ចោរលួច​ក្របី​2​នាក់​មិន​លួច​ធម្មតា​ទេ គឺ​លួច​ម្ដង​ៗ​ដឹក​ទាំង​ឡាន

ចោរលួច​ក្របី​2​នាក់​មិន​លួច​ធម្មតា​ទេ គឺ​លួច​ម្ដង​ៗ​ដឹក​ទាំង​ឡាន

ខេត្តក្រចេះ ៖ ក្របី​ញី​ឈ្មោល​ទាំង​តូច​ទាំង​ធំ​ចំនួន​៧​ក្បាល ត្រូវ​ក្រុម​ចោរលួច​ជា​លក្ខណៈទ្រង់ទ្រាយ​ធំ ដោយ​ដឹក​ជញ្ជូន​ជម្លៀស​ចេញ​តាម​រថយន្ត​លើ​ផ្លូវជាតិ ត្រូវ​កម្លាំង​នគរបាល​ស្រុក​ចិត្រ​បុរី ចុះ​ល្បាត និង​ស្ទាក់​ចាប់ នៅ​វេលា​យប់​ថ្ងៃ​ទី​៣០ ធ្នូ ។

នគរបាល​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ថា ក្របី​ទាំងនេះ គឺ​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព លួច​ដឹក​ចេញពី​ស្រុក​សំបូរ និង​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​កូរ៉េ​ធុន​ធំ ដើម្បី​ជម្លៀស​ចេញ ។កន្លង​មក​សត្វពាហនៈ​គោក្របី ដែល​ជា​កម្លាំង​អូស​ទាញ​ដ៏​សំខាន់​របស់​កសិករ​សម្រាប់​បង្កបង្កើន​ផល​កសិកម្ម បាន​រង​នូវ​ការ​បាត់​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ពួក​គាត់​សម្តែង​ក្តី​បារម្ភ ព្រោះ​បាត់​ម្ដង​ៗ រក​អត់​ដែល​ឃើញ​ទេ ។ ខ​ណះ​ដែល​សត្វ​ទាំងនេះ​ជា​ទម្លាប់​របស់​អ្នកស្រុក ត្រូវ​ពួក​គាត់​ចិញ្ចឹម​លែង​ចោល ដោយ​មិន​មានការ​ថែរក្សា​ត្រឹមត្រូវ​ទេ ដែល​ជា​ឱកាស​សម្រាប់​ក្រុម​ចោរ​ងាយ​ធ្វើ​សកម្មភាព លួច​កៀង​ប្រមូល​ឡើង​លើ​រថយន្ត​ដឹក​យក​ទៅ​លក់​ដោយ​សុវត្ថិភាព ។

ក្នុង​សកម្មភាព​ការ​បង្ក្រាប​ក្រុម​ចោរលួច​ក្របី នគរបាល​ស្រុក​ចិត្រ​បុរី ចាប់​ឃាត់ខ្លួន​បាន​ចោរ​២​នាក់​រួម​ទាំង​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​ក្របី​តូច​ធំ​៧​ក្បាល ។ ចំណែក​អ្នកបើកបរ​រថយន្ដ​បាន​គេចខ្លួន​បាត់ ភ្លាម​ៗ​លឿន​ដូច​ព្រួញ ។
ក្នុង​អំពើ​លួច​ដែល​នគរបាល​កំណត់​ថា ជា​មុខសញ្ញា​លួច​គោក្របី​ក្នុង​សកម្មភាព​ធ្លាប់​ប្រព្រឹត្ត​យ៉ាង​សកម្ម​នេះ​មានឈ្មោះ ណេ​ង ប៊ុ​ន​ធឿ​ន អាយុ​៣៦​ឆ្នាំ និង​ឈ្មោះ យី​ន ស៊ី​ណា អាយុ​២៤​ឆ្នាំ ។ ជន​ទាំង​ពីរ​នាក់​មានមុខ​របរ​មិន​ពិតប្រាកដ រស់នៅ​ក្នុង​ឃុំ​ដារ ស្រុក​ចិត្រ​បុរី ។

អធិការ​នគរបាល​ស្រុក​ចិត្រ​បុរី លោក​វ​សេនីយ៍​ទោ យ៉ា​ន ហៀ​ង បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​បង្ក្រាប​ករណី​អំពើ​ចោរកម្ម​លួច​ក្របី​ទ្រង់ទ្រាយ​ធំ​ជា​លើក​ទី​២ របស់​កម្លាំង​នគរបាល​ស្រុក ។ លោក​ថា កាលពី​ខែមេសា​កន្លង​ទៅ ក៏​មាន​ក្របី​ចំនួន​៧​ក្បាល​ដែល​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ដឹក​តាម​រថយន្ត ហើយ​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​សហការ​ជាមួយ​នគរបាល​ស្រុក​ចុះ​ធ្វើការ​បង្ក្រាប​បាន ។ ដោយឡែក​ចំពោះ​ករណី​មួយ​នេះ​ត្រូវ​បាន​លោក​អធិការ​នគរបាល​ស្រុក​បញ្ជាក់​ថា​ក្របី​ទាំង​ចំនួន​៧​ក្បាល​នេះ គឺ​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព​លួច​ពី​ស្រុក​សំបូរ​បំរុង​ដឹកនាំ​ឆ្ពោះទៅ​កាន់​ព្រំដែន​យួន ។

លោក​ថា ក្រោយ​ពី​មានការ​បង្ក្រាប​ក្របី​តូច​ធំ​ទាំង​ចំនួន​៧​ក្បាល ត្រូវ​បាន​នគរបាល​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​ហើយ ៕