ឧកញ៉ា​សឹង្ហ សំអុល កំពុង​សម្រុក​ដឹកឈើ​ប្រណី​តទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ខេត្ត​ត្បូងឃ្មុំ​តាម​អំពើ​ចិត្ត ដោយសារ​មន្ត្រី​ជាច្រើន​ស្ថាប័ន​ទទួល​ប្រាក់​សំណូក​ទម្លាក់ចោល​ការបង្ក្រាប​

​ខេត្ត​ត្បូងឃ្មុំ​៖ ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ប្រភេទ​យី​ឌុប ដែល​អាច​ផ្ទុក​ឈើ​ចាប់ពី ៥០​ទៅ​៦០​ម៉ែត្រគុប និង​មាន​ចំនួន ពី​៣០​ទៅ​៤០​រថយន្ត​បានធ្វើ​ចរាចរណ៍​ចេញពី​ទីតាំង​ក្រុមហ៊ុន​ព្រៃ​សម្បទាន​ប៊ិ​ញ​ហ្វឿ​ក​១ ប៊ិ​ញ​ហ្វឿ​ក​២ របស់​វៀត ណា​ម​ដាំ​កៅស៊ូ ស្ថិតក្នុង​ទឹកដី ស្រុក​កែវ​សី​ម៉ា ខេត្ត​មណ្ឌល​គី​រី ដឹក​យកទៅលក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ជា ច្រើន​ក្នុង​ទឹកដី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បើទោះជា​រថយន្ត​ទាំងនោះ​ផ្ទុក​ឈើ​លើស​ច្បាប់ និង​ប្រភព​ឈើ​ប្រក្រតី​ក៏​គេ​មិនដែល​ឃើញ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​បរិមាណ និង​ប្រភេទ​ឈើ​ជាមួយនឹង​ច្បាប់​ដឹកជញ្ជូន​នោះដែរ ។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បាន​និយាយថា លោក​ឧកញ៉ា​សឹង្ហ សំអុល ទទួលបាន​សិទ្ធិ​ពី​ក្រសួងកសិកម្ម​រុក្ខា ប្រមាញ់ និង​នេសាទ​កាប់​ប្រមូល​អនុផល​ព្រៃឈើ​ចេញពី​ដី​សម្បទាន​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក​១​និង​២ ហើយ​ពួកគេ បាន​អះអាងថា ឈើ​នៅក្នុង​ដី​សម្បទាន​នោះ​កាប់​ស្ទើរតែ​អស់​ទៅហើយ គឺ​នៅសល់​បន្តិចបន្តួច តែប៉ុណ្ណោះ ដើម្បី​ទុក​ធ្វើជា​ខែល​បិទបាំង​ការ​ប្រ​ទិញ​ចូល និង​ការ​លួច​កាប់​ឈើ​ចេញពី​ព្រៃ​សហគមន៍ ព្រៃ​ការពារ​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​មួយចំណែក​ទៀត​កាប់​ចេញពី​ព្រៃ​ដែន​ជ​ម្រ​សត្វព្រៃ​ភ្នំ​ព្រេច​ខុសច្បាប់ ដឹកជញ្ជូន​ចូល​ដី​ក្រុមហ៊ុន​បន្លំ​ជា​ឈើ​មានច្បាប់​តាម​អំពើ​ចិត្តជា​យូរ​ឆ្នាំ​មកហើយ​។​

​ប្រភពពី​កម្មករ​ដែល​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន លោក​ឧកញ៉ា សឹង្ហ សំអុល បាន​ឲ្យ​ដឹងថា សព្វថ្ងៃ​ឈើ​ប្រភេទ​ធ្នង់​និង​សុ​ក្រំ នៅក្នុង​ទីតាំង​ដី​ក្រុមហ៊ុន គេ​កាប់​តែ​ចំនួន​តិចតួច​តែប៉ុណ្ណោះ ដោយ​ភាគច្រើន ឧកញ៉ា សិង្ហ សំអុល ទិញ​ពី ប្រជាពលរដ្ឋ​ដែល​ទៅ​កាប់​ឈើ​របស់​រដ្ឋ​ហើយ​ដឹក​មក​លក់​ក្នុង​ដី​ក្រុមហ៊ុន ការដែល​គេ​ធ្វើបែបនេះ​ដោយសារ​គេ​ចង់​រក្សាទុក​ព្រៃឈើ​ក្នុង​ក្រុមហ៊ុន ដើម្បី​ដឹកជញ្ជូន​បាន​រយៈពេល​យូរ ដោយ​ទាញយក​ផលប្រយោជន៍​បាន​ច្រើន ដោយ​ឧកញ៉ា​រូបនេះ​មិន​ខ្វល់​ពី​ការ​រលាយ​ហិនហោច​ព្រៃឈើ​របស់​រដ្ឋ​ឡើយ​។​

ចំណែកការដឹកជញ្ជូន​វិញ​នោះ​ត្រូវគេ​រាយការណ៍​ថា​ក្នុង​មួយ​រថយន្ត​ផ្ទុក​ឈើ​ពី​៥០​ទៅ​៦០​ម៉ែត្រគុប ច្បាប់​អនុញ្ញាត​ឲ្យ គឺ​ដឹក​តែ​១៨​ម៉ែត្រគុប​តែប៉ុណ្ណោះ ប៉ុន្តែ​ការដឹកឈើ​លើស​ច្បាប់​នេះ​ធ្វើទៅបាន​ដោយសារ ឧកញ៉ា សឹង្ហ សំអុល រៀបចំ​ឲ្យ​មាន​អ្នក​រត់ការ​ម្នាក់ ជា​ប្អូនថ្លៃ​របស់គាត់ ដែលជា​មន្ត្រី​អាវុធហត្ថ​មានឈ្មោះ សាំង សុខុន រៀបចំ​កញ្ចប់​លាភសក្ការៈ​ជូន​ដល់​សមត្ថកិច្ច​គ្រប់​ជំនាញ​ក្នុង​ខេត្តក្រចេះ និង ខេត្ត​ត្បូងឃ្មុំ ដើម្បី​ជួយ​ជ្រោ​ម ជ្រែង​បិទ បាំង​អំពើ​មិន​ស្របច្បាប់​រាប់សិប​ឆ្នាំ​មកហើយ​។​

​ប្រភព​ក៏បាន​ឲ្យ​ដឹងថា ក្នុង​១​រថយន្ត​យី​ឌុប​ភ្លៅ​៥​គ្រាន់ តែ​ខេត្ត ត្បូងឃ្មុំ​រត់ការ​អស់​១៦០០០​ដុល្លារ​ទើប​អាច ឆ្លងកាត់ ទៅ​ប្រទេស​វៀតណាម​បាន​យ៉ាង​រលូន ដោយ​លាភសក្ការៈ​ទាំងនោះ​បាន​រាប់បញ្ចូល​ទាំង​របប​របស់​គយ​ចល័ត អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង មេព្រៃ​ថ្នាក់កណ្តាល​ដែល​ចាត់​តាំងពី​ភ្នំពេញ ហេតុដូច្នេះ​ហើយ​ទើប​ការដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​របស់​ឧកញ៉ា​រូបនោះ​ធ្វើឡើង​បាន​តាម​ទំនើងចិត្ត​រាប់សិប​ឆ្នាំ​មកហើយ​គ្មាន​ការបង្ក្រាប​។ ចំណែក​មន្ត្រី​គ្រាក់ៗ​ថ្នាក់លើ​មាន លោក អុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រួ​ង​កសិកម្ម លោក ឆេង គឹម​ស៊ុន មេ​រដ្ឋបាល​ព្រៃឈើ លោក សាយ សំ​អាល់ ទំនង​បាន សើម​មាត់​សើ​មក ក្នុង​រឿងនេះ​ដែរ​ហើយ​ទើ​សម្ងំ​ឲ្យ​ជើ​ន​។​

​ក្រៅ​អំពី​រថយន្ត​ធំៗ​លោក​ឧកញ៉ា សឹង្ហ សំអុល ក៏មាន​កូនចៅ​ម្នាក់​ឈ្មោះ នី ជា​អ្នកប្រមូល​ទិញ​ឈើ​គ្រញូង និង​ឈើ ធ្នង់​ដែល​ឈ្មួញ​ដឹក​មកពី​ខេត្ត ឧ​ត្ត​រ​មានជ័យ ព្រះវិហារ​ដោយ​ដាក់​ក្នុង​ឃ្លាំង​មួយកន្លែង​នៅក្នុង​ភូមិ​ខ្នង​ក្រពើ ឃុំ​មេមត់ ស្រុក​មេមត់​។ ចំណែក​សមត្ថកិច្ច​ក្នុង​ខេត្ត​ត្បូងឃ្មុំ មិន​ខ្វល់​និង​ការបង្ក្រាប​គឺ​គ្រាន់តែ​ដាក់​កម្លាំង​ចាំ​រាប់​ក្បាល​ឡាន ដើម្បី​ទូទាត់​ប្រាក់​ជាមួយនឹង​លោក សាំង សុខុន​តែប៉ុណ្ណោះ​។ ទោះយ៉ាងណា​មហាជន​អំពាវនាវ​ដល់​អង្គភាព​ប្រឆាំង អំពើពុករលួយ​មេត្តា​ស៊ើបអង្កេត​ចាត់ការ​បោស​អំ​អាត​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ​របស់​មន្ត្រី​ខិលខូច​ទាំងនោះ​៕ កញ្ញា​សុភាព​

KA-01-01-2016-01 KA-01-01-2016-03លោក​ឧកញ៉ា សឹង្ហ សំអុល KA-02-01-2016-02 KA-16-12-2015-01 KA-16-12-2015-02