ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ប្រើ​ពូថៅ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ

ខេត្តកណ្តាល​៖​ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល ស្រុក​កណ្តាលស្ទឹង​ឃាត់ខ្លួន ក្រោយ​បើក​ប្រតិបត្តិការ​ភ្លាមៗ ចុះទៅ​បង្ក្រាប​ករណី​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ​មួយគ្រឿង​នៅ​យប់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ត្រពាំង​ឈើ​នាង ឃុំ​ខ្លែង ស្រុក​កណ្តាលស្ទឹង​។​

​មន្ត្រី​អា​វុ​ហត្ថ ស្រុក​កណ្តាលស្ទឹង​បាន​ប្រាប់ថា ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​ឈ្មោះ ហន ចិន អាយុ​៣៦​ឆ្នាំ មុខរបរ មេជាង​សំណង់ រស់នៅ​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង រីឯ​ជនរងគ្រោះ​ឈ្មោះ រឿន ភាព អាយុ​២៩​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង​។

​បើតាម​មន្ត្រី​អាវុធហត្ថ មុនពេល​កើតហេតុ ជនសង្ស័យ​ប្រដាប់​ដោយ​ពូថៅ​ដៃ​បានធ្វើ សកម្មភាព​វាយ​ក្បាល ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់​នៅ កន្លែងកើតហេតុ ដោយមាន​ស្នាម​ជាំ​ក្បាល​ផ្នែក​ខាងក្រោយ​។​ប្រភព​ដដែល​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​វាយ​ប្លន់ កម្លាំង​អាវុធហត្ថ និង​កម្លាំង​នគរបាល បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ហើយ​បាន​រួមគ្នា​ឃាត់ខ្លួន ជនល្មើស​ខាងលើ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៣ ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល និង​ដកហូត​ម៉ូតូ របស់​ជនរងគ្រោះ ម៉ាក​ឌ្រី​ម​C125 ខ្មៅ​សេរី​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ ត្រឡប់មកវិញ​ផងដែរ​។​

​បច្ចុប្បន្ន​ជនល្មើស និង​វត្ថុតាង​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត ស្រុក កណ្តាលស្ទឹង កំពុង​សហការ​ជាមួយ កម្លាំង​នគរបាល​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ប្រើ​ពូថៅ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ
ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បន្ទាប់ពី​ប្រើ​ពូថៅ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ