គ្រួសារ​ទុគ​ត៌ ឪពុក​ជំងឺរបេង​កូន​ជំងឺ​ប្រកាច់​

បុរស​ចំណាស់​ម្នាក់​មាន​ជីវភាព​ក្រលំបាក​ហើយ​ថែម​ប្រពន្ធ​ស្លាប់ចោល​ទៀត សព្វថ្ងៃ​រស់នៅ​តែ​ពីរ​នាក់​កូនប្រុស​ក្នុង​ខ្ទម​តូច​មួយ រក​អង្ករ​ច្រក​ឆ្នាំង​គ្មាន ហើយ​ដាច់បាយ​ញឹកញាប់ ។ មិន​ត្រឹម​ប៉ុណ្ណោះ​ថែមទាំង​មាន​ជំងឺ​រួបរឹត​ទៀត ឪពុក​មាន​ជំងឺរបេង​សួត ចំណែក​កូនប្រុស​ចេះតែ​ដួល​ប្រកាច់​ពុំមាន​ថ្ងៃ​ល្ហែ​ដោយសារ​ធ្លាក់​ពីលើ​កំពូលភ្នំ​កម្ពស់ ១០០ ម៉ែត្រ សំណាងល្អ​មិន​ស្លាប់ ដោយ​គ្រាន់តែ​សន្លប់​ប៉ុណ្ណោះ រាល់ថ្ងៃនេះរ​ស់ទាំង​វេទនា ។ គ្រួសារ​កម្សត់​ដែលមាន​សមាជិក​តែ​ពីរ​នាក់​នោះ គឺ​ឪពុក​មាន​ជំងឺរបេង​សួត ឈ្មោះ ទេស សារ៉ន អាយុ ៧១ ឆ្នាំ ចំណែក​កូនប្រុស​ប្រកាច់​ញឹកញាប់​នោះ​ឈ្មោះ សួន កោយ អាយុ ៤៤ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ប្រមូល ឃុំ ទ្រមែង ស្រុក​ឈូក ខេត្តកំពត ។

គ្រួសារ​ទុគ​ត៌ ឪពុក​ជំងឺរបេង​កូន​ជំងឺ​ប្រកាច់​

លោកតា ទេស សារ៉ន បាន​រៀបរាប់​ពី​ខ្សែជីវិត​ទុក្ខលំបាក​ទាំង​ក្អក​ហត់​គឃូស​ថា គាត់​ធ្លាប់មាន​ប្រពន្ធ​ចំនួន​ពីរ​នាក់ ប្រពន្ធ​មុន​បានកូន​ប្រុស​ម្នាក់ ចំណែក​ប្រពន្ធក្រោយ​គ្មាន​កូនចៅ​ឡើយ ។ បន្ទាប់ពី​ប្រពន្ធ​ឈឺ​ស្លាប់ចោល​អស់​មក​គាត់​រស់នៅ​ជាមួយ​កូនប្រុស​ម្នាក់នេះ ដោយ​គ្មាន​មុខរបរ​អ្វី​ឱ្យ​ពិតប្រាកដ​ឡើយ ។ កាលពី​នៅ​ជួបជុំ​ប្រពន្ធ គាត់​ប្រកប​របរ​ដឹក​កូនជ្រូក​លក់​នៅតាម​ផ្សារ និង តាម​ផ្ទះសម្បែង អ្នកស្រុក ដើម្បី​បាន​ប្រាក់កម្រៃ​យកមក​ផ្គត់ផ្គង់​គ្រួសារ រួមផ្សំ​នឹង​ស្រែចម្ការ​ផង មិនសូវ​ខ្វះខាត​ប៉ុន្មាន​ទេ ។ បន្ទាប់ពី​ប្រពន្ធ​ស្លាប់ចោល​អស់ និង ខ្លួន ឯង​មាន​ជំងឺរបេង​ជាង ៧ ឆ្នាំ បានធ្វើឱ្យ​គ្រួសារ របស់គាត់​ធ្លាក់ខ្លួន​ក្រលំបាក ពី​ផ្ទះ​ធំ​មក​នៅ​ខ្ទម​តូច​ដ៏​កម្សត់​នេះ​ដោយសារ​តែមាន​ជំងឺ​ប្រចាំកាយ​គាត់ មិនអាច​ធ្វើ​អ្វី​កើត​ឡើយ ។ ចំណែក​ស្រែចម្ការ​ក៏​លក់​អស់​គ្មាន​សល់ ដើម្បី​យកប្រាក់​មក​ព្យាបាល​ជំងឺ និង ធ្វើ​បុណ្យសព​ប្រពន្ធ ។

គ្រួសារ​ទុគ​ត៌ ឪពុក​ជំងឺរបេង​កូន​ជំងឺ​ប្រកាច់​

នៅពេល​ដល់​វ័យ​ចាស់ជរា​មាន​ជំងឺ​ប្រចាំកាយ ហើយ​កូនប្រុស សួន កោយ អតីត​នាយទាហាន​នោះ​ក៏ត្រូវ​គ្រោះថ្នាក់​ធ្លាក់​ពីលើ​កំពូលភ្នំ​នារាយណ៍​កម្ពស់​ប្រហែល ១០០ ម៉ែត្រ ក្នុងពេល​ប្រតិបត្តិការ​សឹក ។ ទោះបី​មិន​ស្លាប់​ក៏ពិតមែន តែ​ក៏​រងរបួស​យ៉ាងដំណំ​ត្រង់​ក្បាល​សន្លប់​បី​យប់​បី​ថ្ងៃ​ទើប​ដឹងខ្លួន គ្មាន​សង្ឃឹម ថា​បានឃើញ​ពន្លឺព្រះអាទិត្យ​វិញ​ឡើយ ។ មកដល់​ឥឡូវនេះ​ទោះបី​គេ​បានជា​សះស្បើយ​ក៏ពិតមែន តែ​នៅ​ដួល​ប្រកាច់​ជា​ញឹកញាប់​មួយខែ​ប្រកាច់ ១០ ដង​ក៏មាន​ពេលខ្លះ​ដួល​ក្នុង​ទឹក​ជួន​ដួល​លើផ្លូវ​ជាតិ​ក៏មាន កុំ​តែ​បាន​គេ​ជួយ​ទាន់​ម្ល៉េះ​នឹង​ឈ្លក់ទឹក ឬ រថយន្ត​កិន​ស្លាប់​មិន​ខាន ។ រាល់ថ្ងៃ​គេ​ដើរ​មិនសូវ​នៅផ្ទះ​ទេ ស៊ីឈ្នួល​រែក​ដី​ឱ្យគេ​គ្រប់​ច្រកល្ហក​យកប្រាក់​មក​ចិញ្ចឹម​រូបគាត់​ជា​ឪពុក​ចាស់ ដែលមាន​ជំងឺ​ប្រចាំកាយ​ទៀត ។ មិន​ត្រឹម​ប៉ុណ្ណឹង ទេ​ដោយសារ​ធ្លាក់​ពីលើ​ភ្នំ​នេះ វា​ហាក់ដូចជា​ពិការ ដើរ​ទ្រេតទ្រោត មិន​ត្រង់​ផ្លូវ​ដូច​មុន​ឡើយ ស្រដៀង​អ្នក​ស្រវឹងខួប តែ​គេ​មិនចេះ​ផឹកស្រា​ឡើយ គ្រាន់តែ​ធុំក្លិន​ស្រា​ក៏​រកកល់​ចង់​សន្លប់​ដែរ ។

ទោះបី​បែបនេះ​ក្តី សព្វថ្ងៃ​គាត់​សង្ឃឹម​តែ​លើ​កូនប្រុស​ម្នាក់នេះ​ប៉ុណ្ណោះ កុំ​តែ​បាន​គេ​ជា​អ្នករកស៊ី​ចិញ្ចឹម​ប្រហែលជា​គាត់​ដាច់ពោះ​ស្លាប់​មិន​ខាន ។ របរ​រែក​ដី​មិនបាន​រាល់ថ្ងៃ​ទេ តម្រូវ​ទៅតាម​មាន​គេ​ជួល ហើយ​ពេលណា​ជំងឺ​ធ្វើទុក្ខ គេ​សម្រាក ថ្ងៃ​ណា​មាន​កម្លាំង​ទើប​ស៊ីឈ្នួល​រែក​ដី​ឱ្យគេ ។ នៅ​ពេលយប់​ព្រលប់​បានកូន​ម្នាក់​ហ្នឹងហើយ​ជួយ​ច្របាច់​ដៃជើង​ឱ្យ ទើប​សម្រាន្ត​ទៅ​ឆាប់​លក់ បើ​មិន​ដូច្នោះ​ទេ​រសេះរសោះ​ស្ពឹក​រួយ​ស្រពន់​ខ្លួនប្រាណ​ដេក​មិន​លក់ ។ លោកតា ទេស សារ៉ន បានឱ្យដឹង​ទៀតថា រាល់ថ្ងៃនេះ​គាត់​មាន​ជំងឺ​ក្អក ឆាប់​ហត់ ស្គមរីងរៃ ហូប មិនសូវ​បាន​នោះទេ ក្រៅពីនេះ​នៅមាន​ជំងឺលើសឈាម មួយទៀត​មិន​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស​នោះទេ ព្រោះ​ខ្លាច​ដួល​ហើយ​ព្យាយាម​ហូប​ថ្នាំពេទ្យ​រាល់ថ្ងៃ តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ទ្បើ​យ ។ គាត់​មិនអាច​ទៅណា​ឆ្ងាយ​ទេ ដើរ​បាន​ជិតៗ​ប៉ុណ្ណោះ ដោយ​ប្រើ​ឈើច្រត់​ជួយ​ទប់​បើ​ដើរ​ច្រើនពេក​ចេះតែ​ឆាប់​ហត់ និង ញ័រ​ទន់ជង្គង់​រក​នឹង​ដួល ហើយ​នៅពេល​ធ្វើទុក្ខ​ម្តងៗ​ស្ទើរនឹង​ដាច់ខ្យល់​ស្លាប់ ។

គ្រួសារ​ទុគ​ត៌ ឪពុក​ជំងឺរបេង​កូន​ជំងឺ​ប្រកាច់​

សួន កោយ ដែលជា​កូនប្រុស​របស់​លោកតា ទេស សារ៉ន បានឱ្យដឹង​ដែរ​ថា គាត់​ជាម​នុស្ស​សំណាង​ក្នុង ១.០០០ គ្រោះថ្នាក់ ព្រោះ​ធ្លាក់​ពីលើ​កំពូលភ្នំ​មកក្រោម​ខ្ពស់​ណាស់​មិន​សង្ឃឹមថា​រស់​ឡើយ ។ សួន កោយ បាន​រំឭក​ហេតុការណ៍​គ្រោះថ្នាក់​ធ្លាក់​ពីលើ​ភ្នំ​ថា កាលពី​ជាង ១៥ ឆ្នាំ មុន​គាត់​ធ្វើ​ទាហាន​នៅ​កងពល​លេខ ១៧ ភ្នំ​នារាយណ៍ ឥឡូវ​ទីតាំង​ប្តូរ​មក​នៅ​ម្តុំ​បឹង​រំលេច​វិញ ។ គាត់​ធ្វើ​ទាហាន​បានតែ​ដប់ឆ្នាំ​ប៉ុណ្ណោះ​ក៏​ឈប់​បន្ទាប់ពី​ជួប​គ្រោះថ្នាក់ ។ មុនពេល​គ្រោះថ្នាក់ គាត់​តែងតែ​ចេញទៅ​ឈរជើង​ការពារ​គ្រប់​សមរភូមិ ដូចជា​កោះកុង សៀមរាប ព្រះវិហារ និង សំឡូត​ជាដើម មិនសូវ​បាន​រស់​ជួបជុំ​ម៉ែឪ​ទេ ។ នៅ​ថ្ងៃ​ជួប​គ្រោះថ្នាក់​នោះ ពេលដែល​គាត់​កំពុង​ឈរជើង​នៅលើ​ភ្នំ​នារាយណ៍ ហើយក៏​រអិល​ជើង​នឹង​ដុំថ្ម​រមៀល​ធ្លាក់​មកក្រោម​ប្រហែល ១០០ ម៉ែត្រ បណ្តាលឱ្យ​របួស​បែកក្បាល​សន្លប់​ក្នុង​ថ្លុកឈាម រីឯ​កាំភ្លើង និង វិទ្យុទាក់ទង ត្រូវ​បែកបាក់​ខ្ទេច​ដែរ ។

គ្រួសារ​ទុគ​ត៌ ឪពុក​ជំងឺរបេង​កូន​ជំងឺ​ប្រកាច់​

មេបញ្ជាការ និង មិត្ត​យុទ្ធជន​រួម​សមរភូមិ​បាន​ដឹក​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ទាន់ពេលវេលា​កុំ​អី​ស្លាប់​បាត់ទៅហើយ ។ ទោះបីជា​មកដល់ពេលនេះ​គាត់​បានជា​សះ មុខរបួស​ផុតពី​ក្តី​ស្លាប់​ពិតមែន តែ​គាត់​នៅមាន​អាការ​ដួល​ប្រកាច់​ញឹកញាប់ មិនទាន់​ជា​ដាច់​នៅឡើយ ។ សព្វថ្ងៃ​រស់​ប្រឈម​នឹង​អាការ​បែបនេះ​ពិតជា​ពិបាក​ខ្លាំងណាស់ ធ្វើទុក្ខ​ម្តងៗ​វិះ​នឹង​ដាច់ខ្យល់​ស្លាប់ ពុំមាន​លទ្ធភាព​ព្យាបាល​បន្តទៀត​ឡើយ ។ ក្រោយពី​ជួប​គ្រោះថ្នាក់​នោះមក គាត់​ក៏​ឈប់​ធ្វើ​ទាហាន​រហូតមក​ដែរ ដោយ​រស់នៅ​បម្រើ​ឪពុក​ចាស់​ដែលមាន​ជំងឺរបេង​សួត ។ សួន កោយ បន្តទៀតថា មើល​ពីលើ​កំពូលភ្នំ​មកក្រោម ពិតជា​ខ្ពស់​ខ្លាំងណាស់ ហើយ​ក្រោយពី​ហេតុការណ៍​រន្ធត់​នេះ គាត់​ឃើញ​ភ្នំ​ម្តងៗ​ចេះតែ​ភ័យ​ព្រឺព្រួច ស្ទើរ​លែង​ហ៊ាន​ចង់ទៅ​ក្បែរ ។ កាលពី​សន្លប់​បី​យប់​បី​ថ្ងៃនោះ​ព្រលឹង​គាត់​មិនបាន​ទៅដល់​ស្ថាន​នរក ឬ ឃើញ​អ្វី​នោះទេ នៅពេល​ដឹងខ្លួន​ឡើង គឺ​ស្ថិតក្នុង​មន្ទីរពេទ្យ​តែម្តង ធ្វើឱ្យ​មតិ​ខ្លះ​និយាយថា គាត់​ស្លាប់​ហើយ​រស់ វិញ ឬ មនុស្ស​ពីរ​ជាតិ ។

គ្រួសារ​ទុគ​ត៌ ឪពុក​ជំងឺរបេង​កូន​ជំងឺ​ប្រកាច់​

សួន កោយ បញ្ជាក់​បន្ថែមថា គាត់​របួសធ្ងន់​ពិតមែន តែ​មិន​ប៉ះពាល់ ខួរក្បាល​ឡើយ សព្វថ្ងៃ​គាត់​នៅ​ចងចាំ​ល្អ​ណាស់ គ្រាន់តែ​វិលមុខ​ដួល​ប្រកាច់​ប៉ុណ្ណោះ ។ មកដល់ពេលនេះ សួន កោយ អាយុ ៤៤ ឆ្នាំ​ហើយ តែ​មិនទាន់មាន​ប្រពន្ធ​កូន​ឡើយ ។ រាល់ថ្ងៃ នេះ​មិនមាន​អ្វី​ជាទី​ពឹង​ឡើយ ក្រៅតែពី​ដើរ​ស៊ីឈ្នួល​រែក​ដី​ឱ្យគេ ហើយ​ខ្លួន​ចេះតែ​ដួល​ប្រកាច់​ទៀត ដូច្នេះ​ធ្វើឱ្យ​ជីវភាព​របស់គាត់​ប្រចាំថ្ងៃ​ជួប​ការលំបាក​យ៉ាងខ្លាំង គ្មាន​លទ្ធភាព​ចិញ្ចឹម​គេ​ទេ ហើយក៏​គ្មាន​នារី​ណា​ម្នាក់​មក​យក​លោក​ឡើយ ទើប​សុខចិត្ត​រស់នៅ​ដោយ​គ្មាន​គូ ដើម្បី​បម្រើ​ឪពុក​យកបុណ្យ​ផង តបគុណ​គាត់​ផង ព្រោះ​គាត់​មិនមាន​អ្នកណា​ចិញ្ចឹម​ក្រៅពី​គាត់​ឡើយ ៕​កែវ សិលា​

 

​ ​ ​ ​ ​ ​ ​ ​