រូបថត​ល្អ​ប្រចាំ​ឆ្នាំ ឬ​ Photo Of The Year 2015?

រូបថត​ល្អ​ប្រចាំ​ឆ្នាំ ឬ​ Photo Of The Year 2015?

អ្នក​ប្រដាល់​កម្ពុជា​ កែវ រំចង់ បាន​បង្កើត​កំណត់​ត្រា​ជ័យជម្នះ​លើ​អ្នក​ប្រដាល់​ថៃ​ក្នុង​ព្រឹត្តិការណ៍​ Thai Fight កាល​ពី​យប់​មិញ​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ដែល​ជា​ថ្ងៃ​ដាច់​ឆ្នាំ​ចាស់​២០១៥​ ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០១៦។

 

តើ​រូប​ថត​មួយ​សន្លឹក​នេះ​កើត​មាន​ឡើង​នៅ​ពេល​ណា? ការ​តស៊ូ​គ្នា​យ៉ាង​ស្វិត​ស្វាញ​៣​ទឹក​ពេញ​ ទី​បំផុត​ កែវ រំចង់ ត្រូវ​បាន​ចៅ​ក្រម​កាត់​សេចក្តី​ឲ្យ​ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Iquezang។ នៅ​ពេល​លោក​អាជ្ញា​កណ្តាល​ប្រកាស​លើក​ដៃ​ឲ្យ​កីឡាករ​កម្ពុជា​ឈ្នះ​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​​កីឡាករ​ថៃ​ម្នាក់​នេះ​អស់​សង្ឃឹម​ និង​បាន​ដេក​ផ្ងារ​ពោះ​​លើ​ក្តារ​សង្វៀន​​ដែល​ធ្វើ​ឲ្យ​អ្នក​ថត​រូបថត​ចាប់​យក​តែ​ម្តង។ វា​ជា​រូប​ភាព​ដ៏​កម្រ​សម្រាប់​បំណាច់​ឆ្នាំ​ចាស់​ដែល​អាច​ក្លាយ​ជា​រូប​ថត​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៥។

 

ចំពោះ​លទ្ធផល​នេះ កែវ រំចង់​បាន​និយាយ​ថា ៖«អ្វីដែល​ខ្ញុំ​បាទ​ ខិត​ខំ​ឥឡូវ​នេះ​ ខ្ញុំ​បាទ​ទទួល​បាន​ជ័យជំនះ​ ជូន​​បងប្អូនរួម​ជាតិ​ហើយ​ សូម​អរគុណ​ចំពោះ​បង​ប្អូន​ដែល​​គាំទ្រ​​ ដល់​ខ្ញុំ​បាទ​ និង​ស្រឡាញ់​ដល់​រូប​ខ្ញុំ​បាទ​ កែវ​ រំចង់»។

 រូបថត​ល្អ​ប្រចាំ​ឆ្នាំ ឬ​ Photo Of The Year 2015?កែវ រំចង់​លើក​ដៃ ខណៈ Iqeuzang ដេក

 

វា​និយាយ​ពី​អត្ថន័យ​វិញ​ពិត​ជា​មិន​អាច​កាត់​ថ្លៃ​បាន​សម្រាប់​វិស័យ​កីឡា​ប្រដាល់​កម្ពុជា​ និង​អ្នក​គាំទ្រ​ប្រដាល់​ខ្មែរ។ Sabay.com សូម​លើក​យក​អត្ថន័យ​៣​យ៉ាង​ដែល​ស្តែង​ចេញ​ពី​រូប​ថត​ដ៏​ល្អ​នេះ។

 

ទី​១​៖ កែវ រំចង់​ បាន​បង្កើត​កំណត់​ត្រា​ជ័យជម្នះ​ជា​លើក​ដំបូង​លើ​អ្នក​ប្រដាល់​ថៃ​ក្នុង​ព្រឹត្តិការណ៍​ Thai Fight នេះ។ កីឡាករ​កម្ពុជា​រូប​នេះ​បាន​ប្រកួត​ក្នុង​កម្មវិធី​នេះ​៤​ដង​ហើយ​រាប់​ទាំង​លើក​នេះ​ផង​ក្នុង​នោះ​លើក​ទី​១​ចាញ់​កីឡាករ​ថៃ​ក្នុង​ទឹក​ទី​២​នៅ​ប្រទេស​ថៃ​ លើក​ទី​២​ចាញ់​ពិន្ទុ​ Iquezang នៅ​ប្រទេស​វៀតណាម​ លើក​ទី​៣​ឈ្នះ​ពិន្ទុ​កីឡាករ​មីយ៉ាន់ម៉ា​នៅ​ថៃ និង​លើក​ទី​៤​នេះ​ឈ្នះ​កីឡាករ​ថៃ​នៅ​លើ​ទឹក​ដី​ថៃ។

ទី២៖ កែវ រំចង់​បាន​បំបាក់​អំនួត​អ្នក​ប្រដាល់​ថៃ​ Iquezang។ កីឡាករ​ថៃ​ម្នាក់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អ្នក​ប្រដាល់​ដែល​មាន​អំនួត​បំផុត​ទាំង​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ។ រាល់​ការ​ប្រកួត​ រូប​គេ​តែង​តែ​កញ្ជ្រោល​ បោល​បុក​ និង​លោត​វាយ​បង្គ្រប់​បំផុត​លើ​ដៃ​គូ។ ជាង​នេះ​ទៅ​ទៀត​ មុន​ការ​ប្រកួត​គេ​បាន​ផ្ញើ​សារ​ថា គេ​នឹង​វាយ​ រំចង់​ឲ្យ​សន្លប់​រក​ផ្លូវ​មក​ផ្ទះ​វិញ​មិន​ឃើញ។ ទោះ​ជា​យ៉ាង​ណា ពេល​រូប​គេ​ប៉ះ​ កែវ រំចង់​ ពិត​ជា​មិន​អាច​លោត​កញ្ជ្រោល​បាន​ទេ តែ​ផ្ទុយ​ទៅ​វិញ​ព្យាយាម​រត់​ថត​ក្រោយ​រហូត​ទាំង​៣​ទឹក​តែ​ម្តង។

 

ទី​៣៖ កែវ រំចង់​ បាន​ផ្តល់​កាដូ​ថ្លៃ​ថ្លា​សម្រាប់​ឆ្នាំ​ថ្មី​ដល់​អ្នក​និយម​កីឡា​ប្រដាល់​កម្ពុជា។ ការ​ប្រកួត​កាល​ពី​យប់​មិញ​ជា​ការ​ប្រកួត​អបអរសាទរ​ដាច់​ឆ្នាំ​ចាស់​២០១៥​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០១៦។ ទី​បំផុត​ ជ័យជម្នះ​របស់​កែវ រំចង់​បាន​ផ្តល់​ឲ្យ​អ្នក​គាំទ្រ​កម្ពុជា​មិន​តិច​ទេ​សប្បាយ​រីករាយ​ និង​មាន​សេចក្តី​ផ្លូវ​ចិត្ត​នោះ។

 

ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​ផ្នែក​កីឡា​នៅ​វិបសាយ​ Sabay សូម​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​​ទស្សនិក និង​អ្នក​គាំទ្រ​ទាំង​អស់​ដែល​បាន​គាំទ្រ​តាំង​ពី​ដើម​រហូត​ដល់​ពេល​នេះ​ និង​បន្ត​គាំទ្រ​លើក​កម្ពស់​ទាំង​វិស័យ​កីឡា និង​វិស័យ​ផ្សេង​ៗ​ទៀត​ឲ្យ​កាន់​តែ​រីក​ចម្រើន។ យើង​ខ្ញុំ​នឹង​ព្យាយាម​​ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​​បម្រើ​​​ជូន​អ្នក​គាំទ្រ​​នូវ​អ្វី​ដែល​ថ្មីៗ ប្លែក និង​រហ័សទាន់​ចិត្ត។

 

ឆ្នាំ​ថ្មី​២០១៦! សូម​ជូន​ពរ​អ្នក​គាំទ្រ​ជួប​តែ​សំណាង​ល្អ និង​សុខភាព​ល្អ​គ្រប់​ពេល​វេលា។

 

ការី​និពន្ធ​កីឡា
ជាន ចាន់រ៉ា​​