អាជ្ញាធរ​អប្សរា៖ ការឃុំខ្លួន​ចៅសង្កាត់​អំពិល​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ឡើយ

ក្រុមប្រជាពលរដ្ឋដែលតវ៉ាទាមទារឲ្យដោះលែងចៅសង្កាត់អំពិលនៅមុខតុលាការខេត្តសៀមរាប ថ្ងៃទី ៣១ ធ្នូ ឆ្នាំ២០១៥។កាលពី​ថ្ងៃទី ៣០ ធ្នូ ឆ្នាំ២០១៥ សាលាដំបូង​ខេត្តសៀមរាប បានសម្រេច​ឃុំខ្លួន​ចៅសង្កាត់​អំពិល ក្រុង​សៀមរាប ជា​បណ្តោះអាសន្ន ពាក់ព័ន្ធ​នឹង​ការចុះហត្ថលេខា និង​ប្រថាប់ត្រា​លើ​លិខិត​ទិញ​លក់​ដី ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា។ មានមតិ​មួយចំនួន បាន​និយាយថា ការចាប់ខ្លួន​ចៅសង្កាត់​ខាងលើ គឺពាក់ព័ន្ធ​នឹង​រឿង​នយោបាយ។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ចេញមុខ​បកស្រាយ​រឿងនេះ និង​ពន្យល់ថា ជា​រឿង​នីតិវិធីតុលាការ​សុទ្ធសាធ មិនមែនជា​រឿង​នយោបាយ​នោះឡើយ។

អនុវត្តន៍​តាម​ពាក្យបណ្តឹង​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​អំឡុង​ខែតុលា សាលាដំបូង​ខេត្តសៀមរាប បានចេញ​ដីកា​កោះហៅ​ចៅសង្កាត់​អំពិល លោក ហ៊ាង សារី ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ ពាក់ព័ន្ធ​បណ្តឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា។ អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្តឹង​លោក ហ៊ាង សារី ជុំវិញ​រឿង​ចេញ​ឯកសារ​ខុសច្បាប់ ទិញ​លក់​ដី​នៅ​តំបន់ហាមឃាត់។

ប្រភពពី​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា ការឃុំខ្លួន​លោក​ចៅសង្កាត់​អំពិល គឺពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន​បី។ ទីមួយ ការផ្តល់​ឯកសារ​ទុច្ចរិត តាម​មាត្រា ៦៣១ នៃ​ក្រមព្រហ្មទណ្ឌ ទី​ពីរ សមគំនិត​ប៉ះ​ពាក់​ទ្រព្យសម្បត្តិ​សាធារណ តាម​មាត្រា ២៩នៃ​ច្បាប់ព្រហ្មទណ្ឌ  និង​ទី​បី  តាម​មាត្រា ២៥៩ ច្បាប់​ភូមិបាល។

ហេតុផល​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បកស្រាយ​ថា​រឿង​ចៅសង្កាត់​អំពិល មកពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​ដាច់ដោយឡែក​ពី​នយោបាយ ដោយ​សំអាង​លើ​ហេតុផល​មួយចំនួន។ ហេតុផល​ទាំងនោះ​រួមមាន មិនមែន​មានតែ​លោក ហ៊ាង សារី នោះទេ​ដែល​ពាក់ព័ន្ធ​នឹង​រឿង​ខាងលើ ក្នុងនោះ​ក៏មាន​ឈ្មោះ ប៉ាត កឹ​ក មេភូមិ​អំពិល កូតា​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ។ បច្ចុប្បន្ន លោក ប៉ាត កឹ​ក កំពុង​ស្វែងរក​មេធាវី​ថ្មី ដើម្បី​ការពារ​ក្តី ក្រោយពី​លោក​បញ្ចប់​ការពឹង​ពាក់​មេធាវី​ចាស់។ យ៉ាងណា លោក​មេភូមិ​អំពិល អាច​នឹង​ប្រឈម​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ ដូចគ្នា​នោះដែរ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​ពន្យល់​បន្ថែមថា អំឡុងពេល​កាន់អំណាច ក្នុង​ឆ្នាំ២០១៤ និង២០១៥ ចៅសង្កាត់ ហ៊ាង សារី និង​មេភូមិ ប៉ាត កឹ​ក បាន​ចុះហត្ថលេខា និង​ប្រថាប់ត្រា​បញ្ជាក់​លិខិត​ទិញ​លក់​ដី ផ្ទេរសិទ្ធិ​កាន់កាប់ និង​ចេញ​លិខិតអនុញ្ញាត​ឲ្យ​សាងសង់​លំនៅដ្ឋាន ក្នុង​បុរី​វប្បធម៌ និង​ទេសចរណ៍ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​អាជ្ញាធរ​ជាតិ​អប្សរា។ ទង្វើ​នេះ គឺ​ផ្ទុយ​ពី​ខ្លឹមសារ​មាត្រា ២ នៃ​អនុក្រឹត្យ​លេខ ៧៩ អនក្របក ចុះ​ថ្ងៃទី ១៣ តុលា ឆ្នាំ១៩៩៥ និង​ផ្ទុយ​ពី​ការណែនាំ​របស់​សាលាក្រុង​សៀមរាប ដែល​ហាម​ចំពោះ​ករណី​ខាងលើ។

អាជ្ញាធរ​ជាតិ​អប្សរា ចាត់ទុក​ទង្វើ​របស់​ថ្នាក់ដឹកនាំ​ទាំងពីរ​ខាងលើ គឺ​បាន​បង្ក​ភាពវឹកវរ និង​គ្មាន​សណ្តាប់ធ្នាប់ ជុំវិញ​ការ​កាន់​ដីធ្លី​ខុសច្បាប់ និង​អាណាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​មានការ​លំបាក ដើម្បី​ដោះស្រាយ​នឹង​ក្រុម​ប្រជាពលរដ្ឋ។ លើសពីនេះ​ទៀត និង​អ្វី​ដែលជា​ការកត់សម្គាល់ ទាំង​ចៅសង្កាត់ និង​មេភូមិ​អំពិល បាន​ប្រើប្រាស់​អំណាច​លើសពី​ដែន​ភូមិសាស្ត្រ​ខ្លួន មានន័យថា បាន​ប្រថាប់ត្រា​លើ​ទីតាំង​ភូមិសាស្ត្រ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ដែល​ស្ថិត​ក្រៅ​ការគ្រប់គ្រង​របស់ខ្លួន​ផង។

គួររម្លឹកថា កាលពី​ព្រឹក​ថ្ងៃទី ៣១ ធ្នូ ម្សិលមិញ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ១០០នាក់ បាននាំគ្នា​តវ៉ា​នៅមុខ​តុលាការ​ខេត្តសៀមរាប ទាមទារ​ឲ្យ​ស្ថាប័ន​មួយ​នេះ​ដោះលែង​ចៅសង្កាត់​ខ្លួន​ផងដែរ។ ពួកគេ​ចាត់ទុក​ទង្វើ​របស់​តុលាការ ដែល​សម្រេច​ឃុំខ្លួន​ចៅសង្កាត់​ក្នុង​ពន្ធនាគារ គឺជា​រឿង​នយោបាយ និង​ទាម​ទាម​ឲ្យ​ស្នើ​រើ​ឡើងវិញ៕