​រដ្ឋមន្ត្រី​ព័ត៌មាន នឹង​ចាត់វិធានការ​ក្តៅ ចំពោះ​ស្ថានីយទូរទស្សន៍ បន្ត​បញ្ចាំង​ខ្សែភាពយន្ត​បរទេស នៅក្នុង​ម៉ោង​មាស​

ភ្នំពេញ​: ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ តទៅ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នឹង​ចាត់វិធានការ ការផាកពិន័យ ឬ ការដកហូត អាជ្ញាប័ណ្ណ​តែម្តង ចំពោះ​ស្ថានីយ៍ទូរទស្សន៍​ណា ដែល​នៅ​ចាក់​បន្ត​បញ្ចាំង ខ្សែភាពយន្ត​បរទេស នៅក្នុង​ម៉ោង​មាស គឺ​ចាប់​ម៉ោង ៧ ដល់​ម៉ោង ៩​យប់​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ប្រាប់​អ្នក​សា​ព័ត៌មាន ក្នុង​ពិធីជប់លៀង​អបអរសាទរ ជូន​មន្ត្រីរាជកា អគ្គនាយកដ្ឋាន ទីភ្នាក់ងារ​សា​ព័ត៌មាន​កម្ពុជា នៃ​ក្រសួង​ព័ត៌មាន (AKP) នា​ព្រឹក​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការផ្អាក​មិន​ឲ្យ​មាន ការផ្សាយ​ភាពយន្ត និង​កម្មវិធី​របស់​ប​រទេស​នេះ គឺ​ដើម្បី​ផ្តល់ឱកាស​អនុញ្ញាត ឲ្យ​ភាពយន្ត​កម្មវិធី​ជា​ស្នាដៃ​របស់​ខ្មែរ​សុទ្ធសាធ អាច​ចាក់​បញ្ចាំង​នៅ​ម៉ោង ដែល​ប្រជាពលរដ្ឋ​ខ្មែរ ពេញនិយម​មើល​បាន ក្នុង​គោលដៅ​លើកស្ទួយ វប្បធម៌​ជាតិខ្មែរ​។​

​សូមបញ្ជាក់ថា ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់ ឯកភាព​លើ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ព័ត៌មាន ដែល​ហាម​មិនឱ្យ ចាក់ផ្សាយ​ភាពយន្ត​បរទេស នៅ​ចន្លោះ​ម៉ោង​មាស (​ចាប់ពី​ម៉ោង ១៩ ដល់​ម៉ោង ២១) ប៉ុន្តែ​ម្ចាស់​ស្ថានីយទូរទស្សន៍ មួយចំនួន បាន​សំដែង​ពី​ការព្រួយបារម្ភ ក្នុងការ​បាត់បង់​ចំណូល ហើយ​ទូរទស្សនិកជន នឹង​បែរ​ទៅ​មើល ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​វិញ ។​

​នៅក្នុង​កិច្ចប្រជុំ​រវាង លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន និង​ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ ទីស្តីការក្រសួង​ព័ត៌មាន ដើម្បី​ជម្រាបជូន​ពី ឱសានវាទ​នៃ​ការចាក់ផ្សាយ ភាពយន្ត​បរទេស នៅ​ចន្លោះ​ម៉ោង​មាស (​ចាប់ពី​ម៉ោង ១៩ ដល់​ម៉ោង ២១) នោះ ម្ចាស់​ស្ថានីយទូរទស្សន៍​ទាំងអស់ បាន​ឯកភាព និង​អនុវត្តន៍​តាម សេចក្តីជូនដំណឹង របស់​ក្រសួង​ព័ត៌មាន ដោយ​មិន​ធ្វើការ​ចាក់ផ្សាយ​ភាពយន្ត​បរទេស នៅក្នុង​ម៉ោង​មាស​នេះ​ទៀត​ទេ ហើយនឹង​យក​ភាពយន្ត​ខ្មែរ ឬក៏​កម្មវិធី​ផ្សេងៗ​ដែល ផលិត​ដោយ​ខ្មែរ មកចាក់​ជំនួស​នៅក្នុង​ម៉ោង​មាស​នេះ​វិញ​។​

​ទោះយ៉ាងណា ម្ចាស់​ស្ថានីយទូរទស្សន៍​មួយចំនួន បាន​សំដែង​ពី​ការព្រួយបារម្ភ ក្នុងការ​បាត់បង់​ចំណូល ហើយ ទូរទស្សនិកជន​នឹង​បែរ​ទៅ​មើល​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​វិញ ព្រោះ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍ គេ​មានរឿង​បរទេស​ដែលមាន​គុណភាព និង​ល្អមើល​ជាង​ខ្សែភាពយន្ត​ខ្មែរ ដែល​គុណភាព នៅមានកម្រិត​នៅឡើយ​។​

​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​ទទួលស្គាល់ថា ផលិតករ តាម​បណ្តា​ទូរទស្សន៍​ទាំងអស់ មានការ​លំបាក ក្នុង​ការផលិត​ខ្សែភាពយន្ត ឱ្យបាន​ច្រើន និង​មាន​គុណភាព ប៉ុន្តែ​ក្រសួង​មិនមែន​ឱ្យ គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់នោះ ធ្វើការ​ចាក់ផ្សាយ​តែ​ខ្សែភាពយន្ត​ខ្មែរ តែមួយ​មុខ​នៅក្នុង​ម៉ោង​មាស​នេះ​ទេ ប៉ុន្តែ​អាច​ផលិត ជា​កម្មវិធី​កំសាន្ត​ផ្សេងៗ ដែលជា​ស្នាដៃ​ខ្មែរ សហការ​ជាមួយ​បរទេស ហើយ​ផលិត នៅក្នុង​ស្រុក យកមក​ចាក់​ផ្សាយបាន​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ការដែល​ក្រសួង​ព័ត៌មាន ធ្វើ​ដូច្នេះ ដើម្បី​លើកស្ទួយ​វិស័យ​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិខ្មែរ ហើយក៏​ជា ការឆ្លើយតប​ទៅនឹង មតិ​មហាជន​មួយចំនួន ដែល​បាន​រិះគន់ អំពី​ការចាក់ផ្សាយ​ភាពយន្ត​បរទេស យ៉ាងច្រើន​លើសលប់ តាម​បណ្តា​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​៕V

​រដ្ឋមន្ត្រី​ព័ត៌មាន នឹង​ចាត់វិធានការ​ក្តៅ ចំពោះ​ស្ថានីយទូរទស្សន៍ បន្ត​បញ្ចាំង​ខ្សែភាពយន្ត​បរទេស នៅក្នុង​ម៉ោង​មាស​