អ្នកនាំពាក្យ​ក្រសួង​ការពារ​ចិន​៖​ចិន​កំពុង​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយទៀត

​ប៉េកាំង​៖​អ្នកនាំពាក្យ​ក្រសួង​ការពារ​ចិន លោក  យ៉ាង យូ​ជុន បានបញ្ជាក់​ឲ្យ​ដឹង​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​ចិន​កំពុងតែ​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទី​ពីរ​មួយគ្រឿង​ទៀត​។​

​លោក  យ៉ាង យូ​ជុន បញ្ជាក់ថា  សកម្មភាព​សាងសង់ កំពុង​ធ្វើឡើង នៅ​កំពង់ផែ​ក្រុង​តា​លាន ភាគ​ឦ​សាន្ត​ក្រុង​ប៉េកាំង ហើយ​ការផលិត​គឺជា​ស្នាដៃ​បច្ចេកវិទ្យា​របស់​ចិន​ទាំងស្រុង ហើយ​វា​ដើរ​ដោយ​ប្រព័ន្ធ​រុញច្រាន​ធម្មតា មិនមែន​ដើរ​ដោយ​ប្រព័ន្ធ​ថាមពលនុយក្លេអ៊ែរ​ទេ​។ តួនាទី​នាវា​នេះ គឺ​ដើម្បី​ផ្ទុក និង​ជា​កន្លែង​ចុះចត​របស់​យន្តហោះ​ចម្បាំង​ចិន ឈ្មោះ Shenyang J-15​។​

​ការផលិត​នាវា​ផ្ទុក​យន្តហោះ​ចំបាំង​របស់​ចិន ត្រូវបាន​គេ​មើលឃើញថា ជា​សកម្មភាព​ត្រៀមលក្ខណៈ ដើម្បី​ស​ម្ញែ​ញ​សាច់ដុំ​ដាក់​ប្រទេសជិតខាង ដែល​កំពុង​តែមាន​ជម្លោះ​ក្នុង​ដែនសមុទ្រ ជាមួយនឹង​ខ្លួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ទីមួយ​របស់​ចិន ឈ្មោះ Liaoning  ដែល​បាន​ផលិត​នៅក្នុង​ជំនាន់​អតីត​សហភាពសូវៀត​។  ប៉ុន្តែ​មិនទាន់បាន​រួចរាល់ ហើយ​ត្រូវ​បោះបង់ចោល ដោយសារតែ​សហភាពសូវៀត​រលំ បន្ទាប់មក​ចិន​បាន​ទិញយក​នាវា​នោះ ហើយ​បាន​ជួលជុល​កែសម្រួល  និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១២៕

អ្នកនាំពាក្យ​ក្រសួង​ការពារ​ចិន​៖​ចិន​កំពុង​ផលិត​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​មួយទៀត