លោក សម រង្ស៊ី នៅតែ​បន្ត​វប្បធម៌​ញុះញង់​ឲ្យ​ស្អប់​ជាតិ​សាសន៍

រាជធានី​ភ្នំពេញ​៖​សម្រាប់​ឆ្នាំ​ថ្មី​នេះ មេបក្ស​ប្រឆាំង​ដែល​កំពុង​រត់គេចខ្លួន​មិនមាន​ការជូន​ពរ​ឲ្យ​ខ្មែរ​រស់​ដោយ សុខ​សប្បាយ​នោះទេ ប៉ុន្តែ​គាត់​បែរជា​បញ្ឆេះ​ឲ្យ​មាន​កំហឹង​ជាតិ​សាសន៍​ទៅវិញ សំខាន់​បន្ត​នយោបាយ​ញុះញង់​ឲ្យ​ស្អប់​ជាតិ​សាសន៍​ដែល​គាត់​បានធ្វើ​កន្លងមក និង​ទទួលបាន​ជោគជ័យ ។

​    ​តាម​អ្វីដែល​លោក សម រង្ស៊ី បាន​លើកយក​ប្រវត្តិ​សាសន៍​នៃ​ការបាត់បង់​ទឹកដី​ខ្មែរ សំខាន់​ការបាត់បង់​ទឹកដី​ដោយ​ការឈ្លានពាន​របស់​ប្រទេស​វៀតណាម​មក​បង្ហោះ​លើ ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន គឺជា​ការបញ្ជាក់​យ៉ាងច្បាស់​ថា អ្នកនយោបាយ​រូបនេះ​មិនមាន​គំនិត​ចង់​ឲ្យ​ខ្មែរ​បាន​សេចក្តីសុខ​នោះឡើយ ហើយ​នយោបាយ​បែប​នោះ ត្រូវបាន​អន្តរជាតិ​ចាត់ទុកជា​នយោបាយ​គំរក់​ថោកទាប​បំផុត ។

​    ​នៅក្នុង ហ្វេ​ស​ប៊ុ​កលោក សម រង្ស៊ី បាន​រម្លឹក​ពី​ប្រវត្តិសាស្ត្រ​ក្នុង​រជ្ជកាល​ស្ដេច​អង្គ​ម៉ី​ពី​ឆ្នាំ​១៨៣៤ ដល់​ឆ្នាំ​១៨៤១​ដែល​មេដឹកនាំ​បក្សប្រឆាំង​ហៅ​ស្ដេច​អង្គ​នេះ​ថា ជា​សេ្ដច​ដែល​អាណ្ណា​ម​លើក​បន្ដុប​ជា​អាយ៉ង​របស់ខ្លួន​។

​    ​លោក សម រង្ស៊ី បាន​សរសេរ​រៀបរាប់ថា​៖ “​នៅ​សម័យ​នោះ ប្រទេស​អាណ្ណា​ម (​ឈ្មោះ​ស្រុក​យួន​នាពេលនោះ​) កំពុងតែ​គ្រប់គ្រង​ប្រទេស​កម្ពុជា ដែល​គេ​ចាប់ផ្តើម​លេប​ត្របាក់​ទឹកដី​។ ពួក​យួន (​ពេលនោះ​មិនទាន់មាន​ពាក្យ "​វៀតណាម​" នៅឡើយ​ទេ​) ធ្វើបាប​ជនជាតិខ្មែរ​ក្រៃលែង កាប់សម្លាប់​ខ្មែរ​តាមចិត្ត​ហើយ​ថែមទាំង​ប៉ុនប៉ង​បំបាត់​សាសនា វប្បធម៌ និង​ប្រពៃណី​របស់​យើង​។ ពួក​យួន​បាន​លើក​បន្តុប​ស្តេច​ខ្មែរ​មួយ​អង្គជា​អាយ៉ង​របស់គេ​តែ​គេ​ជា អ្នកបញ្ជា​ទាំងអស់​។ ខ្មែរ យើង​ឈឺចាប់​ណាស់ ហើយ​ចាំតែ​រើបម្រះ ដើម្បី​រំដោះ​ប្រទេសជាតិ​ពី​យួន​ឈ្លានពាន​។ ប្រជាពលរដ្ឋ​ខ្មែរ​សម្លឹង​ឃើញ​អ្នកស្នេហាជាតិ​២​រូប ដែល​អាចដឹកនាំ​ចលនា​រំដោះប្រទេស​ជាតិ​នេះ ប្រកបដោយ​ជោគជ័យ​។ ឃើញ​យ៉ាង​ដូច្នេះ ពួក​យួន​បាន​ប្រើល្បិច​គ្រប់បែបយ៉ាង ដើម្បី​ឲ្យ​អ្នកស្នេហាជាតិ​២​រូបនោះ​បែកបាក់​គ្នា ដើម្បី​ពួកគេ​អាច​បន្ត​ការគ្រប់គ្រង​របស់គេ​មកលើ​ប្រទេស​កម្ពុជា ហើយ​បន្ត​សម្លាប់​ជាតិខ្មែរ​បន្តិច​ម្តងៗ រហូតដល់​រលាយ​សាបសូន្យ​តែម្តង​”​។​

​     តាម​ការរៀប​រាប់រប​ស់លោក សម រង្ស៊ី គឺ​ចង់​ប្រៀបធៀប​ខ្លួន​លោក​ទៅនឹង​អ្នកស្នេហាជាតិ​២​រូប នា​សម័យ​ដែល​បាន​តស៊ូ​ប្រឆាំង​ការឈ្លានពាន​របស់​អណ្ណាម ។ ប៉ុន្តែ​លោក សឺ​ស៊ូ​ប៉ែរ មន្ត្រី​គណបក្សប្រឆាំង ( CNRP ) បានបញ្ជាក់​ហើយ​ថា លោក សម រង្ស៊ី មិនអាច​ប្រៀបប្រដូច​ខ្លួន​ទៅនឹង​អ្នកស្នេហាជាតិ​ឈ្មោះ សឺ​ន​គុយ​នា​សម័យ​នោះបានទេ គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ ។

​    ​ទាក់ទង​ការលើកឡើង​របស់លោក សម រង្ស៊ី ក៏មាន​អ្នកវិភាគ​នយោបាយ​ខ្លះ​គិតថា មេបក្ស​ប្រឆាំង​រូបនោះ​កំពុង​ដើរ​លើ​គន្លង​ឪពុក​របស់គាត់​គឺ សម សារី ដែល​ជាប់​ឈ្មោះ​ជា​ជន​ក្បត់ជាតិ​រហូត​សព្វថ្ងៃ​៕

លោក សម រង្ស៊ី នៅតែ​បន្ត​វប្បធម៌​ញុះញង់​ឲ្យ​ស្អប់​ជាតិ​សាសន៍
លោក សម រង្ស៊ី នៅតែ​បន្ត​វប្បធម៌​ញុះញង់​ឲ្យ​ស្អប់​ជាតិ​សាសន៍