ករណី​ចាប់ជំរិតនៅស្រុកឧដុង្គ ​ជនរងគ្រោះជាអ្នក​មានលុយនៅជនបទ ​ឯជនសង្ស័យ​២នាក់ត្រូវឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹង​ជំហានដំបូងមកថា ​ជនសង្ស័យ២នាក់បាន​ត្រូវសមត្ថកិច្ចឃាត់ខ្លួន​កាលពីយប់ថ្ងៃទី៣១ធ្នូ ​ពាក់ព័ន្ឋ​នឹង​ការចាប់អ្នកចង​ការបា្រក់និងទិញលក់ស្រូវជំរិតទារលុយ ​។

សេចក្តីរាយការណ៍​បានស្រង់របាយការណ៍​របស់សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យទំាង២នាក់ឈ្មោះ ​ទិន សំអាន​ ប្រុស អាយុ២៩ឆ្នាំ​ និងម្នាក់ទៀតឈ្មោះ​ ផា ធីម ប្រុស អាយុ២០ឆ្នាំ​ ទំាងពីរនាក់មានមុខរបរ​មិនពិតបា្រកដនិងរស់នៅក្នុងភូមិអង្រ្គង​ ឃុំដំណាក់រំាង ស្រុកឧដុង្គ ។ ​ចំណែកជនរងគ្រោះឈ្មោះ ​ផុង គី ភេទស្រី ​អាយុ៤៧ឆ្នាំ មុខរបរ​​ជាអ្នកចងការបា្រក់ ​និងទិញលក់ស្រូវ ​មានទីលំនៅក្នុងភូមិត្រពំាងខ្នុរ ​ឃុំដំណាក់រំាង ​ស្រុកឧដុង្គ ។

ប្រភពបន្តថា ​មុនពេលកើតហេតុ ​នៅម៉ោងប្រមាណ៧យប់ថ្ងៃទី៣១​ ធ្នូ ២០១៥​ ជនរងគ្រោះបានវិលត្រឡប់ពី​ប្រមូលស្រូវដែលទិញ​ពីប្រជាពលរដ្ឋក្នុងភូមិ ​លុះជិះម៉ូតូមក​ដល់​ចំណុចព្រៃក្រោយវត្តអង្រ្គង​ ស្ថិតក្នុងភូមិអង្រ្គង ​ឃុំដំណាក់រំាង ​ក៍លេចមុខជនសង្ស័យពីរនាក់​ ម្នាក់មានកំាភ្លើងខ្លី K59​មួយដើម ​ភ្ជង់អូសចូលព្រៃ​ចាប់ចងប្រមូលយក​សម្ភារ​គ្រឿង​អលង្ការ ​និងលុយដែលនៅជាប់ខ្លួន  និងទារលុយ២ម៉ឺនដុល្លារ ។

សេចក្តីរាយការណ៍​បានបញ្ជាក់ទៀតថា ​លុះពេលជនសង្ស័យទារលុយ ​ជនរងគ្រោះ​ក៍ទូរស័ព្ទ​ឲ្យកូន​យកលុយ២ម៉ឺនដុល្លារមកលោះ ​។ មួយសន្ទុះក្រោយមក ​ជនរងគ្រោះ​ក៍និយាយទៅកាន់ជនសង្ស័យថា ​កូនប្រុសបានយកលុយ​ធ្វើដំណើរមកតាមផ្លូវហើយ ​ហើយ​ជនរងគ្រោះក៍រើចំណង ​រួចរត់ចូលភូមិស្រែកឲ្យប្រជាពលរដ្ឋ​ជួយ​អំឡុងពេល​រត់នោះជនសង្ស័យ​មិនបាញ់សម្លាប់ទេ ​ដោយនិយាយថាអាណិត ​ហើយជនសង្ស័យក៍លាក់កំាភ្លើងក្នុងគុម្ព​ស្មៅរត់គេចខ្លួនបាត់ ​ដោយយកទៅ​ជាមួយសម្ភារ​គ្រឿង​អលង្ការ​និងលុយជនរង​គ្រោះក្នុងនោះមាន​ ៖ ខ្សែ.កផ្លាកទីនទម្ងន់៥ជី​ ខ្សែដៃផ្លាកទីនទម្ងន់១តម្លឹង ​ចិញ្ចៀន១វង់ ​និងលុយ៤៩ម៉ឺនរៀល ។

យ៉ាងណាក៍ដោយ​ប៉ុន្មានម៉ោងក្រោយមក​ជនសង្ស័យ២នាក់ខាងលើ​ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួន​បានតែម្តង ។

សេចក្តីរាយការណ៍បន្តថា ​នៅព្រឹកថ្ងៃទី០១ មករា ២០១៦​ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងរកឃើញកំាភ្លើង​ខ្លីរបស់ជនសង្ស័យ ​និងគ្រាប់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យទំាង២នាក់ ​សមត្ថកិច្ចកំពុងសួរចម្លើយនិង​ឃុំខ្លួននៅក្នុងអធិការដ្ឋាននគរបាលស្រុកឧដុង្គ ​ដើម្បីកសាងសំណុំរឿង​បញ្ជូនបន្តទៅ​សាលា​ដំបូង​ចាត់ការ​តាមច្បាប់៕