សម្តេចតេជោ ​​ហ៊ុន សែន​​ ៖ ចៅប្រុសមួយ​ចំនួន​កំពុងហ្វឹកហាត់​​នៅក្លឹបបឹងកេត​ដើម្បីត្រៀម​ស៊ីហ្គេមឆ្នាំ២០២៣

រាជធានីភ្នំពេញ ៖ ​នៅលើបណ្តាញទំនាក់ទំនងសង្គម ​( Facebook) Page ​ផ្លូវការរបស់សម្តេចតេជោ​នាយករដ្ឋមន្រ្តី ​សម្តេចបានសរសេរ​បង្ហោះនៅព្រឹកថ្ងៃទី០១ មករា ២០១៦​ មានខ្លឹមសារទំាងស្រុងថា "​ ឆ្នាំចាស់ ២០១៥បានកន្លង ឆ្នាំថ្មី ២០១៦​ បានមកជំនួស​ជាមួយនឹងក្តីរីករាយរបស់ប្រជាជន។

សុខសន្តិភាព​បានផ្តល់ជូនជាតិ ​និង​ប្រជាជនយើង​នូវការសប្បាយរីករាយ​ក្នុងការឆ្លងឆ្នាំដោយគ្មាន​ការភ័យខ្លាចនៃការវាយប្រហារ​ភេវរកម្មដែលប្រទេសមួយចំនួនកំពុង​ប្រឈម​នោះ​ឡើយ។

ម្សិលមិញ​ ខ្ញុំបានជួបនិងថតរូបជាមួយចៅៗ​ទាំងអស់។ ​ ពិបាកជាងចាប់ក្តាមដាក់ចង្អេរទៅទៀត។ ​មួយចេញ ​មួយចូល មួយយំ ​មួយសើច។ ​ខ្ញុំយល់ថា​មិនមែនតែ​គ្រួសារ​ខ្ញុំមួយទេ​ដែលបានសប្បាយជួបជុំគ្រួសារ ​តែគ្រួសារស្ទើរទូទាំង​ប្រទេសដែលបានសប្បាយរីករាយ។​ ឆ្នាំថ្មីជាមួយភារកិច្ចថ្មី ​និងភារកិច្ចចាស់​ដែលបន្សល់ទុកពីឆ្នាំមុន ដែលត្រូវខិតខំ​អនុវត្តបន្តទៀត។

សូមមើលអនាគត​ក្រុមបាល់ទាត់បុរស ​និងអនាគតក្រុមបាល់ទះ​ស្ត្រីត្រកូលហ៊ុន។ ចៅស្រីនឹងលេងបាល់ទះ។ ​ចៅប្រុសនឹងលេងបាល់ទាត់។ ​ពេលនេះចៅ​ប្រុស​មួយ​ចំនួន​កំពុងហ្វឹកហាត់នៅក្លឹបបឹងកេត។ ​ពួកគេកំពុងខិតខំហ្វឹកហាត់​ឱយខ្លាំងដូចកីឡាករ​ ចាន់ វឌ្ឍនាកា ​ដើម្បីចូលរួម SEA GAMES ​ឆ្នាំ 2023 នៅកម្ពុជា៕"