ពិភពលោក​ទទួល​ឆ្នាំ​ថ្មី​ទាំង​ភ័យ​រអា​រឿង​សន្តិសុខ

​ឆ្នាំ​ថ្មី​ឆ្នាំ ២០១៦ចូលមក​ដល់​ហើយ។ ប្រជាជន​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ទាំងមូល​ពី​អាស៊ី ដល់​អាហ្វ្រិក ដល់​អឺរ៉ុប និង​អាមេរិក​ចាប់ផ្តើម​នាំគ្នា​ត្រៀមលក្ខណៈ​ស្វាគមន៍​ឆ្នាំ​ថ្មី ។ ម្នាក់ៗរំពឹងថា ឆ្នាំ​ថ្មី​នឹង​នាំមក​នូវ​ជោគជ័យ និង​សំណាងល្អ​សម្រាប់​ប្រជាជន​ពិភពលោក ។ ប៉ុន្តែ​ការរៀបចំ​បុណ្យចូលឆ្នាំថ្មី​ឆ្នាំ​សកល​នេះ​នៅ​តំបន់​មួយចំនួន​ធ្វើឡើង​ដោយ​ភ័យខ្លាច​ការគំរាមកំហែង​របស់​ក្រុង​ភេរវជន។

នៅ​ទីក្រុង​ហុងកុង ក្រុង​ប៉េកាំង សឹង្ហ​បុរី និង​បណ្តា​ទីក្រុង​អាស៊ី​ជាច្រើន​ផ្សេងទៀត​កំពុង​ព្យាយាម​បង្អួតខ្លួន​ដោយ​ការតុបតែង​ភ្លើងពណ៌ ភ្លើង​កាំជ្រួច និង​ការសម្តែង​ជាដើម ។ ហើយ​ប្រជាជន​រាប់សែន​នាក់​កំពុង​សប្បាយរីករាយ​ជួបជុំ​គ្រួសារ​និង​ត្រៀមលក្ខណៈ​ទទួល​ឆ្នាំ​ថ្មី។ ប៉ុន្តែ​យ៉ាងណាក៏ដោយ រដ្ឋ​សេដ្ឋី​ប្រេង​ព្រុយ​ណេ​មិនមាន​រៀបចំ​កម្មវិធី​អ្វី​ធំដុំ​ទេ ព្រោះ​កន្លងមក​រដ្ឋ​នេះ​បាន​ហាមប្រាម​ការ​ប្រារព្ធ​បុណ្យ Christmas ដោយ​អនុវត្តតាម​ច្បាប់​សាសនា។

បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ទីក្រុង​ហ្សា​កាតា​ឯណោះ​វិញ ការរៀបចំ​ទទួល​ស្វាគមន៍​ឆ្នាំ​ថ្មី​ត្រូវបាន​គេ​រៀបចំ​ជាធម្មតា​នៅ​ឥណ្ឌូនេស៊ី ប៉ុន្តែ​ការរៀបចំ​នេះ​ធ្វើឡើង​ក្នុងស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់។ នេះ​ក៏ដោយ​សារ​មានការ​វាយតម្លៃថា ការគំរាមកំហែង​ដោយ​ក្រុម​ភេរវជន​កើនឡើង​ខ្លាំង​ក្នុងពេល​មានកម្ម​វិធី​សំខាន់​បែបនេះ។

ចំណែក​នៅ​អឺរ៉ុប​វិញ ការរៀបចំ​ឆ្លង​ឆ្នាំ មាន​ជាធម្មតា ដោយ​ប្រជាជន​រាប់សែន​នាក់​ជួបជុំគ្នា​ដើម្បី​ទទួល​ឆ្នាំ​ថ្មី។ ការបាញ់​កាំជ្រួច តុបតែង​លម្អរ បាញ់​ភ្លើងពណ៌ ជាដើម​ត្រូវបាន​គេ​រៀបចំ​តាម​ប្រពៃណី ទំនៀមទម្លាប់ ប៉ុន្តែ​អាជ្ញាធរ​និង​ប្រជាជន​បារាំង ក៏​ដូច​បែ​ល​ហ្សិ​ក ហាក់បីដូចជា​រអា​និង​ភ័យ​បារម្ភ​ការរៀបចំ​បុណ្យ​ឆ្លង​ឆ្នាំនេះ តាំងពី​ព្រឹត្តិការណ៍​ថ្ងៃ១៣ខែវិច្ឆិកា​នៅ​ប៉ារីស។វិធានការ​ចម្បង​គឺ​ការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង ហើយ​គ្មាន​ការបាញ់​កាំជ្រួច​អ្វី​ឡើយ តែ​ការជួប​ជុំគ្នា​ទ្រង់ទ្រាយ​ធំ​អាចធ្វើ​បានជា​ធម្មតា។

យ៉ាងណាក៏ដោយ សន្តិសុខ​នៅ អង់គ្លេស រុស្ស៊ី តួ​ក​គី និង​បណ្តា​រដ្ឋ​អឺរ៉ុប​ឯទៀត​ក៏​មានការ​រឹតបន្តឹង​ខ្លាំង​ដូចគ្នា ដើម្បី​ការពារ​ក្រែង​មាន​គ្រោះថ្នាក់ ក្នុងពេលដែល​ប្រជាជន​កំពុងតែ​សប្បាយរីករាយ​ត្រៀម​ចូលឆ្នាំថ្មី។

ចំណែក​នៅ​សហរដ្ឋអាមេរិក​ឯណោះ​វិញ ទោះជា​មានការ​ភ័យ​រអា​ខ្លាំង​កន្លងមក ហើយ​នៅ​ទីប្រជុំជន​មួយចំនួន​ត្រូវគេ​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​ក៏ដោយ ក៏​ប្រជាជន​រាប់លាន​នាក់​ប្រមូល​ផ្តុំគ្នា​រៀបចំ​កម្មវិធី​ទទួល​ឆ្នាំ​ថ្មី​ដូច​រាល់​ឆ្នាំ។ ហើយ​តារាចម្រៀង​និង​សម្តែងល្បីៗជាច្រើន​នឹង​សម្តែង​ក្នុងឱកាស​ឆ្លង​ឆ្នាំ​នេះដែរ​ក្នុងនោះ​មាន​Demi Lovato, Daya និង​Jessie J ។

ត្រលប់មក​មើល​តំបន់​អាហ្វ្រិក​ឯណោះ​វិញ នៅ​កណ្តាល​រដ្ឋធានី កៃរ៉ូ គេ​ក៏​ឃើញ​មានការ​តុបតែង​លម្អរ​និង​ការរៀបចំ​កម្មវិធី​ជាច្រើន​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច។ រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​បាន​រៀន​ចំ​ឆាក​ជាច្រើន​សម្រាប់​ប្រារព្ធ​ពិធី​នៅ​ល្បែ​រ​ប្រាសាទ​ពីរ៉ាមីដ និង​មានការ​សម្តែង​កុះករ។ សន្តិសុខ​នៅ​អេ​ហ្ស៊ី​ប​ក៏​ត្រូវបាន​គេ​រឹតបន្តឹង​ដូចគ្នា ព្រោះ​បញ្ហា​ភេរវជន​នៅតែ​ជា​ចំណុច​ប្រឈម​ធំ​បំផុត​មួយ​សម្រាប់​រដ្ឋ​អាហ្វ្រិក​នេះ ។

ចំណែក​នៅ Sierra Leone ក៏បាន​រៀបចំ​ស្វាគមន៍​ឆ្នាំ​ថ្មី​យ៉ាង​អធិក​អាធ័ម​ផងដែរ​ជាពិសេស​នៅតាម​ឆ្នេរ​ដែលជា​តំបន់​ទេសចរណ៍​សំខាន់​សម្រាប់​រដ្ឋ​អាហ្វ្រិក​មួយ​នេះ។ ប្រទេស Sierra Leone ប្រឹងប្រែង​រៀបចំ​កម្មវិធី​ទាក់ទាញ​អ្នកទេសចរ​បរទេស​ក្រោយ​រួច​ផុតពី​ជំងឺ​រាតត្បាត អេ​បូ​ឡា​កន្លងមក៕