អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​មាន​ចំណាត់​ការ​ប្រឆាំង​នឹង​ការ​ចាប់​ជំរិត​នៅ​​កុងហ្គោ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​មាន​ចំណាត់​ការ​ប្រឆាំង​នឹង​ការ​ចាប់​ជំរិត​នៅ​​កុងហ្គោ

ផែន​ទី​ភូមិសាស្រ្ត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watchបាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ១៧៥នាក់ ​និង​ប្រហែល​ជា​ច្រើន​ជាង​នេះ​ត្រូវ​បាន​គេ​ចាប់​ជំរិត​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ក្នុង​ឆ្នាំ​២០១៥។ ក្រុម​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឱ្យ​មាន​ក្រុម​ប៉ូលិស​ពិសេស​មួយ​ដើម្បី​តាម​ដាន​អ្នក​ចាប់​ជំរិត​ និង​ស៊ើប អង្កេត​ការ​ចោទ​ប្រកាន់​នៃ​ការ​សម​គំនិត​ដោយ​ភ្នាក់ងារ​រដ្ឋ។ ហ្គោម៉ា—

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch បាន​និយាយ​ថា ​ក្រុម​ប្រដាប់​អាវុធ​ឬ​អតីត​សមាជិក​នៃ​ក្រុម​ប្រដាប់​អាវុធ​ បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ករណី​ជា​ច្រើន។ ជា​ធម្មតា​ ជន​រង​គ្រោះ​ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​បាន​បង់​ប្រាក់​លោះ​ខ្លួន។

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ មន្រ្តី​ម្នាក់បាន​ប្រាប់ថា ​មេដឹក​នាំ​នៃ​ក្រុម​ចាប់​ជំរិត​មួយ ​«អាច​ធ្លាប់ធ្វើការ ជាមួយ​អ្នក​នៅ​ក្នុង​ក្រុមយោធា»។ មេដឹក​នាំ​របស់​ក្រុម​មួយ​នេះ​ ត្រូវ​បាន​ជំនុំ​ជម្រះ​នៅ​ក្នុង​ខែ​មេសា​ ប៉ុន្តែ​ការ​ចោទ​ប្រកាន់​របស់​គាត់​ ទៅ​លើ​ការ​សម​គំនិត​របស់​ទាហាន​ ហាក់​ដូច​ជា​មិន​បាន​នាំ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ណា​មួយ​ឡើយ ​ហើយ​តាំងពី​ពេល​នោះ​មក​គ្មាន​អ្នក​ចាប់​ជំរិត​ណា​មួយ​ ធ្លាប់​ត្រូវ​បាន​ស៊ើប​អង្កេត​ឡើយ។​

VOAបាន​និយាយ​ទៅ​កាន់​ជនរង​គ្រោះ​ពី​ការ​ចាប់​ជំរិត​ម្នាក់​ដែល​ជា​បុគ្គលិក​សង្គ្រោះ​បឋម​ ​លោក​ Amboko Kitungiro ។ លោក​ត្រូវ​បាន​គេចាប់​ជំរិត​កាល​ពី​ខែ​មុន ​រួម​ជា​មួយ​នឹង​មិត្ត​រួម​ការងារ​ ១៣​នាក់​ផ្សេង​ទៀត​ ដោយ​បុរស​ប្រដាប់​អាវុធ​ប្រហែល​១២​នាក់។

លោក​បាន​និយាយ​ថា​ «វា​គឺ​ជា​ទុក្ខ​លំបាក​មួយ»។ ក្រុម​ចាប់​ជំរិត​បាន​នាំ​ជន​រង​គ្រោះ​របស់​ខ្លួន​ដើរ​តាម​ព្រៃ​ តាំង​ពី​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង ​១០: ៣០ ​យប់។ គាត់​និយាយ​ថា ​នៅ​ថ្ងៃ​បន្ទាប់​ ក្រុម​ចាប់​ជំរិត​ ដែល​បាន​អះអាង​ថា​ជា​ក្រុម​ឧទ្ទាម​ FDLR ពី​ប្រទេស ​Rwanda ​បាន​យក​បុគ្គលិក​សង្គ្រោះ​បឋម​ដែល​អស់​កម្លាំង​ដោយ​សារ​គ្មាន​អ្វី​បរិភោគ​ឬ​ទឹក​ផឹក ​ត្រលប់​ទៅ​ផ្លូវ​មួយ​ហើយដោះ​លែង​ពួក​គេ។

លោក​ Kitungiro ​បាន​និយាយ​ថា «ប៉ុន្មាន​នាទី​ក្រោយ​ បន្ទាប់​ពី​ពួក​យើង​ត្រូវ​បាន​ដោះ​លែង ពួក​យើង​បាន​ជួប​ជាមួយ​ទាហាន​រដ្ឋាភិបាល»។

«ពួកគេ​បាន​សួរ​យើង​ថា ​តើ​យើង​មក​ពី​ណា?» គាត់​បន្ត​ថា «ពួក​យើង​បាន​ប្រាប់​ពួក​គេ​ថា ​យើង​ត្រូវ​បាន​គេ​ចាប់​ជំរិត​ ហើយ​ពួក​គេ​បាន​សួរ​យើង​ថា ​ពិត​មែន​ឬ? ពួក​យើង​កំពុង​តែ​ស្វែង​រក​អ្នក»។

កង​ទ័ព​កុងហ្កោ​បាន​រាយការណ៍​ថា ​ទាហាន​របស់​ខ្លួន​បាន​ដេញ​ចាប់ ​ពួក​ចាប់​ជំរិត​ទាំង​នោះ​និង​បាន​ដោះ​លែង​ចំណាប់​ខ្មាំង។

ប៉ុន្តែ​លោក​ Kitungiro ​និយាយ​ថា ​គ្មាន​ការរុករក​និង​គ្មាន​ការដេញ​បាញ់​ ​បើ​ទោះ​បី​ជា​ជន​រង​គ្រោះ​បាន​ប្រាប់​ពួក​ទាហាន​ថា ពួក​ចាប់ជំរិត​ទាំង​នោះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ជា​២​ឬ​៣​ម៉ែត្រ​ប៉ុណ្ណោះ។

នៅ​ពេល​សួរ​ថា​ ​តើ​ការ​បង្ហាញ​ខ្លួន​របស់​ទាហាន​ នៅ​ពេល​ពួកគេ​ត្រូវ​បានដោះ​លែង​ វា​ជា​រឿង​ចៃ​ដន្យឬ​យ៉ាង​ណា លោក​បាន​ថ្លែង​ថា ​លោក​មិន​អាច​ធ្វើអត្ថាធិប្បាយ​បាន​ទេ។

ប្រភព​ក្នុង​ស្រុក​បាន​និយាយ​ថា​ ប្រាក់​លោះ​ខ្លួន​ត្រូវ​បាន​ចំណាយ​ឲ្យ​បុគ្គលិក​សង្គ្រោះ​បឋម​នោះ។​

អ្នក​នាំ​ពាក្យ​របស់​បេសកម្ម​អង្គការ​សហប្រជាជាតិ​ លោក ​Felix Basse ​បាន​ប្រាប់ ​VOAថា ​ចំនួន​នៃ​ការ​ចាប់​ជំរិត​បាន​ធ្លាក់​ចុះ ​ចាប់​តាំង​ពី​អ.ស.ប​និង​កង​ទ័ព​កុងហ្គោ​បាន​ឯកភាព​លើ​យុទ្ធសាស្រ្ត​ប្រឆាំង​នឹង​ការ​ចាប់​ជំរិត។
លោក​បាន​បន្ថែម​ថា ​បញ្ហា​គឺថា​ជា​ញឹក​ញាប់​មនុស្ស​ត្រូវ​បាន​ល្បួង​ឱ្យ​បង់​ប្រាក់​លោះ​ខ្លួន​ ដែល​មិន​បានជួយកាត់​បន្ថយ​ចាប់​ជំរិតនោះ​ទេ។

យោង​តាម​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ យ៉ាង​ហោច​ណាស់​ជន​រង​គ្រោះ​ចំនួន​៤​នាក់ពី​ការ​ចាប់​ជំរិត​ ត្រូវ​បាន​គេ​សម្លាប់​ និងជន​រង​គ្រោះ​ផ្សេង​ទៀតបាន​បាត់​ខ្លួន​ នៅ​ឆ្នាំ​នេះ៕

ប្រែ​សម្រួល​ដោយ ឆាយ គីមហ៊ង