ព្រឹត្តិការណ៍​ធំៗ​ប្រចាំឆ្នាំ​២០១៥

​ក្នុង​ឆ្នាំ ២០១៥​នេះ​គេ​ឃើញ​មាន​ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ​ជាច្រើន​ដែល​បានកើត​ឡើង​។ ថ្មីៗ​សូម​លើកយក​ព្រឹត្តិការណ៍​ពិភពលោក​សំខាន់ៗ​មក​បង្ហាញ​មិត្ត​អ្នកអាន​ឲ្យ​បាន​ជ្រាប​៖

១.​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​
​ខែកក្កដា មហាអំណាច​ប្រាំ​បូក​មួយ​បានសម្រេច​ជោគជ័យ​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់​។ អ៊ីរ៉ង់​សុខចិត្ត​លះបង់​កម្មវិធី​ផលិត​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​របស់​សហគមន៍​អន្តរជាតិ​ដែល​ដាក់​ប្រឆាំង​ខ្លួន​។​

២.​រុស្ស៊ី​អន្តរាគមន៍​កម្ចាត់​ក្រុម​ដែ​ស្ហ​នៅ ស៊ី​រី
​ការ​ហក់​ចូលប្រឡូក​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​ភេរវជន​ដែ​ស្ហ​របស់​រុស្ស៊ី​នៅ​ស៊ី​រី​ក្លាយជា​បញ្ហា​សំ ខាន់​ប្រចាំឆ្នាំ​។ រុស្ស៊ី​បានសម្រេច​ចូល​ទម្លាក់​គ្រាប់បែក​និង​ពង្រាយ​កងទ័ព​របស់ខ្លួន​ទៅកាន់​ប្រទេស​ស៊ី​រី​នៅ​ចុងខែ​កញ្ញា ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជួប​ជជែក​ពិភាក្សា​ទ្វេភាគី​ក្រៅ​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​។ រុស្ស៊ី​ហាក់បីដូចជា​ងាក​ចេញ​ឆ្ងាយ​ពី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ហើយ​ត្រលប់មក​ផ្តោតលើ​បញ្ហា​មជ្ឈិមបូព៌ា​វិញ​ម្តង​។​

៣.​ពិភពលោក​អនុម័ត​បាន​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​
​ក្នុង​ខែកញ្ញា​ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ​បាន​រួមគ្នា​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ចីរភាព​ដែល​គោលដៅ​នេះ​ជំនួស​ឲ្យ​គោលដៅ​អភិវឌ្ឍន៍​សហ​វត្ស​ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ ២០០០ ដល់​ឆ្នាំ ២០១៥ ។ គោលដៅ​អភិវឌ្ឍន៍​ថ្មី មាន​ចំណុច​ស្នូល​១៧ នឹង​ជួយ​ផ្លាស់ប្តូរ ពិភពលោក​។​

៤.​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​
​ព្រឹត្តិការណ៍​សំខាន់​មួយទៀត​សម្រាប់​ពិភពលោក​គឺ​ការសម្រេចបាន​កិច្ចព្រមព្រៀង​អាកាសធាតុ​មួយ​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ទីក្រុង​ប៉ា​រី​នៅក្នុង​ខែវិច្ឆិកា​កន្លងមក​។ គេ​រំពឹងថា​កិច្ចព្រមព្រៀង​អាកាសធាតុ​នេះ​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​គំរាមកំហែង​ជីវិត​មនុស្ស​សត្វ​លើ​ផែនដី​នេះ​។​

៥.​វិបត្តិ​ជនភៀសខ្លួន​នៅ​អឺរ៉ុប​
​វិបត្តិ​ជនភៀសខ្លួន​កាន់តែ​អាក្រក់​ខ្លាំង​ក្នុង​ឆ្នាំ ២០១៥​នេះ ហើយ​វិបត្តិ​នេះ​សង្កត់ក​រដ្ឋ​អឺរ៉ុប​ផង​។ ក្នុង​ឆ្នាំ​២០១៥​នេះ ដោយសារ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ​មិនចេះចប់ ភាពក្រីក្រ សង្គ្រាមស៊ីវិល និង​ចលនា​ក្រុម​ភេរវជន​បាន​បង្ខំ​ប្រជាជន​រាប់លាន​នាក់​នៅ​មជ្ឈិមបូព៌ា អាស៊ី​កណ្តាល និង​អាហ្វ្រិក​ឲ្យ​រត់​ចាកចោល​ផ្ទះសម្បែង​និង​បាត់បង់​ជម្រក​។ ប្រជាជន​រាប់ម៉ឺន​នាក់​បាន​ផ្សងព្រេង​តាម​ទូក​ប្តូរជីវិត​តាម​មហាសមុទ្រ​ដើម្បី​មកកាន់​អឺរ៉ុប​ដើម្បី​កសាង​ជីវិត​ថ្មី​។ មនុស្ស​រាប់រយ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​លិច​ទួ​ក ហើយ​ក្នុងនោះ​មាន​ក្មេង​តូចៗ​ភាគច្រើន​។

៦.​ក្រុម​ភេរវជន​ដែ​ស្ហ ចេញ​វាយប្រហារ​ដល់​ទ្វីប​បី​
​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហបាន​បង្កើន​ការវាយប្រហារ​របស់ខ្លួន​កាន់តែខ្លាំង​រហូតដល់​វដ​ល់​ទឹកដី​អឺរ៉ុប និង​អាមេរិក​ថែមទៀត​។ ខណៈដែល​ប្រធានាធិបតី​អាមេរិក​អះអាងថា ការទម្លាក់​គ្រាប់បែក​បាន​ទប់ស្កាត់​ការ​រុលទៅមុខ​និង​ការពង្រីក​កម្លាំង​របស់​ក្រុម​ដែ​ស្ហ គេ​ស្រាប់តែ​ឃើញ​ក្រុម​នេះ​វាយប្រហារ​នៅ​កណ្តាល​ក្រុងប៉ារីស​នៅ​ថ្ងៃ ១៣​ខែវិច្ឆិកា ដោយ​សម្លាប់​មនុស្ស​អស់​ជាង ១០០​នាក់​។ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ប្តី​ប្រពន្ធ​ជនជាតិ​អាមេរិក​ដែល​ស្មោះស្ម័គ្រ​ក្រុម​នេះ​បានធ្វើ​សកម្មភាព​បាញ់សម្លាប់រ​ង្គា​លម​នុស្ស ១៤​នាក់ ក្នុង​តំបន់ San Bernardino​។

៧.​ចិន​ទន្ទ្រាន​វាតទី​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សង់​កោះ​សិប្បនិម្មិត​
​ក្នុង​ឆ្នាំ ២០១៥ នេះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​រឿង​សំខាន់​និង​ក្តៅ​ជាងគេ​មួយ​។ ក្នុងឆ្នាំនេះ​មហា​យក្ស​ចិន​បាន​បន្ត​យុទ្ធសាស្ត្រ​ទន្ទ្រាន​យក​ដែនទឹក​តាមរយៈ​ការកសាង​កោះ​សិប្បនិម្មិត​នៅក្នុង​តំបន់​ជម្លោះ​ដោយ​សម្អាង​លើ​ផែនទី ៩​ចំណុច​របស់ខ្លួន​។ ហើយ​គេ​បានដឹងថា ចិន​ក៏ ពង្រាយ​សព្វាវុធ​ទៅលើ​កោះ​សិប្បនិម្មិត​នេះ​ថែមទៀត​។ ប៉ុន្តែ​សហរដ្ឋអាមេរិក​ដែល​គ្មាន​ចំណែក​បន្តិច​ក្នុង​ជម្លោះ​នោះបាន​បន្ត​ដើរតួ​ជា​អ្នកការពារ​សេរីភាព​នាវាចរណ៍​ផ្លូវ​សមុទ្រ និង​ព្រមាន​ឲ្យ​ចិន​ឈប់​វាតទី​បន្តទៀត​។ ហើយ​សហរដ្ឋអាមេរិក​បាន​បន្ត​បង្កើន​សកម្មភាព​ល្បាត សហការ​ជាមួយ​សត្រូវ​ចិន និង​ពង្រឹង​ឥទ្ធិពល​និង​អំណាច​យោធា​របស់ខ្លួន​ក្នុង​តំបន់​ថែមទៀត​ដើម្បី​ប្រជែង​ឥទ្ធិពល​ចិន​ផងដែរ​។​

៨.​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ត្រូវ​ភាគី​ពាក់ព័ន្ធ​សម្រេច​ជា​ផ្លូវការ​
​ក្រោយ​ចំណាយពេល ៧​ឆ្នាំ​ជជែក​និង​ចរចា​គ្នា បណ្តា​រដ្ឋ​ប៉ាស៊ីហ្វិក​ទាំង ១២ បាន​ឯកភាពគ្នា​សម្រេចយក​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​នៅ​ដើមខែ​តុលា​កន្លងមកនេះ​។ កិច្ចព្រមព្រៀង​នេះ​បាន​ក្លាយជា​កិច្ចព្រមព្រៀង​ធំ​និង​សំខាន់បំផុត​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្នុង​ប្រវត្តិសាស្ត្រ ហើយ​ការសម្រេចបាន​កិច្ចព្រមព្រៀង​នេះ​ជា​ផ្នែក​មួយ​នៃ​ក្របខណ្ឌ​យុទ្ធសាស្ត្រ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​អាស៊ី​វិញ​របស់​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។ ប៉ុន្តែ​ដើម្បី​ចេញ​ជា​ផ្លែផ្កា​ពិត​និង​មានការ​អនុវត្ត គេ​ត្រូវការ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នេះ​ដោយ​បណ្តា​រដ្ឋ​ជា​ភាគី​ផងដែរ​។​