មន្ទីរ​ពេទ្យ​​​ថា ​ខ្លួន​មិន​បាន​បដិ​សេធ​​​​​​ព្យាបាល​ជន​រង​គ្រោះ​​​នៃ​ការ​​វាយ​ប្រហារ​​ដោយ​​ពូថៅ​

កាល​ពីម្សិល​មិញ​ ថ្នាក់​ដឹកនាំ​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​បាន​បដិសេធ​ចំពោះ​ការ​​​អះ​អាង​ដែល​ថា​​បុគ្គលិក​ពេទ្យ​មិន​ព្រម​ស្គែន​ខួរក្បាល​ បញ្ចូល​ឈាម​និង​វះកាត​់​ឲ្យ​ស្ត្រី​ម្នាក់​ដែល​​រង​របួស​ក្បាល​​ធ្ងន់​ធ្ងរ​ ជា​ការ​ចោទ​​​ប្រកាន់​​​​ធ្វើឡើង​ដោយ​​​ប្តី​របស់​ស្ត្រី​រូប​នេះ មិន​យូរ​ប៉ុន្មាន​មុនពេល​គាត់​បាន​ស្លាប់​នៅទីនោះ​កាល​​ពី​រសៀល​ថ្ងៃ​ពុធ។​​​

​ស្ត្រី​រូប​នេះ​ដែល​មាន​ឈ្មោះ​​ អ៊ុំ​ ផាន់​ណា​ អាយុ​៣១​ឆ្នាំ​ និង​ម្តាយ​របស់​អ្នកស្រី​​ឈ្មោះ​ ទូច​ សំអូន​ អាយុ​៦៧​ឆ្នាំ​ ព្រមទាំង​កូន​ប្រុស​អាយុ​៥​​ឆ្នាំ​របស់គាត់​ត្រូវបាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​​​មិត្ត​ភាព​ខ្មែរ​-សូវៀត​កាលពី​រសៀល​ថ្ងៃអង្គារ​​ បន្ទាប់​ពី​ពូួកគាត់​​ជាមួយនឹង​កូន​ៗ​​បួន​នាក់​ផ្សេង​​​ទៀតត្រូវ​ជន​សង្ស័យ​មិន​ស្គាល​់​អត្តសញ្ញាណ​វាយ​នឹង​ខ្នង​ពូថៅ​​​ ខណៈ​ពួក​គាត់​​​​កំពុង​ដេក​លង់លក់​នៅក្នុង​ផ្ទះ​ដ៏តូច​មួយ​ក្នុង​សង្កាត់​១ ​ក្រុង​ព្រះសីហនុ។ កូនស្រី​អាយុ​១៣​ឆ្នាំ​​របស់​ស្ត្រី​រូបនេះ​​បានស្លាប់​តាម​ផ្លូវ​​កាលពី​ថ្ងៃ​ពុធ​​​ ពេល​​​កំពុង​ត្រូវ​បាន​បញ្ជូន​ចេញ​​​ពី​​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហនុ​ មកកាន់​រាជធានី​ភ្នំពេញ។

នៅ​ឯ​មន្ទីរ​ពេទ្យកាល​ពី​ថ្ងៃ​ពុធ​ លោក​ គង​់​ ភារម្យ​ ប្តី​របស់​អ្នក​ស្រី​ អ៊ុំ​ ផាន់ណា​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ បុគ្គលិក​ពេទ្យ​​បានដើរ​មក​ប្រាប់​​គាត់​កាលពី​ល្ងាច​ថ្ងៃ​អង្គារថា​ ប្រពន្ធ​របស់​​គាត់​​ចាំបាច់​ត្រូវ​ស្គែន​ខួរ​ក្បាល​ និង​បញ្ចូល​ឈាម​ មុនពេល​ធ្វើការ​វះកាត់​។ ការ​ស្គែន​នោះ​ត្រូវ​​បង់ថ្លៃ​​សេវា​​ ២៥០ដុល្លារ​ ហើយថា​ ​គ្រួសារ​របស់គាត់​ត្រូវ​រក​ឈាម​ដោយ​ខ្លួន​ឯង។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ម្សិលមិញ​ ដែល​ត្រូវបាន​បង្ហោះ​នៅលើ​អុីន​

ធឺណិត​ដោយ​គេហទំព័រ​ព័ត៌មាន​ Fresh News មន្ទីរពេទ្យ​នេះ​បាន​លើក​ឡើង​ថា​ បុគ្គលិក​​ពេទ្យ​មិនស្គែន​ឬវះកាត់​ឲ្យ​​ប្រពន្ធ​របស់​លោក​ ភារម្យ​ ដែលគេសរសេរ​ឈ្មោះច្រឡំ​នៅ​ក្នុង​ឯកសារថា​ មានឈ្មោះ​ អ៊ុំ ចិន្តា​ នោះ ព្រោះ​​អ្នកជំងឺ​ “មាន​របួសក្បាល​ធ្ងន់​ធ្ងរ​ និងមានកូន​ក្រ​មុំ​ភ្នែក​រីក​ទាំង​សង​ខាង​ទៅហើយ​”។​​​​​​​​

សេចក្តី​ប្រកាស​ព័ត៌មាននេះ​មាន​ខ្លឹមសារ​ថា​ ”​បន្ទាប់មក​ក្រុម​គ្រូពេទ្យ​បាន​ពន្យល់​ដល់​ក្រុម​គ្រួសារ​អ្នក​ជំងឺ​និងដាក់​សម្ភារ​​សង្គ្រោះ​​កម្រិត​ធ្ងន់ធ្ងរ​ភ្លាម​ៗ​ ហើយ​ក្នុង​សភាព​បែប​នេះ​​​គ្រូពេទ្យ​មិន​អាច​បញ្ជូន​អ្នក​ជំងឺ​ទៅ​​​ស្គែន​​ភ្លាម​ៗ​​​បាន​ទេ​ គឺ​គ្រូ​ពេទ្យ​​ត្រូវការ​ជួយ​សង្គ្រោះ​ឲ្យ​អ្នក​ជំងឺ​វិល​មក​សភាព​នឹង​នរ​វិញ​សិន​”។

កាលពី​ថ្ងៃ​ពុធ​ លោក​ ភារម្យ​ បាន​លើក​ឡើងថា​ ប័ណ្ណ​ “ក្រីក្រ”​ របស់គាត់​ ដែល​គេ​ចេញ​​​ឲ្យ​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប​​គ្មាន​លទ្ធភាព​បង់ថ្លៃ​សេវា​សុខភាព​នោះ​ ត្រូវ​បុគ្គលិក​នៅមន្ទីរ​ពេទ្យ​មិត្ត​ភាព​-ខ្មែរ​សូវៀត​ច្រាន​ចោល​។​

នៅក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​កាល​ពី​ម្សិលមិញ​ មន្ទីរ​ពេទ្យ​នេះ​បាន​​លើក​ឡើងថា​ ​មន្ទីរ​ពេទ្យ​​​អាច​រា៉ាប់​រង​​​ការ​ចំណាយ​​លើ​ថ្លៃ​ធ្វើ​តេស្ត​សុខ​ភាព​ឲ្យអ្នក​ដែល​គ្មាន​លទ្ធ​​​ភាពបង់​ថ្លៃ​សេវា​ទាំងនេះ។​​​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​មាន​ខ្លឹមសារ​បន្តថា​ ”​បើករណី​ចាំបាច់ត្រូវ​ស្គែន​ជា​បន្ទាន់​នោះ​ មន្ទីរ​ពេទ្យ​មាន​លទ្ធ​ភាព​​​គ្រប់​គ្រាន់​ដើម្បី​​ជួយ​អ្នក​ក្រីក្រ​”។ ហើយ​បើករណី​ចាំបាច់​ត្រូវ​វះ​​កាត់​នោះ​ មន្ទីរពេទ្យ​មានឈាម​ស្តុក​សម្រាប់​ជួយ​សង្គ្រោះបាន​ ហើយ​ក៏ត្រូវការចូល​រួម​ពី​ក្រុមគ្រួសារ​និង​បង​ប្អូន​របស់​អ្នក​ជំងឺ​ផងដែរ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​មាន​ខ្លឹមសារ​បន្ត​ទៀត​ថា​ ”ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ​ដោយ​ស្ថាន​​​​​​​ភាព​អ្នក​ជំងឺ​ធ្ងន់​ធ្ងរ​ពេក​មិន​អាច​ជួួយ​សង្គ្រោះ​​បាន​ អ្នកជំងឺ​ត្រូវ​បាន​ទទួល​មរណ​ភាព​”។

លោក​ ងី ម៉េង​ ប្រធាន​មន្ទីរ​ពេទ្យ​នេះ​ បាន​​​និយាយ​តាម​ទូរស័ព្ទ​កាល​ពីម្សិលមិញ​ថា​ ក្រុម​គ្រូ​ពេទ្យ​”បាន​ព្យាយាម​អស់​ពីសមត្ថភាព​”​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​​ស្រី​ អ៊ុំ​ ផាន់ណា​។​

លោក​ បានលើកឡើងថា​ ប​ុគ្គលិក​ពេទ្យ​មិនបាន​ទារថ្លៃ​សេវា​២៥០ដុល្លារ​ពី​លោក​ភារម្យ​​ ដែល​គ្រួសារ​របស់គាត់ទាំងមូល​ត្រូវ​បាន​រាប់រង​ដោយ​ប័ណ្ណ​ក្រីក្រទេ។​

លោក​បាន​មាន​ប្រសាសន៍ថា​ ”ខ្ញុំគិតថា គាត់យល់​ច្រឡំហើយ​ គ្រួសារ​ក្រីក្រ​ទាំង​អស់​​ដែលមក​ទីនេះ​ដោយ​មាន​ប័ណ្ណ​ក្រីក្រ​ មិន​ចាំ​បាច់បង់ប្រាក់​​ទេ”។​ លោកបាន​បន្ថែមថា​ ប្រសិន​​​បើគ្រួសារ​អ្នក​ជំងឺ​មាន​លទ្ធភាព​បង់​នោះ ការស្គែន​ខួរក្បាល​អស់ថ្លៃសេវាតែ​១០០​ដុល្លារ​ប៉ុណ្ណោះ​។​​​​​​

លោក​មាន​ប្រសាសន៍ថា​ “​ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​អ្នក​ថា ពួកគាត់​មិន​ចាំ​បាច់​បង់​ប្រាក់​ទេ។ ​សូម​យក​​ឈ្មោះ​គ្រូពេទ្យ​ [ដែល​សុំ​ឱ្យ​បង់​សេវា​​​២៥០ដុល្លារ​] មក​ឱ្យ​ខ្ញុំ”។

ទោះ​យ៉ាងណា ការ​អះ​អាង​របស់​វេជ្ជ​បណ្ឌិត ងី ម៉េង​ ផ្ទុយ​គ្នា​ស្រឡះ​ពី​ការ​លើក​ឡើង​​​​​​របស់​លោក ឆឹង​ យ៉ាវយ៉េន ជា​អនុ​ប្រធាន​​​​​មន្ទីរពេទ្យ​នេះ​ ដែលកាលពី​មួយ​ថ្ងៃមុន​បាន​អះ​អាង​ថា ប័ណ្ណក្រីក្រ​សម្រាប់​តែ​អ្នក​ដែល​មាន​ឈ្មោះ​នៅក្នុង​ប័ណ្ណ​តែ​ប៉ុណ្ណោះ ហើយ​មិនមែន​សម្រាប់​ក្រុមគ្រួសារ​របស់​គាត់​ទាំង​មូល​ឡើយ។ លោក​ក៏បាន​លើកឡើង​ផង​ដែរ​​ថា ការ​ស្គែន​ខួរ​ក្បាល​តម្លៃ​២៥០​ដុល្លារ។

នៅពេល​​ទាក់ទង​​​មុន​ពេល​បុណ្យសព​ប្រពន្ធនិង​កូនស្រី​របស់​គាត់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កាល​ពី​ម្សិលមិញ លោក ភារម្យ​ បាន​និយាយ​ថា វា​ពិបាក​ចាំ​ព័ត៌មាន​លម្អិត​ពី​ការ​ទំនាក់​ទំនង​របស់គាត់​​ជាមួយ​​បុគ្គលិក​នៅ​មន្ទីរពេទ្យ​​មិត្ត​ភាព​ខ្មែរ-សូវៀត​​ណាស់។

នៅពេល​ការ​វាយ​ប្រហារ​ ដែលបាន​កើត​​ឡើង​នៅម៉ោង​​១និង​៣០នាទី​​រំលង​អធ្រាត្រ​ លោក ភារម្យ​ កំពុង​នេសាទ​នៅ​សមុទ្រ។ បន្ទាប់​ពី​ត្រឡប់​មក​ដល់​ផ្ទះ​​វិញ​ ដោយ​ដឹង​អំពី​​ស្ថាន​ភាព​​គ្រួសារ​​របស់​គាត់​ និង​និយាយ​ជាមួយ​នគរ​បាល​​​រួច​ គាត់​បាន​ធ្វើដំណើរ​មក​រាជ​ធានី​ភ្នំពេញ​មក​​​​មើល​ប្រពន្ធ កូន និង​ម្តាយ​ក្មេករបស់​គាត់​។

គាត់​បាននិយាយ​ថា “​នៅពេល​នោះ ខ្ញុំ​មិន​​​ចាំឈ្មោះ ឬ​ចំណាំ​មុខ​ទេ ពីព្រោះ​​ខ្ញុំ​វិល​វល់​​ជាខ្លាំង ដោយ​សារ​ប្រពន្ធនិង​កូន​ស្រី​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ទៅ មក​ៗ​​ជាច្រើន​ដង។ ចិត្ត​របស់​ខ្ញុំ​ពោរ​ពេញ​ដោយ​ទុក្ខ​សោក ខ្ញុំ​គិត​អ្វីមិន​ឃើញ​ទេ​ព្រោះតែ​​ប្រពន្ធនិង​កូន​ស្រី​របស់​ខ្ញុំ”។

បើ​ទោះ​ជា​លោក ភារម្យ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា លោក​បាន​ទាក់ទង​តែជាមួយ​គ្រូពេទ្យ​ប្រុស​ម្នាក់​​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ក៏ដោយ ក៏កាលពី​ម្សិលមិញ គាត់​​បាន​និយាយ​ថា គ្រូពេទ្យ​មួយ​ចំនួន​​បាន​ប្រាប់​គាត់​ថា ការ​ស្គែន​ខួរ​ក្បាល​​អស់​​សេវា​​២៥០ដុល្លារ​ ដោយ​គ្រូពេទ្យ​ស្រី​ម្នាក់​ប្រាប់​គាត់​ថា តម្លៃនេះ​នឹង​រាប់បញ្ចូល​ទាំង​​​ការ​បញ្ចូល​​​ឈាម​ផង​ដែរ។

លោក​បាន​និយាយ​ថា ”មុន​ម៉ោង​​៩ព្រឹក [ថ្ងៃពុធ] ​ ខ្ញុំ​បាន​ជួប​គ្រូពេទ្យ​ប្រុស​ជា​ច្រើន​នាក់ ​​ហើយ​ពួកគេ​បាន​ប្រាប់​ខ្ញុំ​ឱ្យ​បង់​សេវា២៥០​ដុល្លារ​សម្រាប់​ការ​ស្គែន​ក្បាល។ ​ក្រោយ​​ម៉ោង​​​៩ព្រឹក ខ្ញុំ​បាន​ទៅ​បន្ទប់នេះ​ម្តងទៀត​ ហើយ​មាន​តែគ្រូពេទ្យ​ស្រី​ម្នាក់​ប៉ុណ្ណោះ ហើយ​គាត់​​​បាន​ប្រាប់​ខ្ញុំ​ជាច្រើន​ដង​ថា ប្រសិនបើ​ខ្ញុំ​បង់​សេវា​២៥០​ដុល្លារ​ [សម្រាប់​ការ​ស្គែន] នោះ​ខ្ញុំមិនចាំបាច់​​រក​ឈាមទេ”។

ការ​ទូរស័ព្ទ​​ទៅ​លោក​វេជ្ជបណ្ឌិត ងី ម៉េង និង​លោក ឆឹង យ៉ាវយ៉េន មិន​មានការ​ឆ្លើយ​តប​ទេ​កាលពី​ម្សិលមិញ។

​លោក ប្រាក់​ សុភា អធិការ​នគរបាល​សង្កាត់​​​១​​មាន​ប្រសាសន៍ថា មន្ត្រី​របស់​លោក​​បាន​សាក​សួរ​​លោក ភារម្យ​ កាលពី​ម្សិលមិញ ហើយ​កំពុង​​​​ស៊ើប​អង្កេត​​ការ​វាយ​ប្រហារ​ដោយ​ពូថៅ​​នេះ​នៅឡើយ៕ ស៊ុយឈាង និង សារុន

 

The post មន្ទីរ​ពេទ្យ​​​ថា ​ខ្លួន​មិន​បាន​បដិ​សេធ​​​​​​ព្យាបាល​ជន​រង​គ្រោះ​​​នៃ​ការ​​វាយ​ប្រហារ​​ដោយ​​ពូថៅ​ appeared first on ខេមបូឌា ដេលី.