផលិតផល​ក្លែងក្លាយ​កំពុង​រីក​រាលដាល​រៀងរាល់ថ្ងៃ​និង​ស្ទើរ​គ្រប់​ទីកន្លែង ហើយ​ពិភពលោក​កំពុង​ចាត់ទុក​សកម្មភាព​នេះ​ថា ជា​បទល្មើស​មាន​អង្គការ​ចាត់តាំង និង​ជា​បទល្មើស​ឆ្លងដែន ដែល​បង្ករ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ង​ន់​ដល់​សុខភាព​សាធារណៈ ៕