កម្ពុជា​-​កូរ៉េ នឹង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ស្រូវ ជា​លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ​

ភ្នំពេញ:  ប្រទេស​កម្ពុជា នឹង​ប្រារព្ធ​ធ្វើបុណ្យ​ស្រូវ ជា​លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង ចង់បង្ហាញ​ពី​សក្តានុពល ស្រូវ​-​អង្ករ របស់​កម្ពុជា ដែលមាន​ឈ្មោះ បោះ​សំឡេង នៅលើ​ពិភពលោក តាមរយៈ​រសជាតិ និង​ការនាំ​ចេញទៅ​ក្រៅប្រទេស ជា​រៀងរាល់ឆ្នាំ ចុងក្រោយ​នេះ​។ ពិធីបុណ្យ​ស្រូវ​នេះ គ្រោង​ប្រារព្ធ​ធ្វើ ដែលមាន​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ រហូតដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦​ខាងមុខ​។​
​    ​
​លោក តុ​ប សុ​ភ័​ក្រ អនុរដ្ឋលេខាធិការ នៃ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ ទីភ្នាក់ងារ ជំរុញ​ការវិនិយោគ ពាណិជ្ជកម្ម​កូរ៉េ ហៅ​កាត់​ថា កូ​ត្រា និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ត្រៀម​រៀបចំ​ប្រារព្ធ​ពិធីបុណ្យ​ស្រូវ ដើម្បី ចង់បង្ហាញ​ពី​សក្តានុពល ស្រូវ អង្ករ របស់​កម្ពុជា ដោយ​ផ្សារភ្ជាប់​ជាមួយ ក​សិ​-​ទេសចរណ៍ ទាក់ទង​នឹង​វប្បធម៌ ទេសចរណ៍ វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ ឲ្យ​បាន​កាន់​តែមាន​ភាពស្អិតល្មួត ជាមួយគ្នា​ខ្លាំង​ឡើង​។

​លោក​បាន​បន្តថា ការធ្វើ​នេះ គឺ​ចង់​ដាស់​ស្មារតី​ដល់ បងប្អូន​ប្រជាកសិករ ឲ្យ​ខិតខំ​បង្កបង្កើនផល ទាំងពីរ​រដូវ រួម​នឹង​ការផលិត​តាម​បច្ចេកទេស ប្រពលវប្បកម្ម ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ទ្វេដង នៅ​ទូទាំងប្រទេស​សំរាប់ នាំ​ចេញទៅ​ក្រៅប្រទេស តាម​ផែនការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​បាន ១ លាន​តោន ក្នុង​មួយឆ្នាំ​។

​លោក​បាន​បន្តថា ក្រៅពីនេះ ធ្វើឡើង​ដើម្បី​ជំរុញ ឲ្យ​មានការ​ទាក់ទាញ​ទេសចរ មក​ទស្សនា នៅ​តំបន់​ក​សិ​-​ទេសចរណ៍ ឲ្យ​បាន​ច្រើន ពិសេស​តំបន់​ដែល​ប្រទេស​កម្ពុជា ផលិត​ស្រូវ​សំខាន់ៗ ដូចជា ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ជាដើម​។

​លោក​បាន​បញ្ជាក់ថា  គម្រោង​ប្រារព្ធ​ធ្វើបុណ្យ​ស្រូវ ជា​លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ​នេះ ក្រសួង និង​ផ្នែក​ពាក់ព័ន្ធ មិន​ផ្តោតទៅលើ​ការនាំចេញ អង្ករ​ខ្លាំង​នោះទេ ប៉ុន្តែ​គឺ​យើង​ផ្តោតទៅលើ ការបង្ហាញ ពី​សក្តានុពល​ផ្នែក​វិស័យ​កសិកម្ម នៅ​កម្ពុជា ដែល​ទាក់ទង​ទៅនឹង​ក​សិ​-​ទេសចរណ៍ និង​ការធ្វើ​ពី​ព្រឹត្តិ​កម្ម​កសិកម្ម ដើម្បី​ទាក់ទាញ​ទេសចរ មក​ទស្សនា​ឲ្យ​បាន​ច្រើន ហើយ​អ្វីដែល​សំខាន់ ក្នុង​រយៈពេល​៣​ថ្ងៃនោះ ខាង​ប្រទេស​កូរ៉េ ចង់​ទាក់ទាញ​អ្នកវិនិយោគ ពី​ប្រទេស​របស់ខ្លួន ឲ្យ​មក​ស្រុក​ខ្មែរ​បាន​ច្រើន ដើម្បី​វិនិយោគ​លើ​វិស័យ​កសិកម្ម​។​

​លោក​អនុរដ្ឋលេខាធិការ នៃ​ក្រសួងទេសចរណ៍ បានបញ្ជាក់​បន្ថែមថា ក្នុង​ពិធីបុណ្យ​ស្រូវ​នោះ ខេត្តបន្ទាយមានជ័យ ក៏មាន​រៀបចំ​តាំងពិព័រណ៍ ផលិតផល​កសិកម្ម​ផងដែរ ក្នុងនោះ មានការ​ស្ទូងស្រូវ រហូតដល់​ការ​ច្រូតកាត់​។ ចំណែក​ក្រុមហ៊ុន​កូរ៉េ ដែលមាន​ឈ្មោះ (​កូ​ត្រា​) ជា​អ្នករៀបចំ​រចនា នៅតាម​វាលស្រែ ដូចជា សួន​វង្វេង ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និង​ធ្វើ​អក្សរ​ផ្សេងៗ​ទៀត ដែល​រចនា​ធ្វើឡើង​ពី​ចំបើង​។
​    ​
​លោក ប៉ាង វាន់​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​ស្រូវ ដែលមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ ខាងមុខនេះ នឹងធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ទទួលបាន​ផលប្រយោជន៍​ជាច្រើន​។ ទី​១- គឺ​ចង់​លើកកម្ពស់​ពី​វិស័យ​កសិកម្ម​, ទី​២-​វិស័យ​ទេសចរណ៍ មួយទៀត​ចង់បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ បន្ទាប់ពី​ធ្វើ​ស្រូវ​បន្សល់​នូវ​ចំបើង ដែល​គេ​អាច​យក​ធ្វើ​អ្វី​បាន​ខ្លះ ព្រោះ​កន្លងមក​បុណ្យ​ចំបើង គេ​អាច​យក​ចំបើង​មក​ធ្វើជា​ផ្ទះ ឬ​គរ​ជា​គំនរ ធ្វើជា​ជីកំប៉ុស អាច​ដាំ​ដំណាំ​ផ្សងៗ​ទៀត ដូចជា ផ្សិត​ជាដើម ព្រោះថា កន្លងមក ប្រជាពលរដ្ឋ អត់​បានដឹង​ពី​អត្ថប្រយោជន៍​ទាំងនេះ ធ្វើ​ឲ្យ​ពួកគាត់ នៅពេល​ច្រូតកាត់​រួចហើយ គាត់​ដុតចោល ដែលជា​ហេតុ​ធ្វើ​ឲ្យ ដី​គ្មាន​ជីជាតិ និង​ខូច​បរិស្ថាន​។

​គួររំលឹកថា​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ធ្លាប់​លើកឡើងថា ក្រសួង​កំពុង​ពិចារណា ក្នុងការ​រៀបចំ​បុណ្យ​ស្រូវ​ធំ​មួយ នៅតាម​បណ្តា​ខេត្ត ដែល​ទទួលបាន​ទិន្នផល កសិកម្ម​ខ្ពស់ ដើម្បី​លើកកម្ពស់ ដល់​វិស័យ​ក​សិ​-​ទេសចរណ៍ នៅក្នុង​ប្រទេស​កម្ពុជា​។ ការលើកឡើង​នេះ ខណៈ​ជួប​ជាមួយ​គណៈប្រតិភូ កូ​ត្រា (Kotra) ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​មាន​សំណើ​ពី គណៈប្រតិភូ​ទាំងនេះ ក្នុងការ​បង្កើត​ព្រឹត្តិការណ៍ ដើម្បី​លើកស្ទួយ​ដល់ វិស័យ​ក​សិ​-​ទេសចរណ៍​។ ចំពោះ​សំណើ​នេះ ក្រសួង​នឹង​ស្នើសុំ​គោលការណ៍ ពី​រាជរដ្ឋាភិបាល​ជាមុនសិន ដូចដែល​ក្រសួង​បាន​បង្កើត បុណ្យ​ទន្លេ និង​បុណ្យ​សមុទ្រ​កន្លងមក​ជាដើម​។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​៤-៨​កុម្ភ​: ឆ្នាំ​២០១៥ កន្លងមក កូរ៉េ និង​កម្ពុជា បានរៀបចំ​ពី​បុណ្យ​ចំបើង​អន្តរជាតិ លើក​ទី​១ នៅ​ផ្លូវជាតិ​លេខ​៦ នៅក្នុង​ភូមិ​-​ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។ តែ​ឆ្នាំ​២០១៦ ដ៏​ខ្លី​ខាងមុខ ភាគី​កម្ពុជា ក៏​ស្នើ​បន្ថែម​បុណ្យ​ស្រូវ លើក​ទី​១ ក្នុង​ខេត្ត​នេះ​ផង ព្រោះ​នៅ​កម្ពុជា​មានបុណ្យ​នេះ តាំងពី​យូរលង់​មកហើយ​។​
   
​សូម​បញ្ជាក់ដែរថា បុណ្យ​ចំបើង​អន្តរជាតិ កន្លងមក បានធ្វើ​ឡើង ក្រោម​ប្រធានបទ ដ៏​មាន​សារសំខាន់ ដោយ​បង្ហាញ​អំពី​ស្រូវ ជីវិត វប្បធម៌ ទេសចរណ៍ (Rice Life Culture Tourism) ពោលគឺ​ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម ជីវិត ស្រូវ ទេសចរណ៍ និង​វប្បធម៌​របស់​មនុស្សជាតិ​។​
    
​លោក លី សុ​ណ្ណា​រិ​ទ្ធិ អភិបាលស្រុក​ព្រះនេត្រព្រះ បាន​និយាយ​រំលឹកថា កន្លងមក ស្រុក​នេះ ក៏ដូចជា​ខេត្ត​ដែរ បាន​រងគ្រោះ​មហន្តរាយ ដោយ​គ្រោះទឹកជំនន់ និង​រាំងស្ងួត​។​ដូច្នេះ​ការ​ប្រារព្ធ​បុណ្យ​នេះ នឹង​ជួយ​ផ្តល់ឱកាស អោយ​ជាតិ អន្តរជាតិ ស្គាល់ និង​រក​ជំនួយ​មកជួយ​ស្រុក​នេះ​។​
       
​ចំណែក​លោក ច​ន មី​ហូ (Jon Mi Ho) នាយក​ទីភ្នាក់ងារ​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ កូរ៉េ​(KOTRA: Korea Trade-Investment Promotion Agency) នៃ​ស្ថានទូត​កូរ៉េ ប្រចាំ​កម្ពុជា បាន​ថ្លែងថា​: ទីភ្នាក់ងារ KOTRA និង​ក្រុមហ៊ុន​ធនាគារ​ឧស្សាហកម្ម​កូរ៉េ (IBK: Industrial Bank of Korea) និង​ក្រុមហ៊ុន អ្នកវិនិយោគ ធុរជន ជាច្រើន​ទៀត បានមក​ចូលរួម​ធ្វើ​ពិធីបុណ្យ​នេះ តាមរយ​:​ការគាំទ្រ​ពី​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា និង​មកកាន់​ខេត្ត​នេះ ដើម្បី​ពិនិត្យមើល​លទ្ធភាព វិនិយោគទុន នាពេលខាងមុខ លើ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម ទេសចរណ៍ វប្បធម៌​។​ល​។​
   
​ឯ​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និយាយថា សារ​ពី​បុណ្យ​នេះ គឺ​ចង់អោយ​កសិករ យល់ដឹង និង​ទាញ​ផលប្រយោជន៍​ពី​ស្រែ​ស្រូវ ទឹកដី អោយអស់ ក្នុងនោះ សូម្បី​ចំបើង ក៏​កុំ​មើលស្រាល ហើយ​ខំ​ប្រើប្រាស​កែច្នៃ ជា​របស់ ដែលមាន​សារប្រយោជន៍​ទាំងអស់​។ សូមកុំ​ដុតចោល​ចំបើង កុំ​ទុក​ចំបើង​ថា អត់​ប្រយោជន៍ ក្រោយពី​ប្រមូល​ផល​ស្រូវ​រួច ឬថា លើដី​ស្រែ​ប្រមូល​ផល​បាន មានតែ​ស្រូវ​មួយ​មុខ​ប៉ុណ្ណោះ​។​
 
​គេ​រំពឹងថា ថវិកា​រកបាន​ពី​ភ្ញៀវ​បរទេស ចូល​ទស្សនា​បុណ្យ និង​ពិព័រណ៍​នេះ នឹង​យកទៅជួយ​ជនរងគ្រោះ ដោយ​ទឹកជំនន់ ជួយ​បង្កា​ទឹកជំនន់ និង​ជួយ​ផ្សព្វផ្សាយ ទាក់ទាញ​ភ្ញៀវទេសចរ អោយមក​ទស្សនា​ប្រទេស​កម្ពុជា​។​
   
​ក្នុង​គម្រោង​ពិធីបុណ្យ​ចំបើង​ឆ្នាំនេះ នឹងមាន​ការរៀបចំ​ក​សាង​ជា​ផ្ទះ ជា​សំណង់​ពី​ចំបើង​នានា មាន​កសាង​ជា​ផ្លូវ​វង្វេង សម្រាប់​កូនក្មេង និង​ផ្លូវ​វង្វេង​សម្រាប់​មនុស្ស​ធំ ដើម្បី​ជម្រុញ​អោយ​ពួកគេ ខិតខំ​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ​ផង ក៏ដូចជា និមិត្តរូប នៃ​ប្រព័ន្ធ​ទំនប់ទឹក ប្រឡាយ និង​ជញ្ជាំង​។​
   
 ភាគី​កូរ៉េ និង​កម្ពុជា នឹង​ស្ថាបនា​ជា​រោង ផ្ទះ ជញ្ជាំង​ផ្លូវ​វង្វេង ជង្រុក រហាត់​ខ្យល់ សួន​ដាំ​ផ្កា និង​ដំណាំ បង្គោល​ខ្លោងទ្វារ ផ្លូវ​ចូល​មាន​ដំបូល​ស្បូវ ជាដើម​៕V/S

កម្ពុជា​-​កូរ៉េ នឹង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ស្រូវ ជា​លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ​

កម្ពុជា​-​កូរ៉េ នឹង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ស្រូវ ជា​លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ​

កម្ពុជា​-​កូរ៉េ នឹង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ស្រូវ ជា​លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ​

កម្ពុជា​-​កូរ៉េ នឹង​ប្រារព្ធ​ធ្វើ​ពិធីបុណ្យ​ស្រូវ ជា​លើកដំបូង នៅ​ខេត្តបន្ទាយមានជ័យ​