អូន​សោកស្តាយ​ខ្លាំងណាស់ ក្រោយ​ពេលដែល​ក្បត់​បង !

​ដោយសារតែ​នាង​ខ្ញុំ​បាន​ប្រព្រឹត្ត​កំហុស​មួយ​ដែល​មិនអាច​លើកលែង បាន​នាង​ខ្ញុំ​ក៏បាន​ចាក​ចេញទៅ​ឆ្ងាយ​តាម​ការបណ្តេញ​របស់​ស្វាមី ហើយ​ក៏បាន​រួមរស់​ជាមួយ​បុរស​ដទៃ​បាន​មួយរយៈ តែ​ចុងក្រោយ​នាង​ខ្ញុំ​សោកស្តាយ​ជាខ្លាំង ហើយ​ចង់​វិលត្រឡប់​មកជួបជុំ​គាត់​វិញ ។ កាលពី​ស្វាមី​ខ្ញុំ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ ទុកឱ្យ​នាង​ខ្ញុំ​រស់នៅ​រក្សា​ផ្ទះ​ម្នាក់ឯង ជាមួយ​កូនតូច​ពេលនោះ​ដោយសារតែ​ស្ថានភាព​អូសទាញ​ខ្ញុំ​ក៏បាន​ក្បត់​គាត់ ។ ការ​ក្បត់​ស្នេហា​នេះ​គឺជា​ទោស​មួយ​ដែល​មិនអាច​លើកលែង​បាន នាង​ខ្ញុំ​ប្រាកដជា​ដឹង​អំពី​បញ្ហា​នេះ ប៉ុន្តែ​នៅពេល​គាត់​និយាយថា​លែងលះ​នាង​ខ្ញុំ​ចាប់ផ្តើម​គិតដល់​ប្រការ​ជាច្រើន ការ​បែក​គ្នា​នេះ​នឹងមិន​មាន​ថ្ងៃ​ជួប​វិញ តែ​ខ្ញុំ​មិនអាច​ចេញ​ស្តី​បានទេ នាង​ខ្ញុំ​ចង់​និយាយ​ញ​ក្យ​សុំទោស តែ​ក៏​មិនអាច​ហាមាត់​ទៅរួច ។

នាង​ខ្ញុំ​ចង់​សួរ​គាត់​ថា ហេតុអ្វី​នាង​ខ្ញុំ​បែរជា​មាន​សហាយ តើ​គាត់​ដឹង​ដែរ​ទេ ប៉ុន្តែ​ក៏ ហ៊ាន​និយាយ ។ នាង​ខ្ញុំ​ទ្រាំ​នៅ​ស្ងៀម​ចាំ​ស្តាប់​គាត់​ជេរ​ដៀល​អស់ពី​ញ​ក្យ​មួយ​ដល់​ពាក្យ​មួយ ។ ជា​ចុងក្រោយ​នាង​ខ្ញុំ​បានជ្រើសរើស​ការចាកចេញ​ពី​គាត់​ជា​ដំណោះស្រាយ ព្រោះតែ​ខ្ញុំ​យល់ថា​បេះដូង​របស់គាត់​ពេលនេះ​មិនមាន​រូបនាង​ខ្ញុំ​ទៀត​ទេ គាត់​បាន​ស្តីឱ្យ​នាង​ខ្ញុំ​មាក់ងាយ​ស្រី​ដូច​នាង​ខ្ញុំ​ខ្លាំង​ក្រៃ ដូច្នេះ​បើទោះបីជា​នៅតែ​ស្រឡាញ់​គាត់​វា​គ្រាន់តែ​ជា​រឿង​ស្រមៃ ។ នាង​ខ្ញុំ​ចាកចេញ​ដោយ​ការសោកស្តាយ​គ្មាន​ទីបញ្ចប់ ព្រោះ​នាង​ខ្ញុំ​ចង់​នៅក្បែរ​គាត់ និង កូន​ដើម្បី​បានរស់នៅ​ជាមួយគ្នា​ដូច​កាលពីមុន ។ នៅក្នុងពេល​វេច​បង្វេច​ចាក​ចេញទៅ​នាង​ខ្ញុំ​បាន​យំ យំ​រហូត​ស្ទើរ​មិនអាច​បោះជំហាន​ទៅមុខ ។

នាង​ខ្ញុំ​គិតថា ជីវិត​នាង​ខ្ញុំ​ចាប់​ពេលនេះ​តទៅ​នឹង​មិនមាន​សេចក្តីសុខ មិនមាន​ភាព​រីករាយ​នោះឡើយ ។ ស្ត្រី​ម្នាក់​ដែល​បាន​ក្បត់ចិត្ត​ប្តី​នឹងមាន​វិប្បដិសារៈ​អស់​មួយជីវិត ។ នាង​ខ្ញុំ​បាន​ក្បត់​គាត់ គឺ​ព្រោះតែ​ស្ថានភាព​បង្ខំ ដោយ​ពេលនោះ​ស្វាមី​នាង​ខ្ញុំ​បាន​ទៅរក​ស៊ី​ឆ្ងាយ ហើយ​មិនមាន អ្នកណា​អាច​ពឹង​បាន​ម្យ៉ាងទៀត​ការខ្វះ​មនោសញ្ចេតនា​ក៏​ជំរុញ​ឱ្យ​នាង​ខ្ញុំ​ធ្លាក់​ទៅក្នុង​ស្ថានភាព​បែបនេះ ប៉ុន្តែ​នេះ​គ្រាន់​ជា​រឿង​មួយពេល​នាង​ខ្ញុំ​មិនបាន​គិត ថា​នឹង​យក​បុរស​នោះ​ជា​ប្តី​នោះទេ ។ នាង​ខ្ញុំ​មិន​នឹកស្មានថា កំហុស​ទីមួយ​នេះ ធ្វើឱ្យ​នាង​ខ្ញុំ​ត្រូវ​បែក​ពី​ស្វាមី និង កូន​ដែល​ធ្លាប់បាន​រួមរស់​ជាមួយគ្នា ធ្លាប់​សប្បាយរីករាយ​ជាមួយគ្នា​អស់​រយៈពេល​ជា​យូរ​មកនេះ​ឡើយ ។ មនុស្ស​យើង​ម្នាក់ៗ​អ្នកណា​ក៏​ធ្លាប់មាន​កំហុស​ទាំង​នាង​ខ្ញុំ​ទាំង​គាត់​ក៏​ដូចគ្នា ។

បើទោះបីជា​កំហុស​របស់​នាង​ខ្ញុំ​មាន​សភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ក៏​មិនមែនជា​ប្រការ​ដែល​មិនអាច​លើកលែង​បាន​នោះដែរ ។ ហេតុអ្វី​បានជា​គាត់​ដាច់ចិត្ត​ដេញ​នាង​ខ្ញុំ​ចេញពីផ្ទះ ? ពេលនេះ​នាង​ខ្ញុំ កំពុង​រស់នៅ​ជាមួយ​អ្នកថ្មី ប៉ុន្តែ​វា​ហាក់ដូច​មិនមែនជា​ការពិត​សោះឡើយ ។ នាង​ខ្ញុំ​ទទួលស្គាល់ថា ខ្លួន​ពិតជា​បាន​សាង​កំហុស​ធ្ងន់ធ្ងរ​ខ្លាំងណាស់ ប៉ុន្តែ​យ៉ាងណាក៏ដោយ ប្រសិនបើ​អាចទៅរួច ប្រសិនបើ​គាត់​លើកលែងទោស​នោះ​នាង​ខ្ញុំ​នឹង​វិលត្រឡប់​ទៅ​ជួប​គាត់ និង កូន​មិន​ខាន ។ តើ​នាង​ខ្ញុំ​អាចធ្វើ​អ្វី​ដើម្បី​បាន​ត្រឡប់ ទៅ​រួមរស់​ជាមួយ​គាត់​វិញ ?

​ជូន​យោបល់​ចំពោះ​ស្ត្រី​មាន​វិបត្តិ​ក្នុង​គ្រួសារ​
​ជាការ​ពិត មនុស្ស​មិន​ថា​ស្រី ឬ ក៏​ប្រុស តែងមាន​កំហុស​ធំ​ម្តង​ដូចគ្នា ហើយ​មាន​អ្នកខ្លះ​ក៏​ធ្លាប់​ប្រព្រឹត្ត​កំហុស​ដែល​ធ្វើឱ្យ​មនុស្ស​ទាំងឡាយ​គិតថា​មិនអាច​លើកលែង​បាន ប៉ុន្តែ​ក៏មាន​អ្នកខ្លះ​គិតថា​គួរតែ​អាច​លើកលែង​បាន ។ តាមរយៈ​រឿងរ៉ាវ​របស់​នាង​ខ្ញុំ​គិតថា​គឺ​វា​មានការ​លំបាក ព្រោះ​ជ្រុលពេល​បន្តិច​ទៅហើយ ដោយសារតែ​នាង​បាន​ចាក​ចេញពីផ្ទះ​តាម​ការបណ្តេញ​របស់​ស្វាមី ព្រមទាំង​បាន​ទៅ​រស់នៅ​ជាមួយ​បុរស​ថ្មី ។ ប្រសិនជា​នាង​ប្តេជ្ញាចិត្ត​ថា​វិលត្រឡប់​ទៅ​ជួបជុំ​ស្វាមី​វិញ អ្វីដែល​នាង​ប្រហែលជា​គួរ​នឹងធ្វើ​ដំបូង​នោះ គឺ​នៅ​ឆ្ងាយ​ពី​បុរស​ទី​បី ក្រោយមក​ធ្វើការ​សុំទោស​ដោយ​ការសរសេរ​សំបុត្រ ឬ ដោយ​វិធី​ប្រយោល​ណាមួយ ។ បន្ទាប់មក​គួរ​សុំ​ការអនុញាត​ពី​គាត់​ដើម្បី​បាន​ជួប​មុខ​កូន​ឱ្យបាន​ញឹកញាប់ ហើយ​ឆ្លៀតពេល​សុំទោស​ដោយផ្ទាល់​មាត់ និង និយាយ​អំពី​ស្ថានភាព បច្ចុប្បន្ន​របស់ខ្លួន​ឱ្យ​គាត់​បានដឹង ។

អ្នក​ត្រូវតែ​បង្ហាញ​ភាពស្មោះត្រង់ និង ការ​ស្តាយក្រោយ​របស់ខ្លួន​ចំពោះ​អ្វីដែល​បាន​ប្រព្រឹត្ត ។ ចូរ​សន្សំ​មនោសញ្ចេតនា​ឡើងវិញ​បន្តិច​ម្តងៗ​រហូតដល់​កម្រិត​មួយ​ដែល​អ្នក​គិតថា ដល់ពេល​អាច​និយាយ​ពាក្យ​«​សុំ​ជួបជុំគ្នា​ឡើងវិញ​» ។ សូម​គិតថា​មុនពេល​អ្នក​ទាំង​ពីរបាន​ក្លាយជា​ស្វាមី និង ភរិយា អ្នក​ទាំងពីរ​ប្រហែលជា​ត្រូវ​សន្សំ​មនោសញ្ចេតនា​ជាច្រើន​រាប់​តាំង ពី​របៀប​ជា​មិត្ត​ធម្មតា រួច​មកជា​មិត្ត​ជិតស្និទ្ធ ហើយ​ឈានដល់​ស្នេហា​ទើបបាន​មកដល់​ជា​ប្តី និង ប្រពន្ធ ។ ដូច្នេះ​វិធី​សន្សំ​មនោសញ្ចេតនា​នេះ​ថ្វីបើ​អាច​ទទួលបាន​ជោគជ័យ ប៉ុន្តែ​វា​ទាមទារ​ឱ្យ​មានការ​ចំណាយពេល​ច្រើន ភាពស្មោះត្រង់ និង ការតស៊ូ​ប្តេជ្ញា​របស់​អ្នក ។ ​សូម​ជូនពរ​នាង​ទទួលបាន​សំណាងល្អ !

អូន​សោកស្តាយ​ខ្លាំងណាស់ ក្រោយ​ពេលដែល​ក្បត់​បង !