សហរដ្ឋ​អាមេរិក ​និង​សិង្ហបុរី​បង្កើត​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ

សហរដ្ឋ​អាមេរិក ​និង​សិង្ហបុរី​បង្កើត​ទំនាក់ទំនង​កាន់​តែ​ជិត​ស្និទ្ធ

រដ្ឋ​មន្រ្តី​ការពារ​ជាតិ​របស់​អាមេរិក​ លោក Ash Carter (រូប​ឆ្វេង) ជួយ​ជាមួយ​នាយក​រដ្ឋ​មន្រ្តី​សិង្ហបុរី លោក Lee Hsien Loong នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ កាលពី​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ ដោយ​ពិភាក្សា​អំពី​ការ​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ប្រទេស​សិង្ហបុរី​បាន​យល់ព្រម​ឲ្យ​យន្តហោះ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​ចុះ​ចត​លើ​ទឹកដី​ខ្លួន។ នេះ​បង្ហាញ​ពី​ការ​បោះ ​ជំហាន​ទៅ​មុខ​មួយ​ក្នុង​សម្ព័ន្ធភាព ​ដែល​មាន​អាយុ​កាល​មួយ​ទសវត្សរ៍​រវាង​ប្រទេស​ទាំង​ពីរ។​ ហុងកុង—

ប្រទេស​សិង្ហបុរី​បាន​យល់ព្រម​ឲ្យ​យន្តហោះ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​ចុះ​ចត​លើ​ទឹកដី​ខ្លួន។ នេះ​បង្ហាញ​ពី​ការ​បោះ ​ជំហាន​ទៅ​មុខ​មួយ​ក្នុង​សម្ព័ន្ធភាព ​ដែល​មាន​អាយុ​កាល​មួយ​ទសវត្សរ៍​រវាង​ប្រទេស​ទាំង​ពីរ។​

នៅសប្តាហ៍​ទី​ពីរ​ក្នុង​ខែ​ធ្នូ ប្រទេស​សិង្ហបុរី​បាន​អនុញ្ញាត​ឲ្យ​យន្តហោះ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​អាច​ហោះហើរ​ចេញ​ពី​ដែន​ដី​របស់​ខ្លួន​។ យន្តហោះ​របស់​អាមេរិក​ប្រភេទ​ P-8 Poseidon ត្រូវ​បាន​បញ្ចេញ​ពី​ប្រទេស​សិង្ហបុរី​ជា​លើក​ដំបូង​ចាប់​ពី​ថ្ងៃទី៧ ដល់​ទី១៤ ខែ​ធ្នូ។

ខណៈ​ពេល​ដែល​ការ​បញ្ចេញ​យន្តហោះ​លើក​នេះ​បង្ហាញ​ពី​ចំណង​ដ៏​រឹងមាំ​រវាង​ប្រទេស​ទាំង​ពីរ លោក​ Wang Dong សាស្រា្តចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ប៉េកាំង បាន​និយាយ​ថា ការណ៍​នេះ​កើត​ឡើង​ដោយសារ​កិច្ច​សហប្រតិបត្តិការ​រយៈពេល​រាប់​ទសវត្សរ៍​ទៅ​លើ​បញ្ហា​សន្តិសុខ​ និង​បញ្ហា​ការពារ​ប្រទេស។

«ខ្ញុំ​គិត​ថា នេះ​មិនមែន​ជា​ការ​រីកចម្រើន​ភ្លាមៗ​នោះ​ទេ។ វា​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ចំណង​សន្តិសុខ​ស្អិត​រមួត​រវាង​ប្រទេស​សិង្ហបុរី​ និង​សហរដ្ឋ​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ»។

ខណៈ​ពេល​ដែល​ប្រទេស​សិង្ហបុរី និង​សហរដ្ឋ​អាមេរិក​មិន​ដែល​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ការពារ​ប្រទេស​រួម​គ្នា​ ចំណង​របស់​ប្រទេស​ទាំង​ពីរ​នេះ​មាន​ចាប់​តាំង​ពី​សង្គ្រាម​វៀតណាម​ នៅ​ពេល​ដែល​ប្រទេស​សិង្ហបុរី​យល់ព្រម​ជួសជុល​ និង​រក្សា​នាវា​ចម្បាំង​របស់​អាមេរិក។

ការណ៍​នេះ​មាន​ផល​ប្រយោជន៍​ទាំង​សង​ខាង។​ វា​ជួយ​បង្កើន​សេដ្ឋកិច្ច​របស់​ប្រទេស​សិង្ហបុរី​ បន្ទាប់​ពីចក្រភព​អង់គ្លេស​ដក​ទ័ព​ចេញ​ពី​ប្រទេស​នេះ​។ នៅ​ក្នុង​ឆ្នាំ​បន្ទាប់​ ប្រទេស​សិង្ហបុរី​ទទួល​យក​ឥទ្ធិពល​អាមេរិក​ដើម្បី​ធ្វើ​ជា​ដៃ​គូ​ទប់ទល់​នឹង​ប្រទេស​ចិន​ និង​រុស្ស៊ី ក្នុង​សង្គ្រាម​ត្រជាក់​ ហើយ​នៅ​ក្នុង​ឆ្នាំ ១៩៩០ និង​១៩៩៨​ ប្រទេស​សិង្ហបុរី​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​សម្ភារៈ​ដល់​កងទ័ព​ និង​យន្តហោះ​អាមេរិក​ ហើយ​អនុញ្ញាត​ឲ្យ​នាវា​ចម្បាំង​អាមេរិក​ចូល​ចត​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​របស់​សិង្ហបុរី។

សេចក្តី​សម្រេច​នៅក្នុង​ខែ​ធ្នូ​ដើម្បី​ទទួល​យន្តហោះ​ចារកម្ម​របស់​អាមេរិក ​ជា​ជំហាន​មួយ​ទៀត​ឆ្ពោះ​ទៅ​កាន់​ចំណង​សន្តិសុខ​ដែល​កាន់​តែ​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ Carl Thayer ជា​អតីត​សាស្រ្តាចារ្យ​នៅ​បណ្ឌិត​សភា​កងទ័ព​ការពារ​ប្រទេស​របស់​អូស្រា្តលី។

«ផល​ប្រយោជន៍​យុទ្ធសាស្រ្ត​របស់​ពួកគេ​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​សត្រូវ​ខ្លាំងៗ​នានា​កាន់​តែ​មិន​ហ៊ាន​ចូល​មក​ជិត​ប្រទេស​សិង្ហបុរី​ ហើយ​នេះ​ស​បញ្ជាក់​ថា យន្តហោះ Poseidon មាន​សារៈសំខាន់​ណាស់។​ វា​ជា​ការ​យល់​ដឹង​ពី​បញ្ហា​កងទ័ព​ជើង​ទឹក។ ពួកគេ​ត្រូវ​ដឹង​ថា​តើ​មាន​បញ្ហា​អ្វី​ ហើយ​អ្វី​ដែល​អាច​ជា​ការ​គំរាម​កំហែង​ ហើយ​នឹង​មាន​កងទ័ព​អាកាស​ដែល​អាច​ធ្វើ​ប្រតិបត្តិការ​ភ្លាមៗ»។

សហរដ្ឋ​អាមេរិក​ក៏​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ហ្វីលីពីន​ដើម្បី​ធ្វើ​ការ​ហោះហើរ​ស៊ើបការណ៍​នៅ​ក្នុង​តំបន់​ផង​ដែរ។

ការ​ពង្រីក​ការ​ស៊ើបការណ៍​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ បាន​ផ្តល់​ទីតាំង​មួយ​ទៀត​សម្រាប់​ការ​ហោះហើរ​នៅ​ពេល​ដែល​មាន​ការកើន​ឡើង​នូវ​ភាព​តានតឹង​ទៅ​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិន​ទាមទារ​យក​ស្ទើរ​តែ​ទាំង​អស់​នូវ​ផ្លូវ​ទឹក​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​នេះ ដែល​ជា​ផ្លូវ​កប៉ាល់​ដ៏​មមាញឹក​បំផុត​នៅ​ក្នុង​ពិភពលោក។

លោក​ Joseph Cheng ជា​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ម្នាក់​ និង​ជា​អតីត​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ City University of Hong Kong។

«ប្រទេស​សិង្ហបុរី​ប្រឹងប្រែង​រក្សា​អាស៊ាន​ជា​អង្គការ​តំបន់​កណ្តាល​មួយ​ក្នុង​ការ​រក្សា​តុល្យភាព​ក្នុង​តំបន់​មួយ​ ជា​ពិសេស​តាម​រយៈ​សហរដ្ឋ​អាមេរិក»។

ខណៈ​ពេល​ដែល​ប្រទេស​ចិន​នៅ​តែ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​សិង្ហបុរី​ សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​សម្ព័ន្ធ​មិត្ត​យុទ្ធសាស្រ្ត ជាមួយ​នឹង​ទំនាក់ទំនងដែល​ទំនង​នឹង​កាន់​តែ​ជិត​ស្និទ្ធ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ៖ ប៊ុន ប៉េងហ៊ុយ