លោក ឱម យ៉ិនទៀង ថ្លែង​ការ​សុំទោស​សម្តេច ស ខេង ជា​សាធារណៈ​

រាជធានី​ភ្នំពេញ​៖​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​បាន​ថ្លែង​សុំទោស​ផ្ទាល់មាត់​ចំពោះមុខ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការ​រាជធានី ខេត្ត​ទាំងអស់ ចំពោះ​ពាក្យសម្តី​លើកឡើង​របស់លោក​ថា លោក​នឹង​ប្រើ​ច្រាស​ដែក​ដុះក្អែល​នគរបាល អត្តសញ្ញាណប័ណ្ណ និង​នគរបាល​ចរាចរណ៍​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ ការ​ថ្លែង​សុំ​ទោ​សា​នេះ​ធ្វើឡើង​កាលពី​ម្សិលមិញ​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​វិធានការ​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ ផ្លូវគោក​។​

​លោក​បញ្ជាក់ថា ពាក្យសម្តី​របស់លោក​កាលពី​ថ្ងៃទី​៩ ខែធ្នូ ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ និង​អន្តរជាតិ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ពិតជា​ពុំ​ត្រឹមត្រូវ​ឡើយ​។

​គួររម្លឹកថា កាល​ថ្ងៃទី​១០ ខែធ្នូ ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ប្រតិកម្ម​នឹង​សម្តី​របស់លោក ឱម យ៉ិនទៀង បន្ទាប់ពី​លោក​បាន​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ និង​អន្តរជាតិ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​៩ ខែធ្នូ ថា លោក​នឹង​ប្រើ​ច្រាស​ដែក​ដុះក្អែល​នគរបាល អត្តសញ្ញាណប័ណ្ណ និង​នគរបាល​ចរាចរណ៍​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​។ កាលនោះ លោក ឱម យ៉ិនទៀង បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្រសួងមហាផ្ទៃ​ត្រូវបាន​ពលរដ្ឋ​ប្ដឹង​ច្រើនជាងគេ​អំពី​ករណី​ពុករលួយ ហើយ​ចំណាត់ថ្នាក់​លេខ​ពីរ​ក្រសួង​អប់រំ និង​ស្ថាប័ន​តុលាការ​នៅក្នុង​ចំណាត់ថ្នាក់​លេខ​៣​។

​ក្រសួងមហាផ្ទៃ​បានចាត់ទុក​ថា ការលើកឡើង​នោះ ជា​ពាក្យសម្តី​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​ហាក់បីដូចជា មើលរំលង​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ស​ម​ត្ថ​កិច្ច​ក្រសួង​កន្លង មក​។ យ៉ាងណាក៏ដោយ​លោក ឱម យ៉ិនទៀង បាន​ថ្លែងថា លោក​បាន​គោរព​នូវ​ការប្រឹងប្រែង​របស់​មន្ត្រី​នគរបាល​ហើយ​ដឹង​ពី​ការលំបាក របស់​ពួកគេ​ក្នុងការ​ដោះស្រាយ​បញ្ហា​ជា​រៀងរាល់ថ្ងៃ​៕

លោក ឱម យ៉ិនទៀង ថ្លែង​ការ​សុំទោស​សម្តេច ស ខេង ជា​សាធារណៈ​