ថ្ងៃទី​៣១ ធ្នូ ២០១៥ ជា​របត់​ប្រវត្តិសាស្ត្រ​របស់​អាស៊ាន និង​ប្រជាជាតិ​អាស៊ាន​

​រយៈពេល​៤៨​ឆ្នាំ​ហើយ អាស៊ាន ដែលមាន​មា​ជិ​ក​សរុប​បច្ចុប្បន្ន​១០​ប្រទេស ត្រូវបាន​បង្កើតជា​ផ្លូវការ ក្រោម​បាវចនា «​ចក្ខុវិស័យ​តែមួយ អត្តសញ្ញាណ​តែមួយ និង​សហគមន៍​តែមួយ » ។ ទោះបី​ជាមាន​ភាព​ចម្រុះ​គ្នា​ទាំង​ប្រព័ន្ធ​នយោបាយ  គម្លាត​សេដ្ឋកិច្ច សង្គម និង​វប្បធម៌​នៅក្នុង​ចំណោម​រដ្ឋ​សមាជិក​អាស៊ាន ក៏ដោយ បញ្ហា​ទាំងនេះ នឹង​លែង​ក្លាយជា​ឧបសគ្គ​សម្រាប់​ប្រទេស​ទាំង​ដប់​ក្នុង​ដំណើរ​ឆ្ពោះទៅមុខ​នៃ​សមាហរណកម្ម​របស់​អា​ស៊ាន​ទៀតហើយ​។ 

​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នេះ​តទៅ សហគមន៍​អាស៊ាន  នឹងត្រូវ​ដំណើរការ​ជា​ផ្លូវការ​ហើយ​។ សរសរ​ស្តម្ភ​ទាំងបី​នៃ​សហគមន៍​អាស៊ាន​ដែល​រួមមាន​សហគមន៍​សេដ្ឋកិច្ច សហគមន៍​សន្តិសុខ​-​នយោបាយ និង​សហគមន៍​សង្គម​-​វប្បធម៌ គឹ​ចក្ខុវិស័យ​ដែល​អាស៊ាន នឹងត្រូវ​អនុវត្តតាម​ដំណាក់ និង​ការកំណត់​របស់ខ្លួន​។ តែ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ឬ​សមាហរណកម្ម​អាស៊ាន គឺជា​ចំណុច​ផ្តើម​ដែល​អាស៊ាន នឹងត្រូវ​អនុវត្ត​ក្នុង​ជំហាន​ដំបូង​គេ ក្រោម​ការចង្អុលបង្ហាញ​ដោយ​ផែនការមេ​របស់​អាស៊ាន​(ASEAN Blueprint) ។​

​ពិតណាស់ មិនមែនជា​រឿង​ដែល​ងាយស្រួល​នោះទេ ក្នុងការ​ប្រែក្លាយ​តំបន់​មួយ​ដែល​ពោរពេញ​ទៅ ដោយ​ភាព​ចម្រុះ​គា្ន​រវាង​បណ្តា​ប្រទេស​ទាំង​ដប់​ទាំង​ផ្នែក​សេដ្ឋកិច្ច នយោបាយ វប្បធម៌ និង​ជាតិ​សាស ន៍​ជាច្រើន​ផងដែរ​នោះ​។ មុននឹង​មកដល់ពេលនេះ ពោលគឺ​មុននឹង​ឈាន​មកដល់​ការបង្កើត​ស្ថាប័ន​នេះ​ជា​ផ្លូវការ សមាជិក​អាស៊ាន បាន​ឆ្លងកាត់​ភាពបរាជ័យ និង​ការប្រឈមមុខគ្នា​ជាច្រើន​រាប់មិនអស់​។​

​ជាក់ស្តែង នៅ​ឆ្នាំ​១៩៦១ សមាជិក​អាស៊ាន​មួយចំនួន បាន​បង្កើត​ស្ថាប័ន​ដំបូង​មួយ ក្រោម​ការផ្តួចផ្តើម របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដែលមាន​ឈ្មោះថា សមាគម​អាស៊ីអាគ្នេយ៍​(ASA)​។ ASA មាន​សមាជិក ស្ថាបនិក​រដ្ឋ​អាស៊ីអាគ្នេយ៍​បី​ប្រទេស​រួមមាន ម៉ាឡេស៊ី ហ្វីលីពីន និង​ថៃ​។ ក្រោយពី ASA បាន​រលាយ​ស្ថាប័ន​បន្ទាប់​ថ្មី​មួយ​បាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦៣ ដែលមាន​ឈ្មោះថា ម៉ា​ហ្វី​លីន​ដូ​(Maphilindo)​។ សមាជិក​សរុប​នៃ​ស្ថាប័ន​នេះ​មាន ដូចជា ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​។ យ៉ាងណាមិញ ម៉ា​ហ្វី​លីន​ដូ ក៏ត្រូវ​បាន​ដួលរលំ​ម្តងទៀត បន្ទាប់​ពីក្រោយ​ត្រូវបាន​បង្កើត​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ស្ថាប័ន​សំខាន់​ទាំងពីរ​នេះ មិនបាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​បណ្តា ប្រទេស​អាស៊ីអាគ្នេយ៍​នោះទេ​។ នោះ ក៏​ព្រោះតែ​បញ្ហា​ដែន​អធិបតេយ្យ និង​ប្រព័ន្ធ​នយោបាយ​របស់ រដ្ឋ​អាស៊ាន មិនទាន់មាន​ភាពប្រាក​ដ​ប្រជា​នៅឡើយ​នោះទេ​។​

​យ៉ាងណាក៏ដោយ ចាប់ពី​ឆ្នាំ​១៩៦៧ ពោលគឺ​នៅពេលដែល​អាស៊ាន ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ ដោយ​ស្ថាបនិក​ទាំង​ប្រាំ​រួមមាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ ហើយ​ក្រោយមក​មាន ព្រុយ​ណេ វៀតណាម មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា ស្ថាប័ន​នេះ អាច​ធានាបាន​នូវ​និរន្ត​ភាព​របស់ខ្លួន​បាន ហើយ​។

​ចុងក្រោយ​នេះ ដូចដែល​ប្រកាស​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ ក្នុង​រាជធានី​គួ​ឡា​ឡាំ​ពួរ​ដោយ​មេដឹកនាំ​កំពូល​អាស៊ាន​ទាំង​ដប់ អាស៊ាន​នឹងត្រូវ​ប្រែក្លាយជា​សហគមន៍​មួយ ដែលជា​សហគមន៍​នៃ​កាលានុវត្តភាព​ចាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​តទៅ​។ នេះ គឺជា​ជំហាន និង​របត់ ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​ស្ថាប័ន​អាស៊ាន ទោះបី​កិច្ចសហការ​រវាង​បណ្តា​សមាជិក​បាននិងកំពុង​អនុវត្ត ក៏ដោយ​។

​សម្រាប់​ជំហាន​ដំបូង​នៃ​ដំណើរការ​នៃ​សហគមន៍​សេដ្ឋកិច្ច​នៅ​ដើមឆ្នាំ​២០១៦ នេះ គឺមាន​គោលដៅ​ធ្វើ​ឲ្យ​អាស៊ាន​ក្លាយជា​ទីផ្សារ​តែមួយ និង​មូលដ្ឋាន​ផលិតកម្ម​តែមួយ ដើម្បី​ជំរុញ​តំបន់​នេះ​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្ពស់ និង​មាន​សន្ទុះ​ខ្លាំង និង​ធ្វើដំណើរ​សមាហរណកម្ម​កាន់តែខ្លាំង​ក្លា​ឡើង​។ ជំហាន​នេះ គឹ​សំដៅ​ដល់​សេរីភាវូបនីយកម្ម​លើ​វិស័យ​សំខាន់​ចំនួន​៥ ដែល​រួមមាន​ដូចជា លំហូរ​ទំនិញ​ដោយ​សេរី​លំហូរ​សេវាកម្ម​ដោយ​សេរី លំហូរ​ទុនវិនិយោគ​ដោយ​សេរី លំហូរ​មូលធន​ដោយ​សេរី និង លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី​៕