ច្បាប់​ចរាចរណ៍​ថ្មី ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា

ច្បាប់​ចរាចរណ៍​ថ្មី ​នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា

មន្ត្រី​មក​ពី​ក្រសួង​ព័ត៌មាន ក្រសួង​មហាផ្ទៃ ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន សមាជិក​ក្លឹប​អ្នកកាសែត​កម្ពុជានិង​មន្ត្រី​មក​ពី​អង្គការ AIP មាន​វត្តមាន​នៅ​សិក្ខាសាលា​បង្ហាត់​បង្រៀន​អ្នកកាសែត​ពី​ការយកព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ចរាចរណ៍​កាលពី​ថ្ងៃទី ២៤ ខែធ្នូ។ (ផន បុប្ផា/VOA)ច្បាប់​ដែល​មាន​៩២​មាត្រា​នេះ​ ចែង​ថា ​ម៉ូតូ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​តែ​មនុស្ស​ជិះ​ពីរ​នាក់​និង​ក្មេង​ម្នាក់​ប៉ុណ្ណោះ ​ហើយ​អ្នក​ដំណើរ​ទាំង​ពីរ​នោះ​រួម​ទាំង​កុមារ​ផង​ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ។ ខេត្តព្រះសីហនុ—

មន្ត្រី​រដ្ឋាភិបាល​និង​ក្រុម​សង្គម​ស៊ីវិល​សង្ឃឹម​ថា ​ច្បាប់​ថ្មី​នេះ​ នឹង​ជួយ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​លើ​ដង​ផ្លូវ​នៃ​ប្រទេស​កម្ពុជា​ជា​រៀងរាល់​ឆ្នាំ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ ធ្វើ​ឲ្យ​ខាត​ផ្នែក​សេដ្ឋកិច្ច​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ។ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ ក៏​មាន​ការ​កើន​ឡើង​ជា​បន្តបន្ទាប់។

តួលេខ​ពី​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ចំនួន​២២៦៥ ​នាក់​បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ឆ្នាំ​ ២០១៥​នេះ​ ដែល​មានការ​កើន​ឡើង​ពី​២១៤៨ ​កាល​ពី​ឆ្នាំ ​២០១៤ ។

មន្ត្រី​រដ្ឋាភិបាល បានផ្សព្វផ្សាយ​អំពី​ច្បាប់​ថ្មី​ដែល​ពួក​គេ​សង្ឃឹម​ថា​ នឹង​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។ ច្បាប់​ចរាចរ​ផ្លូវ​គោក​ថ្មី​នេះ រួម​បញ្ចូល​ការ​បង្កើន​ប្រាក់​ពិន័យ​ចំពោះ​អ្នក​ដែលជិះ​ម៉ូតូ​ដោយ​មិន​ពាក់​មួក​សុវត្ថិភាព ​ក្នុង​នោះ​មាន ​អ្នក​បើកបរ​និង​អ្នក​ជិះ​ពី​ក្រោយ​ និង​សម្រាប់​អ្នក​បើកបរ​រថយន្ត​និង​អ្នក​ជិះ​រថយន្ត​មិន​ពាក់​ខ្សែ​ក្រ​វ៉ាត់​សុវត្ថិភាព​ផង​ដែរ។

នាយ​ឧត្ដមសេនីយ៍ ​ខៀវ​ សុភ័គ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​និយាយ​ថា៖ «យើង​ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ចាប់​តាំង​ពី​ពេល​ច្បាប់​ ត្រូវ​បាន​អនុម័ត។ ចាប់​តាំង​ពី​ច្បាប់​នេះ ​ត្រូវ​បាន​ប្រកាស​ឲ្យ​អនុវត្ត ​យើង​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ ដោយ​សហការ​ជាមួយដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ក្នុងស្រុក»។

លោក ​បាន​និយាយ​ថា ​ច្បាប់​ចរាចរណ៍​តែ​មួយ​ មិន​អាច​នឹង​ធ្វើ​ឲ្យ​ស្ថាន​ភាព​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រសើរ​ឡើង​នោះ​ទេ។ លោក ថា​វា​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ។

«វា​ ជា​ទម្លាប់​អាក្រក់​ដូចជា​ការ​ជក់បារី​។ អញ្ចឹង​វា​នឹង​មាន​បញ្ហា​ខ្លះ»។

ច្បាប់​ដែល​មាន​៩២​មាត្រា​នេះ​ ចែង​ថា ​ម៉ូតូ​ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​តែ​មនុស្ស​ជិះ​ពីរ​នាក់​និង​ក្មេង​ម្នាក់​ប៉ុណ្ណោះ ​ហើយ​អ្នក​ដំណើរ​ទាំង​ពីរ​នោះ​រួម​ទាំង​កុមារ​ផង​ ត្រូវ​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ។

អ្នក​បើកបរ​ម៉ូតូ​និង​ជិះ​ពីក្រោយ​ នឹង​ត្រូវ​ផាក​ពិន័យ​ចំនួន​ ១៥០០០ ​រៀល​ប្រសិន​បើ​ ពួក​គេ​មិន​ពាក់​មួក​សុវត្ថិភាព។ ចំនួន​ទឹក​ប្រាក់​នៃ​ការ​ផាក​ពិន័យ​នេះ​ កើន​ឡើង​ពី​ ៣០០០​ រៀល​ពី​ច្បាប់​ចរាចរ​ចាស់។ អ្នក​បើក​បរ​រថយន្ត​និង​អ្នក​ដំណើរ​មិន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព ​ត្រូវ​តែ​បង់​ប្រាក់​២៥០០០​ រៀលដែល​ចំនួន​នេះ កើន​ឡើង​ពី​៥០០០​ រៀល​ដែល​កំណត់​នៅ​ក្នុង​ច្បាប់​ចាស់។

ច្បាប់​ថ្មី​នេះ ​ចែង​ផង​ដែរ​ថា ​ភាគី​ដែល​ពាក់ព័ន្ធ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​គ្រាន់​តែ​បណ្ដាល​ឲ្យ​ខូច​ទ្រព្យសម្បត្តិ ​អាច​ធ្វើ​ការ​ចរចា​គ្នា​បាន​ ដោយ​មិន​ចាំ​បាច់​ស្វែង​រក​អន្តរាគមន៍​ពី​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ឡើយ។

មាត្រា​ទី​៣៦​នៃ​ច្បាប់​ថ្មី​នេះ​បាន​ចែង​ថា៖ «បើ​គ្រោះ​ថ្នាក់​ កើត​ឡើង​បណ្ដាល​ឲ្យ​ខូចខាត​តែ​ទ្រព្យសម្បត្តិ​ ភាគី​ទាំងពីរ ​អាច​សម្រួល​គ្នា​បាន​ ដោយ​មិន​ចាំបាច់​សុំ​អន្តរាគមន៍​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ឡើយ»។

លោក​ គឹម​បញ្ញា ​នាយក​នៃ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ីប្រចាំ​ប្រទេសកម្ពុជា​ បាន​និយាយ​ថា​ ការ​ដោះស្រាយ​ស្ថានភាព​សុវត្ថិភាព​ផ្លូវ​ថ្នល់​ធ្ងន់ធ្ងរ​ក្នុង​ប្រទេសមាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ សម្លាប់​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ច្រើន​ជាង​ការ​ស្លាប់​ដោយ​ជំងឺ​គ្រុន​ឈាម ​ជំងឺ​គ្រុន​ចាញ់​និង​ការ​ផ្ទុះ​គ្រាប់​មីន​ទៅ​ទៀត។

ប៉ុន្តែ ​លោក​ បាន​និយាយ​ថា កំណត់ត្រា​អាក្រក់​ដ៏​អាក្រក់​នេះ​ គឺ​គេ​អាច​ជៀស​វាង​បាន។

«អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាង​ ៧០​ភាគរយ​នៃ​អ្នក​ស្លាប់​ជា​អ្នក​ជិះ​ម៉ូតូ។ ច្រើន​ជាង ​៦០​ ភាគ​រយ ​គឺ​គាត់​ស្លាប់​ដោយ​មាន​ការ​ប៉ះ​ទង្គិច​ក្បាល​នៅ​ពេល​ដែល​ទទួល​រង​គ្រោះ​ថ្នាក់»។

លោក បាន​បន្ថែម​ថា៖

«អ្វី​ដែល​សំខាន់​ជាង​នឹង​ គឺ​នៅ​ពេល​ដែល​គេ​មើល​ពី​អត្រា​ពាក់​មួក​ក្នុង​ចំណោម​ជន​រង​គ្រោះ​គឺ​មាន​មិន​ដល់​២០​ភាគរយ​ផង​នៃ​ជន​រងគ្រោះ​ដែល​គាត់​ស្លាប់​ដែល​ពាក់​មួក»។

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ដែល​ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​ធ្វើ​ការងារ​ដើម្បី​ផ្ដល់​ចំណេះ​ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​និងជំនាញ​ទៅដល់​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ បាន​ធ្វើ​សិក្ខាសាលា​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​សប្ដាហ៍​មុន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​ប្រើ​ប្រាស់​មួក​សុវត្ថិភាព​ពេល​ធ្វើដំណើរ។

លោក​ គឹម បញ្ញា​ និយាយ​ថា៖ «យោង​តាម​ការសិក្សា​ស្រាវ​ជ្រាវ​ជា​អន្តរជាតិ​គេ​រក​ឃើញ​ថា​ ប្រសិន​បើ​យើង ​បាន​ពាក់​មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ​ហើយ​មួក​សុវត្ថិភាព​នឹង​មាន​គុណភាព​ គឺ​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​បាន​រហូត​ទៅ​ដល់​៤២​ ភាគរយ »។

នេះ​មាន​ន័យ​ថា​ក្នុង​ចំណោម​មនុស្ស​១០០​នាក់​ មាន​៤២​នាក់​ នៅ​អាច​មាន​សង្ឃឹម​រស់»៕