ផឹកស្រា​ស្រវឹង​រហូត​សន្លប់​ ព្រោះ​ខឹង​ប្តី​ទៅ​ឱប​ស្រី​ថ្មី

រាជ​ធានីភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ផឹកស្រា​ស្រវឹង​រហូត​​​ដួល​សន្លប់​ធ្លាក់​ពីលើ​ម៉ូតូ​ដោយសារ​តែ​ខឹង​ប្តី​ទៅ​មាន​ស្រី​ថ្មី ហើយឱប​ប​ញ្ឍឺ​នៅ​ហ្នឹង​មុខ​ទៀត ។ ហេតុ​ការណ៍​នេះ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង១ និង២០​នាទី​រំលងអធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃ​ទី១ ​មករា ​២០១៦ នៅ​មុខ​ស្ថានទូត​បារាំង ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​ស្រះ​ចក ខ​ណ្ឌដូនពេញ ។

​បើ​តាម​សាក្សី​ដែល​ជា​អ្នក​ឌុ​ប​ស្រី្ត​នោះ​មក​ដល់​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឃើញ​ស្ត្រី​ម្នាក់​ដើរ​ចេញពី​ហាង​ខារ៉ាអូខេ ជេរ ស្ថិត​នៅ​ផ្លូវ៤៨៨ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខ​ណ្ឌចំការមន ហើយ​បាន​មក​តថ្លៃ​ម៉ូតូឌុប​របស់​គាត់​ ដោយ​ឱ្យ​រូប​គាត់​ដឹក​មក​ដល់​សួន​មុខ​ស្ថានទូត​បារាំង ក្នុង​តំលៃ២០.០០០​រៀល តែ​ពេល​ដែល​ជិះ​លើ​ម៉ូតូ​របស់​គាត់​ គឺ​ស្ត្រី​ម្នាក់​នោះ​និយាយ​ទូរស័ព្ទ​រហូត ដោយយំ​ផង ជេរ​ផង​ជាមួយ​​ប្តី​របស់​គាត់ ។

លោក​បាន​បន្ត​ទៀត​ថា គ្រាន់តែ​ឈប់​ម៉ូតូ​មុខ​ស្ថានទូត​បារាំងភ្លាម ​ស្ត្រី​នោះ​ក៏​ដួល​សន្លប់​តែ​ម្តង ធ្វើ​ឱ្យ​អ្នក​ដែល​នៅ​ក្បែរ​នាំ​គ្នា​ជួយ​ធ្វើ​ចលនា និង​យក​ប្រេងកូឡា​មកលា​បរិត​រហូត​ដល់​ដឹងខ្លួន បន្ទាប់​ពី​ដឹងខ្លួន​ហើយ​បាន​​​ទូរស័ព្ទ​ជេរ​ជាមួយ​ប្តី​ទៀត ។

​ក្រោយ​ពេល​កើតហេតុ​ គេ​បាន​ទូរស័ព្ទ​ហៅ​សាច់ញាតិ​របស់​ស្ត្រី​នោះ​ដើម្បី​ឱ្យមក​ទទួលយក​​ត្រលប់​ទៅ​ផ្ទះ​វិញ ព្រោះ​មើលទៅ​នាង​មាន​សភាព​ស្រវឹង​ជោគ និង​និយាយ​ស្តាប់​គ្នា​មិន​បានទេ ៕