កីឡាករ​-​កីឡាការិនី​សក្តានុពល ៤ រូប​បង្ហាញ​ជំហរ​សម្រាប់​ឆ្នាំ​២០១៦

​កីឡាករ​កីឡាការិនី ៤ រូប​ដែល​ត្រូវបាន​គេ​រំពឹងថា​ជា​កីឡាករ​កីឡាការិនី សក្តានុពល របស់ កម្ពុ ជា នៅ​ឆ្នាំ​ពី​២០១៦ បានបង្ហាញ​យុទ្ធសាស្ត្រ ក៏ដូចជា​គោលជំហរ និង​មហិច្ឆតា​ថ្មី របស់ ខ្លួន សម្រាប់​ឆ្នាំ​២០១៦ ។ 

​កីឡាការិនី កែ ឡេង ម្ចាស់​ជើងឯក​កីឡា​ប៉េតង់​លំដាប់​ពិភពលោក ២ ជំនាន់​ជាប់​គ្នា បាន បង្ហាញ ពី​យុទ្ធសាស្ត្រ​ថ្មី​របស់ខ្លួន​ថា​សម្រាប់​ឆ្នាំ​២០១៦ ខ្លួន​នឹង​ព្យាយាម​ធ្វើឱ្យ​ល្អ​ជាង​ឆ្នាំមុន  ហើយ​ខ្លួន​នឹងធ្វើ​ការហ្វឹកហាត់​ដូច​ឆ្នាំមុនៗ​ដដែល ប៉ុន្តែ​គ្រាន់តែ​មានការ​ផ្លាស់ប្តូរ​បន្តិច ដោយ​ធ្វើការ​បង្កើន​ពេលវេលា​ហ្វឹកហាត់​មុន​ថ្ងៃ​ប្រកួត​ឱ្យបាន​ច្រើនជាង​មុន​។​

​កីឡាការិនី​ម្នាក់នេះ​បាន​រៀបរាប់ថា​៖«​សម្រាប់​ឆ្នាំ​២០១៦ ខ្ញុំ​នឹងធ្វើ​ឱ្យ​ល្អ​ជាង​ឆ្នាំមុន ហើយ សម្រាប់​ការហ្វឹកហាត់​នៅតែ​ហាត់​ដូច​ឆ្នាំមុន​ដដែល ប៉ុន្តែ​ខ្ញុំ​នឹង​បន្ថែម​ពេលវេលា ២ ទៅ ៣ ម៉ោង​នៅមុន​ថ្ងៃ​ប្រកួត​»​។​

​កីឡាការិនី​រូបនេះ​បាន​រៀបរាប់​ទៀតថា កាលពី​ឆ្នាំមុន​ក្រុម​របស់គាត់ ធ្វើការ​ហ្វឹកហាត់ ដោយ ចាប់ផ្តើម​ពី​ម៉ោង ៨:៣០​នាទី​ព្រឹក ដល់​ម៉ោង​១១ និង​ពេល​ល្ងាច​ចាប់ពី​ម៉ោង ៣​រស​សៀ​ល ដល់ ម៉ោង ៦ ល្ងាច ប៉ុន្តែ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ក្រុម​មួយ​នេះ​នឹងធ្វើ​ការផ្លាស់ប្តូរ​នៃ​ការហ្វឹកហាត់ ដោយ ចាប់ ផ្តើម​ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង ១២ ថ្ងៃត្រង់ ចំណែក​ពេល​ល្ងាច​ចាប់ពី​ម៉ោង ១ រសៀល​ដល់​ម៉ោង ៦ ល្ងាច​វិញ​។

​ការផ្លាស់ប្តូរ​នេះ​ដោយសារ កីឡាការិនី​រូបនេះ​គិតថា រាល់ពេល​ទៅ​ប្រកួត​នៅក្រៅ​ប្រទេស​ម្តងៗ តែងតែ​ធ្វើការ​ពន្យា​ពេល​នៃ​ការប្រកួត​រហូតដល់​យ​ប់​ជ្រៅ ជាហេតុ​ធ្វើឱ្យ​កីឡាករ​កីឡាការិនី យើង​ខ្សោយកម្លាំង​ក្នុងការ​ប្រកួត​។ 

​ចំណែក​កីឡាករ ចាន់ វឌ្ឍនាកា ដែលជា​កីឡាករ​ឆ្នើម​មួយរូប​ប្រចាំឆ្នាំ​២០១៥ ហើយ កាលពី ពេល​ថ្មីៗ រូបគេ​បាន​ក្លាយជា​អ្នកលេង​ល្អ​ប្រចាំ​ពានរង្វាន់ Toyota Mekong Club Championship 2015 បានបង្ហាញ​ពី​មហិច្ឆតា​ថា ខ្លួន​នឹងធ្វើ​ការអភិវឌ្ឍ​ឱ្យ​ល្អ​ជាង​មុន ដូចជា​បង្កើន​ការលេង ជា ពិសេស​បង្កើន​ពេល វេលា​នៃ​ការហ្វឹកហាត់​ដោយ​ខ្លួនឯង​ឱ្យបាន​ច្រើន​មុន ក្រៅពី​ហ្វឹកហាត់ នៅក្នុង​ក្លឹប​របស់ខ្លួន ហើយ​កីឡាករ​រូបនេះ​មិនដែល​គិតពី​តំណែង​កីឡាករ​ឆ្នើម​នោះទេ គ្រាន់ តែ​ចង់​ជួយ​ឱ្យ​ក្រុមបាល់ទាត់ និង​ក្រុម​ជម្រើសជាតិ​កម្ពុជា ឱ្យ​ពិភពលោក​ទទួល ស្គាល់​ថា វិស័យ​បាល់ទាត់​នៅ​កម្ពុជា​មានការ​រីកចម្រើន​។

​កីឡាករ​ម្នាក់នេះ​បញ្ជាក់​ដូច្នេះ​ថា​៖«​សម្រាប់​ខ្លួន​ខ្ញុំ​ក្នុង​ឆ្នាំ​២០១៦ នឹង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ខ្លាំង ជាង ឆ្នាំមុន ដូចជា​ការលេង​ឱ្យ​ខ្លាំង​មុន ហើយ​ខ្ញុំ​នឹង​បង្កើន​ការហ្វឹកហាត់​ឱ្យបាន​ខ្លាំង​ជាង​មុន ដោយ ព្យាយាម​ហាត់​ឱ្យ​ច្រើនជាង​រាល់ដង​ដោយ​ខ្លួនឯង​ក្រៅពី​ហាត់​ជាមួយ​គ្រូ ហើយ​សម្រាប់​តំណែង​កីឡាករ​ឆ្នើម​ខ្ញុំ​មិនដែល​គិត​ទេ ធ្វើយ៉ាងណា​ជួយ​ឱ្យ​វិស័យ​កីឡាបាល់ទាត់ ក៏ដូចជា​ក្រុម​ជម្រើសជាតិ​កម្ពុជា ឱ្យ​ពិភពលោក​ទទួលស្គាល់ថា​បាល់ទាត់​កម្ពុជា​មានការ​រីកចម្រើន​ជាង​មុន​»​។​

​កី​ឡករ ឡៅ ចន្ទ្រា មកពី​ក្លិប​កងពលតូច​ឆ័​ត្រ​យោង​៩១១ ដែល​គេ​ឱ្យ​រហ័ស​នាម​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​មិន​លើសពី​ទឹក​ទី ៣ បាន​បញ្ជាក់ថា ទោះបី​រូបគេ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡា​ម្នាក់នេះ​មានការ​រីកចម្រើន​ក៏ដោយ ប៉ុន្តែ​រូបគេ​បានដាក់​គោលដៅ​សម្រាប់​ឆ្នាំ​២០១៦ ថា​ខ្លួន​នឹង​ធ្វើឱ្យ​ខ្លាំង​ជាង​ឆ្នាំមុន​តាមរយៈ​បង្កើន​ការហ្វឹកហាត់​របស់ខ្លួន និង​ការអភិវឌ្ឍ ជាពិសេស​ការច្នៃប្រឌិត​ខ្លួនឯង​។​

​កីឡាករ​ម្នាក់នេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​នៅ​ឆ្នាំ​២០១៦ ខ្ញុំ​នឹងធ្វើ​ឱ្យ​ខ្លាំង​ជាង​មុន​ឆ្នាំមុន ដោយ​ប្រឹង​ហាត់​ឱ្យ​ខ្លាំង​ជាង​រាល់ដង ជាពិសេស​ការអភិវឌ្ឍ​ខ្លួនឯង ឱ្យមាន​ការច្នៃប្រឌិត​ឱ្យ​ច្រើន​»​។

​កីឡាការិនី​ល្បុក្កតោ សំ ថា​រ័ត្ន ថា​សម្រាប់​ឆ្នាំ​២០១៦ វា​មិនមាន​អ្វី​ខុស​ប្លែង​នោះទេ កញ្ញា​នឹង​ព្យាយាម​ហ្វឹកហាត់​ដូច​ឆ្នាំមុន​ដែរ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ​សម្រាប់​ឆ្នាំនេះ​កីឡាការិនី​រូបនេះ​បានរៀបចំ​គម្រោង​រួចហើយ​ថា នឹង​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យមាន​ការខុសប្លែក​ជាង​ឆ្នាំមុនៗ​។​ជាពិសេស​បណ្តុះ​ខ្លួនឯង ក៏ដូចជា​ក្រុម​ឱ្យមាន​ភាព​ច្នៃប្រឌិត​កាន់តែច្រើន​ថែមទៀត​។

​កញ្ញា សំ ថា​រ័ត្ន បាន​បរិយាយ​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​ផ្ទាល់​ការហ្វឹកហាត់​មិនមាន​អ្វី​ខុសប្លែក​នោះទេ​ដូច​តែ​ឆ្នាំមុន​អញ្ចឹង ប៉ុន្តែ​អ្វីដែល​សំខាន់​ខ្ញុំ​នឹង​ព្យាយាម​ធ្វើឱ្យមាន​ការខុសប្លែក​ពី​ឆ្នាំមុន ជាពិសេស​បណ្តុះ​ខ្លួន​ឯក និង​ក្រុម​ឱ្យមាន​ភាព​ច្នៃប្រឌិត​កាន់តែច្រើន​»​។​
 
​កញ្ញា​កីឡាការិនី​ម្នាក់នេះ​បាន​សង្កត់ធ្ងន់ថា  នៅក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​នៅ​ខេត្តសៀមរាប នា​ឆ្នាំ​២០១៦ ខាងមុខនេះ កញ្ញា បាន​បង្កើត​គម្រោង​សម្តែង​ឱ្យ​ប្លែក​ជាង​ឆ្នាំមុន​រួចហើយ ដើម្បីឱ្យ​ភ្លៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ស្គាល់​ឱ្យ​កាន់តែច្បាស់​ពី​ក្បាច់ល្បុក្កតោ​កេរ្តិ៍តំណែល​របស់​បុព្វបុរស​ខ្មែរ​មួយ​នេះ​។ ដោយ​កញ្ញា​រូបនេះ​បាន​លើក​ឧទាហរណ៍​បញ្ជាក់ថា «​ឆ្នាំមុន​យើង​សម្តែង​១​ទល់នឹង​៣ ប៉ុន្តែ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​យើង​មាន​គម្រោង​ថា​នឹង​សម្តែង​១​ទល់នឹង​៧ ធ្វើយ៉ាងណា​ឱ្យ​ប្លែក​ជាង​ឆ្នាំមុន​»៕