រថយន្ត​បុក​ម៉ូតូ​ស្លាប់​ម្នាក់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

រាជ​ធានីភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​បើក​បុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​មនុស្ស​ផ្លោង​ទៅ​ជិត​បង្គោល​ភ្លើង​ស្លាប់​ភ្លាមៗ ចំណែក​ម៉ូតូ​ផ្លោង​ទៅ​ចូល​ក្រោម​រថយន្ត​ចត​ស្ងៀម ។ ​

​គ្រោះថ្នាក់​​នេះ​បាន​កើតឡើង​កាល​ពី​​វេលា​ម៉ោង​០២​ និង​៥០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ​មករា ​​២០១៦ ត្រង់​ចំណុច​ផ្លូវ​លេខ​៣៦០​​​កែង​ផ្លូវ​លេខ​១៦៣ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។

សព​ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ជំនួយការ​ក្រុមហ៊ុន​ស្តារសែ​ល (​ក្រុមហ៊ុន​០១៨) ស្នាក់​នៅផ្ទះ​លេខ​៥៨៨ ផ្លូវជាតិ​លេខ​៥ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឬ​ស្សី​កែវ ជិះ​ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌​សលាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ ១FC៧៧២២​ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ទាក់ទង​ទៅ​សាច់ញាតិ សព​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ៕